ការលាងលុយកខ្វក់គឺជាដំណើរការខុសច្បាប់នៃការបិទបាំងប្រភពដើមនៃប្រាក់ដែលទទួលបានតាមរយៈសកម្មភាពឧក្រិដ្ឋកម្ម។ ជាធម្មតា អ្នកលាងលុយនឹងបិទបាំងប្រភពដើមនៃលុយទាំងនោះដោយឆ្លងកាត់ធនាគារផ្សេងៗ និងអាជីវកម្មស្របច្បាប់ជាដើម។
ប្រភពពីគេហទំព័រ Britton & Time បានឱ្យដឹងថា អ្នកលាងលុយ ប្រើវិធីសាស្រ្តយ៉ាងទូលំទូលាយ ដើម្បីធ្វើឱ្យលុយមានប្រភពខុសច្បាប់ ប្រែក្លាយជាលុយដែលស្អាត។ តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញបានសង្កេតឃើញថា ជាទូទៅអ្នកលាងលុយកខ្វក់ តែងតែប្រើប្រាស់នូវការអនុវត្តតាម ៣ដំណាក់កាលធំៗ។
ទី១. Placement៖ ដំណាក់កាលទី១នេះ គឺគេយក លុយកខ្វក់ ដែលបានមកពីសកម្មភាពខុសច្បាប់ ដាក់បញ្ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់។ ជាទូទៅការលាងលុយ អាចជាការដាក់មូលនិធិនៅក្នុងគណនីធនាគារដើម្បីចាប់ផ្តើមដំណើរការសម្អាត។ ឧទាហរណ៍ផ្សេងទៀតនៃការលាងលុយ អាចមានដូចជាការប្រើប្រាស់លុយដើម្បីសងបំណុល ការបំប្លែងសាច់ប្រាក់ទៅជាកាក់នៅក្នុងកាស៊ីណូ ឬការក្លែងបន្លំវិក្កយបត្រនៅក្នុងអាជីវកម្មស្របច្បាប់ជាដើម។
ទី២. Layering៖ ដំណាក់កាលទី 2 នៃការលាងលុយកខ្វក់ គឺគេអាចជ្រើសរើសការលាយលុយកខ្វក់ចូលទៅក្នុងលុយស្របច្បាប់។ ជាទូទៅគេយកលុយទាំងនោះ ទៅទិញអចលនទ្រព្យ ឬវត្ថុដែលមានតម្លៃថ្លៃជាលុយសុទ្ធ ឬវត្ថុសិល្បៈដែលមានតម្លៃថ្លៃៗខ្លាំង តាមរយៈការទៅទិញផ្ទាល់ឬ ការដេញថ្លៃជាដើម។
ទី៣. Integration៖ ក្រោយពីដំណាក់កាលទាំងពីរខាងលើបានបញ្ចប់ ជំហានចុងក្រោយគឺអ្នកលាងលុយកខ្វក់ ធ្វើការប្រមូលរបស់ទ្រព្យដែលគេទិញបានពីលុយកខ្វក់ទាំងអស់នោះ យកទៅលក់វិញ បន្ទាប់មកសាច់ប្រាក់ដែលបានពីការលក់គឺជាលុយស្របច្បាប់ ដែលគេអាចយកទៅប្រើប្រាស់ទូទៅបានធម្មតាវិញតែម្ដង។
សូមជម្រាបផងដែរថា ការលាងលុយកខ្វក់ គឺជាដំណើរការដ៏ស្មុគស្មាញមួយ ដែលមានគោលបំណងបិទបាំងប្រភពនៃប្រាក់ដែលបានមកពីសកម្មភាពខុសច្បាប់។ តាមច្បាប់ ការលាងលុយត្រូវបានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ហើយក្នុងកាលៈទេសៈធ្ងន់ធ្ងរ អាចប្រឈមនឹងការជាប់ពន្ធនាគារ ១៤ ឆ្នាំ និងពិន័យជាប្រាក់មិនកំណត់៕