នៅប៉ុន្មានថ្ងៃចុងក្រោយនេះហាងឆេងមាសលើទីផ្សារអន្តរជាតិហក់ឡើងខ្លាំងដល់២១៨១ដុល្លារក្នុងមួយអោន( ស្មើនឹង២៦២៧ដុល្លារក្នុងមួយតម្លឹង)ប៉ុន្ដែគិតត្រឹមថ្ងៃនេះបានធ្លាក់ចុះមកវិញបន្តិចមកត្រឹម២១៧៩ដុល្លារក្នុងមួយអោន។
មាសគឺជាទ្រព្យមួយដែលប្រជានជនខ្មែរយើងក៏ដូចជាអ្នកវិនិយោគទូទាំងពិភពលោកចូលចិត្តវិនិយោគ ហើយខាងក្រោមនេះគឺហេតុផលល្អៗដែលមនុស្សមួយចំនួនធំវិនិយោគលើមាស។
១. ធ្វើពិពិធកម្មវិនិយោគ
ពាក្យ” ធ្វើពិពិធកម្មវិនិយោគ” គឺមានន័យថាយកលុយទៅវិនិយោគឲ្យច្រើនកន្លែងក្នុងវិស័យខុសៗគ្នាដើម្បីកាត់បន្ថយហានិភ័យក្នុងការវិនិយោគ។ ជាក់ស្ដែងអំឡុងពេលនេះខណៈសេដ្ឋកិច្ចមិនល្អ អ្នកដែលផ្ដោតលើតែការវិនិយោគលើអចលនទ្រព្យកំពុងមានបញ្ហាពោលគឺពេលខ្វះខាតលុយមកប្រើប្រាស់ ចង់លក់អចលនទ្រព្យក៏លក់មិនចេញព្រោះទីផ្សារអចលនទ្រព្យគាំង។ ដូច្នេះដើម្បីការពារហានិភ័យនិងកាត់បន្ថយហានិភ័យ អ្នកគួរវិនិយោគឲ្យច្រើនកន្លែង។ ឧទាហរណ៍ទោះជាងអ្នកចូលចិត្តវិនិយោគអចលនទ្រព្យក៏គួរយកលុយមួយផ្នែកមកវិនិយោគលើផ្សារហ៊ុន និងហាងឆេងមាសជាដើម។ ការធ្វើបែបនេះអាចកាត់បន្ថយហានិភ័យបានមួយចំនួន តែបើអ្នកយកលុយទាំងអស់ទៅវិនិយោគលើកន្លែងតែមួយនោះហានិភ័យមានខ្ពស់
២. ប្រឆាំងនឹងអតិផរណា
ចាប់តាំងពីដើមឆ្នាំ២០២២ពេលដែលសង្រ្គាមវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមមកបានបង្អាក់ដល់សង្វាក់ផលិតកម្មរបស់ពិភពលោកដែលធ្វើឲ្យទំនិញកាន់តែខ្វះខាតដូច្នេះទំនិញកាន់តែឡើងថ្លៃបង្កជាការកើនឡើងនៃអតិផរណា។ អតិផរណាគឺមានន័យថាទំនិញនិងសេវាកម្មលើទីផ្សារឡើងថ្លៃហើយលុយចុះថោកពោលគឺលុយកាន់តែបាត់បង់តម្លៃ។
ដូច្នេះពេលអតិផរណាកើនឡើង អ្នកទុកលុយជាប់ខ្លួនច្រើនពេកនោះលុយអ្នកនឹងកាន់តែបាត់បង់តម្លៃ។ ក្នុងករណីនេះ អ្នកអាចយកលុយទៅវិនិយោគលើទ្រព្យដែលអាចកើនតម្លៃដើម្បីប្រឆាំនឹងការកើនឡើងអតិផរណា។ ក្នុងនោះដែរមាសគឺត្រូវបានគេចាត់ទុកជារបស់មួយដែលអាចប្រឆាំងនឹងអតិផរណាព្រោះមាសជាទ្រព្យសុវត្ថិភាពនិងជារបស់ដែលអាចរក្សាតម្លៃជាពិសេសពេលស្រុកទេសនិងពិភពលោកមានវិបត្តិមាសតែងតែត្រូវប៉ាន់ជាងគេ។
៣. ងាយស្រួលលក់
នេះអាចជាហេតុផលសំខាន់មួយដែលអ៊ំ ពូមីង និយាយតាចូលចិត្តទិញមាសទុក។ ជាការពិតណាស់នៅក្នុងការរស់នៅយើងតែងតែជួបហេតុការណ៍ផ្សេងៗដែលមិនអាចដឹងមុនហើយហេតុការណ៍ទាំងនោះសុទ្ធតែត្រូវការលុយបន្ទាប់ដូចជាគ្រោះថ្នាក់ផ្សេងៗត្រូវទៅពេទ្យ បាត់បង់ការងារ និងធ្លាក់ខ្លួនឈឺជាច្រើន។
ក្នុងករណីត្រូវការលុយបន្ទាន់តែក្នុងខ្លួនគ្មានលុយ តែបើអ្នកមានមាសទុកនោះគឺអ្នកអាចលក់មាសចេញបានភ្លាមដើម្បីយកលុយមកដោះស្រាយបញ្ហាបានភ្លាមៗ។ ដូច្នេះមាសគឺជារបស់មួយអ្នកគួរវិនិយោគព្រោះវាជាទ្រព្យមួយដែលងាយស្រួលបង្វែរជាសាច់លុយបានលឿនបំផុតជាការវិនិយោគផ្សេងៗទៀត។
៤. ជាក្បួនរក្សាទុកទ្រព្យ
មាសគឺជាទ្រព្យត្រូវបានគេចាត់ទុកជារបស់មួយដែលអាចរក្សាតម្លៃបានល្អជាពិសេសមនុស្សមួយចំនួនវិនិយោគលើមាសព្រោះពួកគាត់ចង់រក្សាទុកទ្រព្យអំឡុងពេលសេដ្ឋកិច្ចមិនល្អ។ ជាស្ដែងពេលសេដ្ឋកិច្ចមានបញ្ហារូបិយប័ណ្ណជាច្រើនបាត់បង់តម្លៃតែផ្ទុយទៅវិញមាសកាន់តែកើនឡើងតម្លៃ។
៥. ការពារពីការខាតបង់ដោយសារបញ្ហាភូមិសាស្រ្តនយោបាយ
ពេលពិភពលលោកមានភាពតានតឹងដោយសារបញ្ហាភូមិសាស្រ្តនយោបាយឬបញ្ហាសេដ្ឋកិច្ច អ្នកវិនិយោគតែងតែងាយចាប់អារម្មណ៍វិនិយោគលើមាសដោយសារមាសគឺជាទ្រព្យសុវត្ថិភាពដែលមនុស្សអាចប្រើប្រាស់ក្នុងការដោះដូរជាមួយរបស់ផ្សេងៗទៀតនៅពេលដែលរូបិយប័ណ្ណអស់តម្លៃ៕