ធនាគារ វីង ចូលរួមជាមួយក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ
Toeuy HongMAY 26 2026

ការប្រារព្ធទិវាក្នុងឆ្នាំនេះ បានផ្តោតលើសារៈសំខាន់នៃការកសាងសេដ្ឋកិច្ចគ្រួសារឱ្យរឹងមាំ ដើម្បីគាំទ្រដល់វិបុលភាព និងសុខសន្តិភាពជាតិ។

ក្នុងស្មារតីប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹងភាពរឹងមាំរបស់គ្រួសារកម្ពុជា ធនាគារ វីង (ខេមបូឌា) ម.ក បានចូលរួមគាំទ្រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ស្របពេលដែលប្រទេសកម្ពុជាបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ក្នុងការកសាងភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ ដែលជំរុញឱ្យមានភាពរុងរឿង ស្ថិរភាព ព្រមទាំងធានាបាននូវសុខសន្តិភាពសម្រាប់ជាតិទាំងមូល។

W3  

ពិធីអបអរសាទរនេះ បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍មូលដ្ឋានសរុបជាង ៤០០ នាក់។

 

ទិវាអន្តរជាតិស្តីពីគ្រួសារ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅកម្ពុជា មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារ ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ប្រធានបទសម្រាប់ឆ្នាំនេះ បានផ្តោតសំខាន់លើការវិនិយោគលើសេដ្ឋកិច្ចគ្រួសារឱ្យមានភាពរឹងមាំ ដែលជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាព និងសន្តិភាពជាតិ។

W 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា​៖​​ “គ្រួសាររឹងមាំ នាំឱ្យប្រទេសជាតិមានស្ថិរភាព។ នៅពេលដែលការគាំទ្រត្រូវបានបញ្ជូនទៅដល់គ្រួសារនីមួយៗប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ពួកគាត់អាចរៀបចំផែនការសម្រាប់អនាគត ដោះស្រាយបញ្ហាប្រឈមនានា និងអាចធានាបានថាកូនៗរបស់ពួកគាត់ នៅតែទទួលបានឱកាសសិក្សារៀនសូត្រ។ យើងខ្ញុំមានកិត្តិយស ដែលបានរួមចំណែកជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារនេះ ហើយធនាគារ វីង នៅតែប្តេជ្ញានៅក្បែរប្រជាពលរដ្ឋកម្ពុជាជានិច្ច តាមរយៈការពង្រីកសេវាហិរញ្ញវត្ថុ និងការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍យើងឱ្យកាន់តែប្រសើរឡើង។”

W4

ក្នុងនាមជាដៃគូយូរអង្វែង និងទទួលបាននូវទំនុកចិត្តពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធនាគារ វីង បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កម្មវិធីជំនួយសង្គមនានា ក្រោមក្របខណ្ឌនៃមូលនិធិជាតិជំនួយសង្គម។ តាមរយៈសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់ ធនាគារ វីង អាចធានាបានថាការគាំទ្រដ៏ចាំបាច់បំផុតទាំងនោះត្រូវបានបញ្ជូនទៅដល់ដៃសហគមន៍ដែលងាយរងគ្រោះបំផុត ប្រកបដោយប្រសិទ្ធភាព និងសេចក្តីថ្លៃថ្នូរ។

 W1

ធនាគារ វីង មានការរីកចម្រើនលឿនបំផុតត្រឹមរយៈដ៏ខ្លីហើយបានស្ថិតក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា។ ការចូលរួមដ៏សកម្មរបស់ធនាគារ វីង ក្នុងកម្មវិធីជំនួយសង្គមជាតិ គឺជាសក្ខីភាពនៃភាពរីកចម្រើនយ៉ាងឆាប់រហ័ស រួមជាមួយនឹងទំនុកចិត្តដ៏រឹងមាំពីសាធារណជន។ តាមរយៈប្រព័ន្ធធនាគារឌីជីថល និងបណ្តាញភ្នាក់ងារ វីង ជាង ១២,០០០ កន្លែងនៅទូទាំងប្រទេស ធនាគារ វីង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយដល់ដៃគ្រួសារងាយរងគ្រោះ ជនចាស់ជរា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ស្ត្រីមានផ្ទៃពោះ កុមារ សិស្សានុសិស្ស រួមទាំងជនភៀសសឹកផងដែរ។ សកម្មភាពទាំងនេះ ពិតជាបានជួយពង្រឹងការគាំពារសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។

 W5

ចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៦ កម្មវិធីទាំងនេះបានគាំទ្រដល់គ្រួសារជាង ៧៦១.០០០ គ្រួសារ, ក្នុងនោះមានមនុស្សចាស់ ៤១៦.០០០ នាក់, ជនមានពិការភាព ៦៥.០០០ នាក់ និងសិស្សានុសិស្សជាង ៤១៤.០០០ នាក់ ដោយមានទឹកប្រាក់បើកផ្តល់សរុបលើសពី ៥២,៥ ប៊ីលានរៀល។ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទាំងនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ដើម្បីចូលរួមជំរុញបរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់របៀបវារៈគាំពារសង្គមជាតិរបស់កម្ពុជា សំដៅកសាងគ្រួសារឱ្យកាន់តែរឹងមាំ និងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia