មានគោលដៅជីវិត ចង់ល្អចង់ពូកែ ប៉ុន្តែបើមិនបោះចោល របស់៣នេះទេ អ្នកគ្មានថ្ងៃសម្រេចបំណងឡើយ
Ping Chou EngJUNE 1 2025140 views

មនុស្សជាច្រើនតែងមានគោលដៅជីវិត ចង់ជោគជ័យលើផ្នែកណាមួយក្នុងជីវិតរបស់ពួកគេ ប៉ុន្តែក៏មានមនុស្សច្រើនណាស់ដែលបានបរាជ័យលើគោលបំណងទាំងនោះ សូម្បីតែការគិតអំពីគម្រោងតូចមួយ សម្រាប់ធ្វើដំណើរកម្សាន្តចុងសប្តាហ៍ក្តី។

យ៉ាងណាមិញទោះជាយើងមានគោលដៅគ្រប់ជ្រុងជ្រោយហើយក៏ដោយ​ តែបើមិនបោះបង់ផ្នត់គំនិត៣យ៉ាងនេះចោលទេ អ្នកគ្មានថ្ងៃសម្រេចបំណងតូចធំទាំងនោះប្រកបដោយក្តីសុខនិងភាពពេញលេញឡើយ។

.  ការជាប់ជំពាក់នឹងលទ្ធផលខាងក្រៅខ្លួន៖ អ្វីៗក្នុងលោកនេះកម្រដើរទៅមុខរលូនតាមគម្រោងការណាស់ ដូច្នេះចូររៀនបោះបង់ចោលការរំពឹងទុកខ្លាំង មុនពេលចាប់ផ្តើមកិច្ចការអ្វីមួយ ដើម្បីដោះលែងខ្លួនឯងពីការខកចិត្ត និងគំនិតដែលចង់បោះបង់គោលដៅ​។

ហេតុនេះនៅពេលចង់ធ្វើអ្វីមួយបើអ្នកយល់ថាវាត្រឹមត្រូវ ចូរចាប់ផ្តើមធ្វើភ្លាម កុំចងផ្អោបខ្លួនឯងនឹងលទ្ធផលខាងក្រៅពេក ព្រោះថានៅពេលដែលយើងរំពឹងទុកមុន អំពីលទ្ធផលមុនចាប់ផ្តើមធ្វើគោលដៅទេនោះ យើងពិតជាមិនបានផ្តោតអារម្មណ៍លើដំណើរការការងារទេ។ 

. ការគិតអវិជ្ជមានដាក់ខ្លួនឯង៖ តើអ្នក​ធ្លាប់​ឭសំឡេង​ពីខាងក្នុង​​ប្រាប់​ខ្លួនឯង ជានិច្ច​ថា​យើង​មិន​ពូកែ​គ្រប់គ្រាន់ ឆ្លាត​គ្រប់គ្រាន់ ឬ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​សម្រេច​គោលដៅមួយនោះទេ។

ខណៈនេះគឺ​ជា​ទម្លាប់​នៃ​ការ​គិតអវិជ្ជមានលើខ្លួនឯង វាជាឃាតករសម្លាប់ទឹកចិត្តរបស់អ្នកហើយគំនិតនេះជាអ្នកមានអំណាចលើអ្នកជាងអ្វីៗទាំងអស់។ ដូច្នេះដើម្បីបោះចោលការគិតអវិជ្ជមានដាក់ខ្លួនឯង ចូលរំលឹកអំពីស្នាដៃ ជំនាញ និងសមត្ថភាពពិសេសរបស់ខ្លួនឯងជារឿយៗ ទើបអ្នកអាចដើរទៅមុខបន្តតាមគោលដៅ ដោយការជំរុញចិត្ត។​

. គំនិតដែលមានភាពល្អឥតខ្ចោះ៖ យើងប្រាកដជាធ្លាប់ចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើរឿងតូចបំផុតមួយឱ្យល្អឥតខ្ចោះតាមអ្វីដែលយើងចង់បាន។ ប៉ុន្តែការព្យាយាមធ្វើកិច្ចការងារ ល្អឥតខ្ចោះនេះគឺហត់នឿយ ព្រោះភាពល្អឥតខ្ចោះគឺជាដាវមុខពីរ។

ម្ខាងនៃភាពល្អឥតខ្ចោះវាអាចជំរុញឱ្យយើងផលិតការងារដែលមានគុណភាពខ្ពស់។ ឯម្ខាងទៀតវា​អាច​នាំឱ្យ​អស់កម្លាំង មាន​អារម្មណ៍​មិន​គ្រប់​គ្រាន់ និងមិនចង់ចាប់ផ្តើមធ្វើកិច្ចការងារហើយពន្យារពេល ចាំនេះចាំនោះ។ ដូច្នេះដើម្បីសម្រេចគោលដៅរបស់អ្នកចូរបំភ្លេចចោលភាពល្អឥតខ្ចោះដែលជាតួអង្គកុហកអ្នក ហើយងាកមកចាប់ផ្តើមធ្វើកិច្ចការងារ ដោយចាប់ផ្តើមពីអ្វីដែលអ្នកកំពុងមាន​ស្រាប់។

ពិតណាស់ជីវិតរបស់យើង គឺជាប់​ពាក់ព័ន្ធ​នឹង​ជម្រើសនៃការគិតរបស់យើង។ ជួនកាលការជ្រើសរើសទាំងនោះ យើងធ្វើដោយដឹងខ្លួននិងដោយមិនដឹងខ្លួន ដែលវាបានបង្កើតជាទម្លាប់ ចូលមកកំណត់ជីវិតរបស់យើង។ ដូច្នេះចូរបោះចោលផ្នត់គំនិតអវិជ្ជមានចោលទាំងអស់ បើមិនដូច្នេះទេទោះយើងមានគោលដៅកំណត់រួចច្បាស់លាស់យ៉ាងណាក៏យើងគ្មានថ្ងៃសម្រេចបំណងឡើយ៕​

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia