ប្រទេសនីមួយៗនៅលើពិភពលោកសុទ្ធជំពាក់បំណុល គ្រាន់តែទំហំបំណុលដែលជំពាក់គឺខុសៗគ្នាតាមប្រទេសមួយនិងទៅតាមទំហំសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ជាក់ស្ដែងសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចមានទំហំបំណុលជាតិជាង៣១ពាន់ពាន់លានដុល្លារ ចំណែកកម្ពុជាមានទំហំបំណុលដែលជំពាក់បរទេសនិងដៃគូផ្សេងៗមានប្រមាណជិត១០ពាន់លានដុល្លារ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា។
តើបងប្អូនមានដែរឆ្ងល់ទេ ទាំងអាមេរិកនិងកម្ពុជាក៏ដូចជាប្រទេសផ្សេងៗលើពិភពលោកសុទ្ធតែជំពាក់បំណុលគេ ចុះហេតុអ្វីមិនព្រមបោះពុម្ពលុយបន្ថែមដើម្បីយកលុយសងបំណុលគេឯ? ហេតុអ្វីរដ្ឋាភិបាលមិនបោះពុម្ពលុយឲ្យប្រជាជនមានលុយចាយពេញៗដៃ?
តាមពិតរឿងបោះពុម្ពលុយនេះមិនមែនប្រទេសនីមួយៗសុទ្ធតែអាចបោះពុម្ពលុយច្រើនបានតាមចិត្តឡើយ។ សាកស្រមៃទៅមើលបើរដ្ឋាភិបាលប្រទេសមួយអាចបោះពុម្ពលុយតាមចិត្តប្រហែលជាប្រជាជនប្រទេសនោះមិនមែនអ្នកក្រខ្វះខាតលុយចាយឡើយ។
ប្រសិនបើប្រទេសមួយបោះពុម្ពលុយច្រើនពេកចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចនិងដើម្បីបានលុយសងម្ចាស់បំណុលនោះនឹងកើតមានបញ្ហាមួយគឺការកើនឡើងនៃអតិផរណា( inflation)។ ជាក់ស្ដែងបញ្ហាក្ដៅរបស់សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចពិភពលោកគឺកំពុងជួបបញ្ហាអតិផរណាកើនឡើងខ្លាំងរយៈពេល៤០ឆ្នាំ។
អតិផរណាគឺសំដៅដល់ការឡើងថ្លៃនៃទំនិញនិងសេវាកម្មទូទៅលើទីផ្សារ ហើយលុយចុះថោកឬកាន់តែបាត់បង់តម្លៃ។ ឧទាហរណ៍ពីមុនលុយ៤,០០០រៀលអ្នកអាចចាក់សាំបានមួយលីត ប៉ុន្ដែបច្ចុប្បន្នលុយ៤,០០០រៀលដដែលនេះលែងចាក់សាំងមួយលីតបានទៀតហើយ ខណៈសាំងឡើងដល់ជាង៤,១៥០រៀលក្នុងមួយលីតនាពេលបច្ចុប្បន្ន។
ឆ្លើយតបនឹងសំណួរដែលសួរថា” ហេតុអ្វីរដ្ឋាភិបាលមិនព្រមបោះពុម្ពលុយឲ្យប្រជាជនចាយ?” បើយោងតាមការចុះផ្សាយរបស់ Business Standard បានពន្យល់យ៉ាងសាមញ្ញថានៅពេលរដ្ឋាភិបាលប្រទេសមួយបោះពុម្ពក្រដាសប្រាក់កាន់តែច្រើនចាក់ចូលចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជនប្រើប្រាស់វានឹងជួបបញ្ហាអតិផរណាកើនឡើងខ្ពស់ហើយបញ្ហានេះធ្លាប់កើតមាននៅប្រទេសស៊ីមបាវ៉េ ប្រទេសអាល្លឺម៉ង់និងប្រទេសវ៉េណេស៊ុយអេឡាជាដើម។
ជាការពិតណាស់ នៅពេលប្រទេសមួយបោះពុម្ពក្រដាសប្រាក់សម្រាប់ឲ្យប្រជាជនទូទៅចាយវាយវានឹងបង្កទៅជាវិបត្តិសម្រាប់សេដ្ឋកិច្ចក៏ដូចជាប្រជាជនខ្លួនឯងវិញទេ។ ក្នុងចំណុចនេះបងប្អូនសាកគិតទៅមើលនៅក្នុងជីវិភាពរស់នៅរបស់មនុស្ស ពេលមានលុយតិច យើងចាយតាមពិត តែពេលមានលុយកាន់តែច្រើនមនុស្សក៏បង្កើនការចំណាយទៅតាមទឹកលុយរបស់ពួកគាត់។
ដូច្នេះបើរដ្ឋបោះពុម្ពលុយឲ្យប្រជាពលរដ្ឋចាយនោះច្បាស់ណាស់តម្រូវទិញទំនិញឬសេវាកម្មលើទីផ្សារនឹងកើនឡើងខ្លាំងខុសធម្មតាព្រោះ មនុស្សសុទ្ធតែមានលុយចាយពេញៗដៃ អ៊ីចឹងមនុស្សនឹងចាប់ផ្ដើមចំណាយលុយលើតម្រូវការផ្សេងជាជាងការសន្សំលុយ។
នៅក្នុងរូបភាពដូចដែលបានរៀបរាប់ខាងលើនេះ កាលណាសាច់ប្រាក់លើចរន្តសេដ្ឋកិច្ចច្រើនជ្រុល ហើយមនុស្សមានលុយពេញដៃដែលធ្វើឲ្យពួកគាត់បង្កើនការចំណាយ។ បើការបោះពុម្ពលុយច្រើនចាក់លុយប្រព័ន្ធសេដ្ឋកិច្ច តែមិនមានការបង្កើនការផលិតផលិតផលឬសេវាកម្មក្នុងស្រុកទេនោះ វានឹងបង្កទៅជាបញ្ហាអតិផរណាតែម្ដង ពោលគឺប្រជាជនមានលុយច្រើនពិតមែន ប៉ុន្ដែខ្វះខាតការផ្គត់ផ្គង់ទំនិញលើទីផ្សារ ហើយបើកាលណាទំនិញអ្វីមួយលើទីផ្សារខ្វះខាត តែមានមនុស្សជាច្រើនត្រូវការទំនិញមួយនោះ ច្បាស់ណាស់ទំនិញនឹងកាន់តែឡើងថ្លៃជាលំដាប់។
អ៊ីចឹងក្នុងលក្ខខណ្ឌដែលបានលើកឡើងខាងលើនេះ បើរដ្ឋបោះពុម្ពលុយសម្រាប់ប្រជាជនចាយដោយគ្មានការបង្កើនការផលិតផលិតផលទេនោះ ប្រទេសនឹងជួបបញ្ហាខ្វះខាតការផ្គត់ផ្គង់ទំនិញលើទីផ្សារដែលជាហេតុធ្វើឲ្យទំនិញលើទីផ្សារកាន់តែឡើងថ្លៃ ហើយពេលនោះហើយ ប្រជាជននឹងត្រូវការលុយកាន់តែច្រើនដើម្បីចំណាយក្នុងការរស់នៅខណៈទំនិញឬសេវាកម្មលើទីផ្សារកាន់តែឡើងថ្លៃ។
ជាលទ្ធផល ការបោះពុម្ពក្រដាសប្រាក់កាន់ច្រើនតែមិនបង្កើនការផលិត នឹងធ្វើឲ្យទំនិញកាន់តែឡើងថ្លៃធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនខណៈទំនិញកាន់តែឡើងថ្លៃ ដូច្នេះពួកគាត់ត្រូវចំណាយលុយកាន់តែច្រើនជាងមុនសម្រាប់ការរស់នៅ ជាក់ស្ដែងមនុស្សជាច្រើនតែងតែរអ៊ូរឿងប្រេងសាំងឡើងថ្លៃជាលំដាប់៕


