ចង់រៀន Business? ជំនាញ១នេះរៀនអ្វីខ្លះ? រៀនចប់ធ្វើការអ្វីបានខ្លះ រកស៊ីអ្វីបានខ្លះ?
Kan DaraJANUARY 20 20234.7 K views

ពិភពលោកកាន់តែជឿនលឿន យុវជនកាន់តែមានមហិច្ឆតាធំ អ្នកខ្លះមានក្តីស្រមៃចង់ក្លាយជាសហគ្រិនវ័យក្មេង អ្នករកស៊ីជោគជ័យឬបង្កើតក្រុមហ៊ុនខ្លួនឯង។ អាស្រ័យហេតុនេះមានយុវជនជាច្រើនតែងតែគិតថារៀនចប់វិទ្យាល័យ គួរបន្តចូលរៀនថ្នាក់មហាវិទ្យាល័យ ជ្រើសរើសជំនាញBusiness ដែរឬយ៉ាងណា ដើម្បីអាចក្លាយជាអ្នកជំនួញស្រីប្រុស។

ចំពោះពាក្យ Business គឺទូលំទូលាយព្រោះមានកត្តារួមបញ្ចូលពាក់ព័ន្ធគ្នាដូចសំបុកពីងពាង។ ការពិតទៅជំនាញល្បីៗជាច្រើនដូចជា ទីផ្សារ ការគ្រប់គ្រង ជំនាញលក់ ជំនាញគណនេយ្យ ជំនាញធនាគារនិងហិរញ្ញវត្ថុ...គឺសុទ្ធសឹងតែអាចរាប់ចូលថាជាជំនាញ Business ផងដែរ។

ដោយឡែកថ្ងៃនេះយើងសូមលើកយក មុខជំនាញ Business administration​ ( ជំនាញគ្រប់គ្រងធុរកិច្ច ) គឺជាជំនាញក្នុងការគ្រប់គ្រងសហគ្រាសពាណិជ្ជកម្ម ដែលរួមបញ្ចូលនូវជំនាញសំខាន់ៗគ្រប់ផ្នែក ទាំងអស់ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងស្ថាប័ន ឬដឹកនាំអាជីវកម្មឱ្យបានល្អបំផុត។ ​

យ៉ាងណាមិញជំនាញមួយនេះគឺសិក្សាគ្របដណ្តប់ទៅលើគ្រប់វិស័យទាំងអស់ក្នុងក្រុមហ៊ុនទាំងមូល ដូចជាការគ្រប់គ្រង ប្រតិបត្តិការសំខាន់ៗក្នុងការគ្រប់គ្រងអាជីវកម្មមួយ គណនេយ្យ ហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស ការលក់និងរបៀបធ្វើទីផ្សារ ផែនការអាជីវកម្ម អ្នកគ្រប់គ្រងទិន្នន័យ អ្នកគ្រប់គ្រងលើការវិភាគជាដើម ឬប្រធានផ្នែកណាមួយជាដើម។

ដូចគ្នានេះដែរសម្រាប់អ្នករៀនចប់ថ្នាក់បរិញ្ញបត្រមុខជំនាញនេះគឺប្រើរយៈពេល៤ឆ្នាំ ហើយអាចបម្រើការងារបានជាច្រើនផ្នែកឱ្យក្រុមហ៊ុន រោងចក្រសហគ្រាសនានា ទៅលើផ្នែកណាមួយ ដោយផ្អែកលើលក្ខខណ្ឌ នៃតម្រូវការរបស់ក្រុមហ៊ុន និងអ្វីដែលអ្នកគិតថាខ្លួនមានជំនាញ មានចំណូលចិត្តលើវាបំផុត។  ម្យ៉ាងវិញទៀតស​ម្រាប់មុខជំនាញនេះផងដែរ គឺអាចយកទៅ បង្កើតអាជីវកម្មថ្មីក្នុងនាមជាសហគ្រិន គ្រប់គ្រងអាជីវកម្មរៀបចំផែនការមេក្នុងនាមជានាយកប្រតិបត្តិ ធ្វើប្រតិបត្តិការគ្រប់គ្រងសម្រាប់ដឹកនាំបុគ្គលិក ចំណូលចំណាយ យុទ្ធសាស្រ្តរៀបចំទីផ្សារលក់និងវិភាគអនាគតអាជីវកម្មជាដើម។ ចំពោះប្រភេទអាជីវកម្មដែលសិស្សនិស្សិតរៀនចប់ អាចរកស៊ីលើជំនួញណាមួយដែលខ្លួនស្រលាញ់ចូលចិត្ត ខ្លួនមានជំនាញ មានទេពកោសល្យ ឬជំនួញដែលមានតម្រូវការខ្លាំង ឱកាសធំក្នុងទីផ្សារផងដែរ។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ាដែលជាស្ថាបនិកអគ្គនាយកសាលារៀន​ AIS និងជាអ្នកសាបព្រួសវិស័យអប់រំដ៏ល្បីល្បាញមួយរូបនៅកម្ពុជា តែងតែផ្តល់អនុសាសន៍ជារឿយៗដល់ប្អូនៗដែលមានវ័យ២០ ទើបប្រលងបាក់ឌុបចប់ គួប្បីជ្រើសរើសជំនាញណាមួយដែលខ្លួនពិតជាស្រលាញ់ ត្រូវជៀសវាងឱ្យបាននូវ ការរៀនជំនាញតាមការបង្ខំរបស់ឪពុកម្ដាយ ឬរៀនតាមមិត្តភក្តិអ្វីជាដើម ព្រោះជំនាញអ្វីក៏ដោយបើយើងមិនស្រឡាញ់ហើយ រៀនពិបាកនឹងទៅមុខឱ្យទាន់គេណាស់។

បន្ថែមពីនោះ អ្នកឧកញ៉ាក៏បានលើកទឹកចិត្តថា បើសិនជាចង់ក្លាយជាអ្នករកស៊ី បើសិនជាអាចគួរតែចាប់យកជំនាញឯកទេសណាមួយឱ្យច្បាស់ក៏បាន ព្រោះបើរៀនចប់ជំនាញ Business អាចនឹងទូលំទូលាយពេក រៀនចប់អាចនឹងមិនមិនច្បាស់ថាខ្លួនមានជំនាញឯកទេសណាមួយច្បាស់លាស់ក៏ថាបាន។ ផ្ទុយទៅវិញ បើសិនចាប់យកជំនាញបច្ចេកទេសណាមួយច្បាស់ នោះគំនិតអាជីវកម្មអាចនឹងមកតាមក្រោយ ហើយគាត់ក៏អាចនឹងក្លាយជាអ្នករកស៊ីដ៏រឹងមាំម្នាក់ផងដែរ៕

អត្ថបទដោយ៖​ ពីង​ ជូអេង​

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia