ធនាគារ វីង បន្តគាំទ្រអង្គការស្នាមញញឹមកម្ពុជា ដើម្បីបង្កើតស្នាមញញឹមដល់ជនពិការភាពដែលខ្វះខាត
Daneth MechAPRIL 1 2026

ធនាគារ  វីង ឧបត្ថម្ភ​ថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដល់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ២០២៦ ដើម្បី​បន្តបេសកកម្មវះកាត់ដល់​សមាជិកគ្រួសារមានពិការភាពមុខមាត់​ដោយស្តារឡើងវិញនូវស្នាមញញឹមជាថ្មី។

ធនាគារ វីង បានបរិច្ចាគថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដើម្បីបន្តគាំទ្រដល់បេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា​សម្រាប់ឆ្នាំ ២០២៦ ដែលជាកាយវិការដ៏សប្បុរសក្នុងការចូលរួមគាំទ្រយូរអង្វែងរបស់ធនាគារខ្មែរមួយនេះ សំដៅលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ប្រជាជននៅក្នុងសហគមន៍។

 

5

4

 

បេសកកម្មលើកទី១ ប្រចាំឆ្នាំ ២០២៦នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមីនា នៅខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិមកពីអង្គការ Future Smile China និង BEAM Hong Kong ព្រមទាំងមានការចូលរួមសហការជាមួយក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា​ ដើម្បីផ្តល់ការវះកាត់ជូនដល់អ្នកពិការភាពបបូរមាត់ និងក្រអូមមាត់ឆែប ក៏ដូចជារបួសដោយសារការរលាក និងពិការភាពផ្ទៃមុខផ្សេងៗទៀត។

បើពុំមានការព្យាបាលទាន់ពេលវេលាទេ ផលលំបាកនៃពិការភាពទាំងនេះ អាចប៉ះពាល់ដល់សមត្ថភាពនៃការទទួលទាន ការនិយាយស្តី និងការសិក្សារៀនសូត្រ ខណៈដែលគ្រួសារភាគច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើការព្យាបាលដោយខ្លួនឯងឡើយ។

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖  “នៅពេលដែលយើងអាចជួយសង្គ្រោះស្នាមញញឹមរបស់នរណាម្នាក់បាន នោះមានន័យថាយើងកំពុងផ្តល់ឱកាសឱ្យពួកគេចាប់ផ្តើមជីវិតថ្មីដ៏ស្រស់បំព្រងមួយ ហើយរស់នៅដោយភាពថ្លៃថ្នូរនៅក្នុងសង្គម។

 

1

2

 

យើងខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានរួមដំណើរជាមួយអង្គការស្នាមញញឹមកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌អស់រយៈពេលជាច្រើនឆ្នាំមកកន្លងមកនេះ។ សម្រាប់យើង ភាពរីកចម្រើនពិតប្រាកដ គឺកើតចេញពីសកម្មភាពប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែជួយជំរុញដល់កំណើនហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចូលរួមសកម្មភាពជាប្រចាំ ដើម្បីលើកស្ទួយសុខុមាលភាពសហគមន៍របស់យើងផងដែរ

ក្រោមការឧបត្ថម្ភពីធនាគារ វីង និងដៃគូសហការដទៃទៀត បេសកកម្មក្នុងឆ្នាំនេះត្រូវបានរំពឹងថានឹងអាចជួយព្យាបាលដល់អ្នកជំងឺប្រមាណ ២៥០ នាក់។ សមិទ្ធផលនេះ គឺជាការបន្តនូវបេសកកម្មមនុស្សធម៌ដ៏គួរឱ្យស្ងើចសរសើរមួយ ដែលគិតចាប់តាំងពីឆ្នាំ ២០១៥ មក អង្គការស្នាមញញឹមកម្ពុជា បានកែប្រែជីវិតមនុស្សបានជាង ៥.៨៣៧ នាក់ តាមរយៈការផ្ដល់សេវាព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ ព្រមទាំងការគាំទ្រផ្នែកសង្គមជាបន្តបន្ទាប់ទៀតផង។

 

3

ជាផ្នែកមួយនៃបេសកកម្មនេះផងដែរ ធនាគារ វីង ក៏បានចូលរួមក្នុងកម្មវិធី ដើរដើម្បីស្នាមញញឹម នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ បុគ្គលិកធនាគារ វីង ប្រមាណ ៤០ នាក់ ក៏បានរួមដំណើរជាមួយសមាជិកសហគមន៍ ដើម្បីរៃអង្គាសថវិកា ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការវះកាត់ស្តាឡើងវិញលើផ្ទៃមុខ ដែលសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីវប្បធម៌នៃការស្ម័គ្រចិត្តដ៏រឹងមាំរបស់ធនាគារ វីង និងការជឿជាក់លើកម្លាំងសាមគ្គីភាពរួមគ្នា។

ការប្រគល់ថវិកាឧបត្ថម្ភជាផ្លូវការ បានប្រព្រឹត្តទៅនាឱកាសអាហារសាមគ្គីភាពពេលល្ងាច កាលពីថ្ងៃទី ២២ ខែមីនា នៅសណ្ឋាគារ Empress Angkor Resort and Spa។ កម្មវិធីនេះគឺជាការជួបជុំដ៏មានអត្ថន័យរវាងសប្បុរសជន ក្រុមគ្រូពេទ្យ និងអ្នកគាំទ្រ ដើម្បីរួមគ្នាអបអរសាទរសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា។

អង្គការស្នាមញញឹមកម្ពុជា នៅតែបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ សម្រាប់ក្រុមគ្រួសារដែលត្រូវការជំនួយ អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ ០១២ ៦៥៥ ៧៨៦, ០២៣ ២១១ ៤០៥ ឬ ០៩៦ ៨៤៦ ៦៩៩១។ ជាមួយគ្នានេះ សាធារណជនក៏អាចចូលរួមបរិច្ចាគថវិកាដោយផ្ទាល់តាមរយៈអេប Wing Bank ឬនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស ដោយប្រើប្រាស់លេខកូដទូទាត់ ៩៩២៧ (សម្រាប់ប្រាក់រៀល) និង ៩៩២៨ (សម្រាប់ប្រាក់ដុល្លារ) ដែលថវិកាបរិច្ចាគទាំងអស់ ១០០% នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់បេសកកម្មវះកាត់នេះទាំងស្រុង។

ធនាគារ វីង នៅតែបន្តចូលរួមលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈភាពជាដៃគូរយៈយូរអង្វែង និងគំនិតផ្តួចផ្តើមនៃទំនួលខុសត្រូវសង្គមប្រកបដោយចីរភាព ដើម្បីធានាថាកុមារកម្ពុជាគ្រប់រូបមានឱកាសរស់នៅប្រកបដោយសុខភាពល្អ មានទំនុកចិត្ត និងអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញក្នុងជីវិត៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia