ដំណឹងល្អ! ម៉ាតធំបំផុតនៅអាមេរិក កំពុងចាប់អារម្មណ៍កម្ពុជា ធ្វើជាទីតាំងអាជីវកម្មថ្មីរបស់ខ្លួន
ធី ស្រីល័ក្ខJANUARY 6 2023354 views

Walmart គឺជាហាងលក់រាយដ៏ធំបំផុតមួយរបស់អាមេរិក ហើយក្រុមហ៊ុនខ្នាតយក្សមួយនេះ អាចរកចំណូលបានក្នុងឆ្នាំៗ $៥៧២,៧៥៤ លានដុល្លារ និង មានបុគ្គលិកបម្រើការងារប្រមាណជា ២,៣០០,០០០នាក់។ហើយជាមួយគ្នានេះ កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនដ៏ល្បីមួយនេះ បានធ្វើការស្នើសុំការសហការពីក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការពិភាក្សាក្នុងការនាំចេញសម្ភារប្រើប្រាស់ របស់របរមួយចំនួនពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

ជាក់ស្តែង ថ្លែងក្នុងជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣ កន្លងទៅ លោកស្រី Anbinh Phan  តំណាងក្រុមហ៊ុន Walmart បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន ក៏ដូចជា គោលបំណងក្នុងការទិញទំនិញពីកម្ពុជាដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។

ជាមួយគ្នានេះ លោកស្រី Anbinh Phan  តំណាងក្រុមហ៊ុន Walmart  បានលើកឡើងបន្តថា គោលបំណងសំខាន់ក្នុងការវិនិយោគនេះ គឺដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជា ដោយក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia