ទីស្នាក់ការកណ្តាលធនាគារ វីង បើកដំណើរការឡើងវិញក្រោយកែលម្អរួចរាល់
Daneth MechJUNE 12 2023

ធនាគារ វីង បើកដំណើរការសេវាបម្រើអតិថិជន ឡើងវិញនៅទីស្នាក់ការកណ្តាលដ៏ទំនើបរបស់ខ្លួន ដោយមាននូវការផ្តល់ជូនពិសេសៗទៅដល់អតិថិជន។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជ​កំពុងរីក​ចម្រើន​យ៉ាងឆាប់រហ័សមួយនៅកម្ពុជា​ បានបញ្ចប់ការកែលម្អអគារការិយាល័យកណ្តាលរបស់ខ្លួន ព្រមទាំង​ចាប់ផ្តើមបើកដំណើរការសេវាកម្មបម្រើអតិថិជន​ឡើងវិញ ដោយផ្តល់ជូនសេវាកម្មធនាគារ​ពេញលេញ និងសម្បូរបែប​ជូនដល់អតិថិជន។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ព្រមទាំងគណៈគ្រប់គ្រង​ជាន់ខ្ពស់នៃធនាគារ វីង បានទទួលស្វាគមន៍ដល់ភ្ញៀវកិត្តិយស ក្នុងការអញ្ជើញទស្សនាពីទិដ្ឋភាពការិយាល័យកណ្តាលរបស់ធនាគារ វីង ដែលទើបបាន​ធ្វើការកែលម្អរួចរាល់ជាស្ថាពរនេះផងដែរ។

លោក ហាន​​ ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “ការិយាល័យកណ្តាលរបស់យើងដែលទើបបញ្ចប់ការកែលម្អនេះ បានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដែល​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់យើងចំពោះការផ្តល់សេវាកម្មដ៏ទំនើប​ និងសម្បូរបែប​ទៅដល់អតិថិជន។”

Photo 2023 06 12 15 31 28

Photo 2023 06 12 15 31 07

លោក ហាន​ ប៉េងក្វាង បាន​បន្តថា៖ “យើងខ្ញុំតែងតែ​ខិតខំធ្វើយ៉ាងណាដើម្បីផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងរលូនទៅ​ដល់អតិថិជននៅរាជធានីភ្នំពេញ ​ហើយការកែលម្អឡើងវិញនូវអគារការិយាល័យកណ្តាលដ៏ទំនើបរបស់យើង​ គឺនឹងជួយដល់ការសម្រេចគោលដៅទាំងនោះ។”

ការិយាល័យកណ្តាលរបស់ធនាគារ វីង បានកែល្អថ្មីឡើងវិញដោយមានការរៀបចំនូវចំណតរថយន្តធំទូលាយ កន្លែងរង់ចាំមានផាសុខភាព កន្លែងទទួលទានកាហ្វេដ៏ស្រស់ស្រាយ និងបន្ទប់ប្រជុំ​ត្រូវបានរៀបចំយ៉ាងល្អប្រណីត។ ទាំងអស់នេះសុទ្ធសឹងតែមានការរចនាឡើងដើម្បីផ្តល់ជូននូវឯកជនភាព និងផាសុខភាពទៅដល់អតិថិជន​។ បន្ថែមលើនេះ បុគ្គលិករបស់ធនាគារ វីង ដែលមានជំនាញ និងភាពរួសរាយរាក់ទាក់ ​ បានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់សេវាកម្មធនាគារទៅដល់អតិថិជន ដែលសេវាកម្មទាំងនោះរួមមាន៖  ការបើកគណនីធនាគារ វីង សេវាដាក់ប្រាក់ និងដកប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ សេវា​ឥណទាន បណ្ណឥណទាន និងសេវាហិរញ្ញវត្ថុពាណិជ្ជកម្មជាដើម។

