ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ បានប្រកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅឱ្យ បានជ្រាបថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នឹងអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងប្រកបការងារ ឬមុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី ខេត្ត នៃលំនៅឋានអចិន្រ្តៃយ៍របស់ខ្លួន។
បើតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចទៅស្នើសុំធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្តណាមួយក៏បាន ដោយពុំចាំបាច់ត្រឡប់ទៅលំនៅឋានដើមឡើយ។ ឧទាហរណ៍៖ ប្រជាពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តរតនគិរី ហើយបានទៅប្រកបការងារនៅខេត្តព្រៃវែង អាចស្នើសុំ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបាន។
ជាមួយគ្នានោះដែរ ចំពោះលក្ខខណ្ឌ និងឯកសារភ្ជាប់ផ្សេងៗ សម្រាប់ពលរដ្ឋខ្មែរទូទៅ (មិនមែនចំណាកស្រុក) និងពលរដ្ឋខ្មែរ ចំណាកស្រុក មានដូចខាងក្រោម៖
១. សម្រាប់ពលរដ្ឋខ្មែរចំណាកស្រុក អាចស្នើសុំនៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឬនៅទីស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ ឬក្នុងផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ ឬនៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ក. ចំពោះប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលមានអាយុ ១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរប្រើប្រាស់ ត្រូវភ្ជាប់មកជាមួយនូវ៖
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
- ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ)។
ខ. ចំពោះប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់ សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ។
គ. ចំពោះការស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបាត់បង់ ឬខូចខាត៖
- ករណីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលបាត់បង់ ត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្ដឹងអំពីការ បាត់បង់
- ករណីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលខូចខាត ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរដែលខូចខាតនោះមកជាមួយ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ សូមមេត្តារួសរាន់ទៅបំពេញបែបបទស្នើសុំប្តូរអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ចៀសវាងការប្រើប្រាស់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព (មិនអាចប្រើប្រាស់បាន)៕




