គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ (AMK) មានប្រភពដើមមកពីផ្នែកសន្សំនិងឥណទាននៃការងារអភិវឌ្ឍន៍សហគមន៍របស់អង្គការ Concern Worldwide នៅកម្ពុជាចាប់ពីឆ្នាំ ១៩៩៣ តែបានក្លាយជាកម្មវិធីអនុវត្តដោយផ្ទាល់នៅឆ្នាំ ១៩៩៩។ បន្ទាប់ពីបទបញ្ញត្តិមីក្រូហិរញ្ញវត្ថុកម្ពុជា អេអឹមខេ បានក្លាយជាក្រុមហ៊ុនដាច់ដោយឡែកមួយនិងទទួលបានអាជ្ញាប័ណ្ណពី ធនាគារកណ្តាលកម្ពុជាក្នុងឆ្នាំ ២០០៤ ។
ចុះតើប្រិយមិត្តដឹងទេថាតើនរណាជាអ្នកដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ? ហើយតើលោកមានប្រវត្តិសិក្សានិងការងារអ្វីខ្លះ?
លោក គា បូរាណ ត្រូវបានតែងតាំងជានាយកប្រតិបត្តិ អេអឹមខេ ក្នុងឆ្នាំ ២០១២។ លោកបានបម្រើការងារជាមួយ អេអឹមខេ អស់រយៈពេលជាង ១០ ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ ក្នុងតួនាទីផ្សេងៗគ្នានិងបានកាន់តួនាទីជាអ្នកដឹកនាំជាច្រើនក្នុងការអភិវឌ្ឍន៍ស្ថាប័នដូចជានាយកហិរញ្ញវត្ថុ CFO និងអនុប្រធាននាយកប្រតិបត្តិ។ មុនពេលចូលបម្រើការងារនៅ អេអឹមខេ លោកបានបម្រើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងនាមជានាយកហិរញ្ញវត្ថុ។ លោកទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។ ក្នុងនោះលោកបានទទួលសញ្ញាប័ត្រ ACCA (សមាគមគណនេយ្យករជំនាញ) ដោយទទួលស្គាល់ជាសមាជិក ACCA ក្នុងឆ្នាំ ២០០៨ ផងដែរ។
យ៉ាងណាមិញ ចំពោះចក្ខុវិស័យរយៈពេលវែងរបស់ អេអឹមខេ គឺស្ថិតនៅក្នុងសង្គមកម្ពុជាមួយដែលប្រជាពលរដ្ឋមានសេដ្ឋកិច្ចនិងសង្គមស្មើភាពនិងគ្រប់គ្រាន់ដើម្បីកែលំអកម្រិតជីវភាពរបស់ពួកគេនិងជាកន្លែងដែលពួកគេអាចចូលរួមចំណែកប្រកបដោយភាពជឿនលឿនឆ្ពោះទៅរកការអភិវឌ្ឍប្រទេសទាំងមូល។ ចំណែកឯ បេសកកម្មរបស់ អេអឹមខេ គឺដើម្បីជួយដល់ប្រជាជនក្រីក្រមួយចំនួនធំ ដើម្បីកែលម្អជំរើសក្នុងការរស់នៅរបស់ពួកគេតាមរយៈការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុសមស្របនិងឋិតឋេរ។
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
Telegram: 0964997366