នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលធនាគារ វីង មានរៀបចំពីធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង (ខេមបូឌា) ម.ក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងវត្តមានចូលរួមពីសមាគមធុរកិច្ច, ថ្នាក់ដឹកនាំធនាគារ វីង មន្ត្រីគយនិងរដ្ឋាករ និងភ្ញៀវកិត្តិយជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ពីការចូលរួមចំណែករបស់ធនាគារ វីង ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការសហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើឱ្យការបង់ពន្ធ និងអាករ ចូលថវិកាជាតិអាចដំណើរការប្រកដោយប្រសិទ្ធភាព។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ គឺជាការបោះជំហានថ្មី ដើម្បីជួយសម្រួលឱ្យប្រតិបត្តិការបង់ពន្ធ- អាករ របស់ធុរជនកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពបន្ថែមទៀត។

ជាមួយគ្នានេះផងដែរ ដើម្បីចូលរួមគាំទ្រដល់បរិយាកាសធុរកិច្ចនៅកម្ពុជា អ្នកឧកញ៉ា ក៏បានប្រកាសអំពីការផ្តល់នូវ “កម្រិតឥណទាន” ដែលមានបរិមាណរហូតដល់ ២០០ លានដុល្លារអាម៉េរិក មិនគិតអត្រាការប្រាក់រហូតដល់ទៅ ៥ថ្ងៃ ដល់ធុរជនដែលបង់ប្រាក់ពន្ធ និងអាករ ជូនអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារ វីង ។
ថ្លែងមតិចំណាប់អារម្មណ៍នៅក្នុងកម្មវិធីនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសរំលេចពីការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការចាប់យកប្រព័ន្ធបច្ចេកវិទ្យាដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការរបស់រដ្ឋបាលគយដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកឯកជន ស្របតាមចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយស្ថាប័នគយឱ្យកាន់តែទំនើប សំដៅរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាបរិយាកាសធុរកិច្ចនៅកម្ពុជា។ ជាក់ស្ដែង មុខងារ e-Payment ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០១៨ មក ត្រូវបានបន្តពង្រីកជាបន្តបន្ទាប់ ដែលគិតមកទល់ពេលនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានធនាគារជាដៃគូចំនួន ១០ស្ថាប័ន ដែលចូលរួមអនុវត្តមុខងារនេះ។

មុខងារ e-Payment អនុញ្ញាតឱ្យធុរជនអាចបង់ពន្ធដោយមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ក៏ដូចជាជៀសវាងការភាន់ច្រឡំចំនួនប្រាក់ពន្ធ និងលេខគណនីធនាគារជាយថាហេតុ។ ឯកឧត្ដមបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណដល់ធនាគារ វីង ដែលមានគំនិតផ្ដួចផ្ដើមឱ្យមានឥណទានជូនដល់ធុរជនសម្រាប់បង់ប្រាក់ពន្ធ និងអាករ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងការសហការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ e-Payment ឱ្យកាន់តែទូលំទូលាយ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង នឹងលើកកម្ពស់កិច្ចសហការក្នុងការជំរុញការប្រើប្រាស់មុខងារ e-Payment ដល់ធុរជន, សហការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសុវត្ថិភាពប្រព័ន្ធ, ក៏ដូចជាបង្កើតឱ្យមានក្រុមការងារបច្ចេកទេស ដើម្បីគាំទ្រ និងដោះស្រាយបញ្ហានានាផងដែរ។
សម្រាប់ធុរជនដែលចង់ជ្រាបព័ត៌មានបន្ថែមអំពី “កម្រិតឥណទាន” សូមទាក់ទងមកការិយាល័យធនាគារ វីង ដោយផ្ទាល់ឬក៏ហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង៕