ដើម្បីអបអរសាទរការបើកដំណើរការឡើងវិញនៃសេវាបម្រើអតិថិជនការិយាល័យកណ្តាលរបស់ធនាគារ វីង ក៏នឹងមានការផ្តល់ជូននូវប្រូម៉ូសិនពិសេសផងដែរ។ ចំពោះអតិថិជនដែលដាក់ប្រាក់បញ្ញើចាប់ពី ៥០០ ដុល្លារ​អាមេរិក​ឡើងទៅ​ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែ មិថុនា ឆ្នាំ២០២៣ នឹងទទួលបានអត្រាការប្រាក់រហូតដល់ទៅ ៨ ភាគរយក្នុងមួយឆ្នាំ។ លើសពីនេះ អតិថិជនដែលស្នើបើកកាត​ឥណទាន វីងវីសា គឺមិនគិតថ្លៃសេវា​ប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូងឡើយ​​ ហើយការផ្តល់ជូននេះគឺមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣។​

ការិយាល័យកណ្តាលរបស់ធនាគារ វីង មានទីតាំងស្ថិតនៅ​បឹងត្របែក តាមបណ្តោយមហាវិថីព្រះមុនីវង្ស ដែលជាតំបន់ពាណិជ្ជកម្មស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។ ការិយាល័យកណ្តាលរបស់ធនាគារ វីង បើកបម្រើសេវាកម្មអតិថិជនចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨យប់ នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ហើយសម្រាប់ថ្ងៃចុងសប្តាហ៍គឺបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤​ រសៀល។​

ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់​ពីសម្ពោធ​ជាធនាគារពាណិជ្ជក្នុងខែមីនា ឆ្នាំ ២០២២។ បច្ចុប្បន្ន ធនាគារនេះបាននឹងកំពុងដំណើរការសេវាកម្មរបស់ខ្លួនចំនួន ១៦ សាខា ដែលគ្រប់ដណ្តប់ទូទាំងរាជធានីភ្នំពេញ និង​ខេត្តមួយចំនួនផ្សេងទៀត ក្នុង​នោះក៏រួមមាន៖ ធនាគារ វីង សាខាសៀមរាប ធនាគារ វីង សាខាស្វាយរៀង និងធនាគារ វីង សាខាខេត្តកំពង់ធំ ដែលត្រូវបានដាក់ឲ្យដំណើរការ​នាពេលនេះផងដែរ​។ ទន្ទឹម​គ្នានេះ ធនាគារ វីង បានបង្កើតដៃគូសហការជាច្រើន ជាមួយ​ ១៥០.០០០ អាជីវកម្ម ព្រមទាំងស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោកដូចជា៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential ក្រុមហ៊ុន​UnionPay ក្រុមហ៊ុន​Visa និងក្រុមហ៊ុន Mastercard ជាដើម។ កត្តានេះបានធ្វើឲ្យធនាគារ វីង បង្កើតបានប្រព័ន្ធធនាគារ​ឌីជីថលធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលមាន​សហគ្រាសធុនតូច និងមធ្យមប្រមាណ ៣.០០០សហគ្រាស និង ៦០០អាជីវកម្មកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង នាពេលបច្ចុប្បន្ន។

កាលពីឆ្នាំមុនកន្លងទៅនេះ ការផ្តល់ឥណទាន​របស់ធនាគារ វីង ក៏បានបង្ហាញពីការកើនឡើង រហូតដល់ចំនួន​៤០ ដង ខណៈដែលបច្ចុប្បន្ន ទំហំប្រាក់បញ្ញើ​ កើនរហូតដល់​ប្រមាណ ៥០០ លានដុល្លារ​អាមេរិក។​ ជាមួយគ្នានេះ​ ធនាគារ វីង គ្រោងនឹងពង្រីកវិសាលភាព​សេវាកម្មធនាគាររបស់ខ្លួន ​តាមរយៈការបើកការិយាល័យសាខាថ្មីៗ​ជាច្រើនបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរទៅដល់អតិថិជនទាំងរូបវន្តបុគ្គល និងអាជីវកម្មនានា នៅក្នុងប្រទេសកម្ពុជា៕

Photo 2023 06 12 15 31 23

Photo 2023 06 12 15 31 18

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia