ធនាគារ វីង និង City Express Money Transfer គាំទ្រ 'សង្រ្កាន្តខ្មែរនៅជប៉ុន'
Daneth MechAPRIL 24 2024

ធនាគារ វីង (ខេមបូឌា) ម.ក សហការជាមួយក្រុមហ៊ុន​ City Express Money Transfer គាំទ្រដល់​ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តខ្មែរនៅប្រទេសជប៉ុន”។

កម្មវិធី​ដ៏អឹកធឹកនេះ​ ត្រូវបានប្រារព្ធ​ឡើងកាលពីថ្ងៃទី៧ ខែមេសា នៅទីក្រុងអូសាកា ដោយ​បានទាក់ទាញអ្នកចូលរួមដែលមានទាំង​ពលករ និងនិស្សិតកម្ពុជាប្រមាណជា ១0.000 នាក់។

ក្នុងចំណោមភ្ញៀវកិត្តិយសសំខាន់ដែលបានអញ្ជើញចូលរួមក៏មាន​វត្តមានរបស់​ឯកឧត្តម ហេង សួរ  រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃកម្ពុជា ឯកឧត្តម Ichisaka Hiroshi តំណាងឯកឧត្តមអភិបាលខេត្តអូសាកានៃប្រទេសជប៉ុន និង​ឯកឧត្តម Nakano Hiromasa សមាជិករដ្ឋសភានៃប្រទេសជប៉ុន។

ព្រឹត្តិការណ៍នេះក៏​មានការសម្តែងរបាំប្រពៃណីដូចជា​៖ របាំជូនពរ របាំត្រុដិ ព្រមទាំងការប្រគុំតន្ត្រីដែលសម្តែងដោយសិល្បករខ្មែរ និងជប៉ុនដ៏​ប៉ិន​ប្រសប់ ដែល​ញ៉ាំ​ង​បរិយាកាសទាំងមូលឲ្យ​ពោរពេញដោយភាពរីករាយ និងការចែក​រំលែក​វប្បធម៌​គ្នា​ទៅវិញទៅមក​​។

Photo 2024 04 24 08 56 46

លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករង​ធនាគារ វីង បានលើកឡើងអំពី​សារៈសំខាន់នៃពិធីបុណ្យចូលឆ្នាំសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសដោយមានប្រសាសន៍ថា៖​ “វាជាឱកាសសម្រាប់ពួកគេក្នុងការផ្សារភ្ជាប់ជាមួយនឹងមរតកវប្បធម៌ ព្រមទាំង​ចែករំលែកវាជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា។”

ធនាគារ វីង រួមជាមួយក្រុមហ៊ុន​ City Express Money Transfer ក៏បង្ហាញពីសេវាកម្មហិរញ្ញវត្ថុឌីជីថលដ៏ពេញនិយម​នៅក្នុងកម្មវិធីនេះដែរ​។ សេវាកម្មទាំងនេះអាចឱ្យប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុនផ្ញើប្រាក់មក​ប្រទេស​កម្ពុជា​បានភ្លាមៗ និងប្រកបដោយសុវត្ថិភាព ដោយធានាថាប្រាក់ចំណូលដែលរកបានដោយ​លំបាក​អាចត្រូវបាន​ផ្ញើ​ទៅដល់មនុស្សជាទីស្រលាញ់របស់ពួកគេដោយគ្មានបញ្ហា​នោះ​អ្វីឡើយ។

Photo 2024 04 24 08 56 45 (2)

Photo 2024 04 24 08 56 45

លោក ឈុន វឌ្ឍនៈភក្តី បាន​មាន​ប្រសាសន៍​បន្ថែមថា៖​ “ប្រជាជនកម្ពុជាជាច្រើន បាន​ប្រកប​ការងារ​ដោយមិនគិតពីការ​នឿយហត់នៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់គ្រួសារនៅស្រុក​កំណើតវិញ។ អាស្រ័យហេតុនេះហើយ ការធានាឱ្យបានថា​ប្រាក់របស់ពួកគាត់​ត្រូវ​ផ្ញើ​ដោយសុវត្ថិភាព និងទាន់ពេលវេលា គឺជាកិច្ចការមួយ​ដែល​សំខាន់ណាស់​។ តាមរយៈ​ភាពជាដៃគូរបស់យើងជាមួយ City Express Money Transfer យើងអាចផ្តល់ជូននូវសេវា​ផ្ទេរប្រាក់មកក្នុង​ស្រុក​វិញ​ដែលអាចទុកចិត្តបាន។” មាន​ប្រជាជនកម្ពុជាចំនួន​ជិត ៣0.000 នាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុនបើ​គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ហើយ​សេវាផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពួកគេឲ្យ​ផ្គត់ផ្គង់គ្រួសារដែល​នៅ​ឆ្ងាយ​ពីគ្នា​។

ធនាគារ វីង មានមោទនភាពក្នុងការ​ចូលរួម​ផ្តល់សិទ្ធិអំណាចដល់សហគមន៍នេះ តាមរយៈផ្តល់ជូននូវជម្រើសសេវា​ផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា​ជារួមផងដែរ​៕

Photo 2024 04 24 08 56 44

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia