ចាប់ពីពេលនេះទៅ ចំពោះលោកអ្នកដែលមានបំណងចង់ទៅធ្វើលិខិតឆ្លងដែនថ្មី តែមិនដឹងថាពេលទៅធ្វើគេយកឯកសារអ្វីខ្លះ ពេលនេះលែងពិបាកទៀតហើយ ដោយសារតែកាលពីពេលថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផុសនៅលើផេកផ្លូវការរបស់លោក អំពីឯកសារដែលត្រូវយកទៅពេលទៅធ្វើលិខិតឆ្លងដែន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបង្ហោះថា “ឯកសារភ្ជាប់សម្រាប់ធ្វើលិខិតឆ្លងដែន មានតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាពមួយក៏បាន ឬត្រូវមានសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារក៏បានដែរ” ។
ជាមួយគ្នានោះដែរ ចំពោះ តម្លៃ និងរយៈពេលអតិបរមាសម្រាប់ការផ្តល់សេវា (ថ្ងៃធ្វើការ) សម្រាប់មនុស្សចាស់ មានសុពលភាព ១០ឆ្នាំ ដែលមានសេវាធម្មតា តម្លៃ ១០០$ រយៈពេលធ្វើ ១៥ថ្ងៃនៃថ្ងៃធ្វើការ ឬសេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការនិងសេវាឆាប់រហ័ស តម្លៃ ២០០$ រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការផងដែរ។
សូមបញ្ជាក់ថា ទីតាំងផ្តល់សេវាគឺនៅនាយកដ្ឋានលិខិតឆ្លងដែន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬសាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២ នឹងសាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕
អត្ថបទ៖ ធី ស្រីល័ក្ខ