វិនិយោគភាគហ៊ុន ចង់ចំណេញរយៈពេលវែង អ្នកជំនាញបង្ហើបរឿង៤អ្នកត្រូវមើលមុននឹងទិញហ៊ុនណា១
Toeuy HongMARCH 23 20231.7 K views

ផ្សារភាគហ៊ុនគឺជាកន្លែងមួយដែលពលរដ្ឋខ្មែរ អាចយកលុយដែលសល់ មិនទាន់ដឹងថាយកធ្វើអ្វី មកវិនិយោគផ្សារភាគហ៊ុនព្រោះការវិនិយោគលើផ្សារហ៊ុនគឺជួយឲ្យពួកគាត់បង្កើតចំណូលបន្ថែមពោលគឺវិនិយោគហ៊ុន ដើរលេងក៏បានចំណូល ដេកលក់ក៏លុយហូរចូល។

ទាក់ទងនឹងការវិនិយោគលើភាគហ៊ុននេះដែរ លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន RHB Securities បានបង្ហើបនូវរឿងមួយចំនួនដែលអ្នកមើល មុននឹងវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនណាមួយដើម្បីវិនិយោគទៅអាចបានផលចំណេញរយៈពេលវែង។

. វិភាគលើក្រុមហ៊ុន

ត្រង់នេះលោកបានបង្ហើបថា អ្នកវិនិយោគត្រូវចេះមើលថាតើក្រុមហ៊ុនដែលអ្នកបម្រុងនឹងវិនិយោគនោះមានគ្រឹះរឹងមាំឬអត់។ ហើយដើម្បីដឹងថាក្រុមហ៊ុននោះមានគ្រឹះរឹងមាំគឺយើងត្រូវដឹងថាតើក្រុមហ៊ុននោះរកស៊ីរយៈពេលប៉ុន្មានឆ្នាំ ហើយការរកស៊ីរបស់គាត់មានការកើនឡើងរីកចម្រើនឬអត់។ ព័ត៌មាននៃប្រវត្តិរកស៊ីរបស់ក្រុមហ៊ុន អ្នកវិនិយោគអាចរកមើលបាននៅលើវេបសាយរបស់ផ្សារមូលបត្រកម្ពុជា។

. វិភាគលើអនាគតក្រុមហ៊ុន  

ក្រៅពីមើលទៅលើគ្រឹះរបស់ក្រុមហ៊ុន អ្នកអាចមើលទៅលើអនាគតរបស់ក្រុមហ៊ុនថាតើក្រុមហ៊ុននោះស្ថិតក្នុងវិស័យអ្វី ហើយវិស័យនោះនឹងបន្តរីកចម្រើនទៅមុខឬអត់ឬបន្តឈរជាងលើទីផ្សារឬអត់។ ត្រូវចាំថាបើចង់ចំណេញច្រើននិងចំណេញរយៈពេលវែង  ការជ្រើសរើសក្រុមហ៊ុនដែលមានឱកាសរីកចម្រើនទៅមុខគឺជារឿងសំខាន់ដែលអ្នកត្រូវធ្វើ។

. ក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុន

 ក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនគឺពិតជាសំខាន់ ដូច្នេះជាអ្នកវិនិយោគ អ្នកត្រូវមើលទៅលើក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនថាតើក្រុមហ៊ុននោះ សមត្ថភាពអ្នកគ្រប់គ្រង សមត្ថភាពម្ចាស់ភាគហ៊ុនធំនោះមានសមត្ថភាពក្នុងការបន្តពង្រីកអាជីវកម្មទៅមុខឬអត់។ ត្រង់នេះបើក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនមានសក្តានុពល មានសមត្ថភាពខ្លាំងនោះភាគហ៊ុននឹងកាន់តែឡើងថ្លៃ ភាគលាភរបស់អ្នកកាន់តែកើនឡើងរាល់ឆ្នាំ។

. ការប្រកួតប្រជែងលើទីផ្សារ

ជាធម្មតាអាជីវកម្មតែងតែមានការប្រកួតប្រជែងនៅលើទីផ្សារ ដូច្នេះមុននឹងអ្នកវិនិយោគទិញហ៊ុនណាមួយ អ្នកត្រូវមើលថាតើក្រុមហ៊ុននោះមានការប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងបានខ្លាំងឬអត់ពោលគឺបើធៀបនឹងដៃគូប្រកួតប្រជែងតើក្រុមហ៊ុននោះមានចំណុចខ្លាំងនិងចំណុចខ្សោយអ្វីខ្លះ។

សរុបមក លោក អ៊ីវ រ៉ាណ្ណារិទ្ធសង្ខេបថាបើអ្នកអាចវិភាគនូវចំណុចដែលបានរៀបរាប់ខាងលើនោះអ្នកអាចមានជាគំនិតរួមខ្លះថាតើគួរវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនមួយណា។ ត្រង់នេះលោកក៏បានបង្ហើបផងដែរថាបើអ្នកមានចំណេះដឹងហិរញ្ញវត្ថុស៊ីជម្រៅ អ្នកអាចវិភាគទៅលើព័ត៌មានហិរញ្ញវត្ថុ កម្រិតប្រាក់ចំណេញ ឬកំណើនលម្អិតរបស់ក្រុមហ៊ុនថែមទៀត។ យ៉ាងណាមិញលោកថាជួលកាលយើងមិនចាំបាច់មើលដល់រឿងទាំងនោះពេកទេ សំខាន់អនុវត្តន៍ហើយរៀនបណ្ដើរៗនោះអ្នកនឹងកាន់តែយល់ដឹងច្បាស់។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន RHB Securities គឺជាក្រុមហ៊ុនមូលបត្រ( Broker) និងជាក្រុមហ៊ុនដែលរៀបចំពីដំណើរការឲ្យក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី ឡើងផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈដល់ប្រជាជនកម្ពុជា។ ចង់ស្វែងយល់ពីការវិនិយោគហ៊ុននិងទិញហ៊ុនអ្នកឧញ៉ា គួច ម៉េងលី អាចទាក់ទងទៅRHB Securities តាមតេឡេក្រាម https://t.me/rhbsec

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia