នៅមួយរយៈចុងក្រោយនេះ រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់យ៉ាងខ្លាំងនៅក្នុងការសាងសង់ហេដ្ឋារចនាស័ន្ធសំខាន់ៗជាច្រើនរួមមានផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន និងអាកាសយានដ្ឋានជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញអ្នកវិនិយោគ។ ហើយពេលនេះដែរយើងនឹងលើកយកគម្រោងធំៗចំនួន ៣ ដែលត្រូវបានសិក្សាចប់សព្វគ្រប់ រង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់តែប៉ុណ្ណោះ។ ដោយគម្រោងទាំងនោះរួមមាន៖
១. ស្ពានមិត្ដភាព-កូរ៉េ
ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ត្រូវបានសិក្សាចប់សព្វគ្រប់អស់ដោយស្ពានថ្មីនេះនឹងត្រូវសាងសង់ចាប់ពីតំបន់ផ្សាររាត្រីឆ្លងកាត់ទន្លេសាប តភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងតភ្ជាប់ពីតំបន់ជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ២៥០ លានដុល្លារ។
គម្រោងស្ពានខាងលើនេះនឹងត្រូវសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ នៅពេលសាងសង់រួចស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើដំណើរ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។
៣. ផ្លូវល្បឿនលឿនទី៣
គម្រោងផ្លូវល្បឿនលឿនទី៣ ដែលតភ្ជាប់ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ត្រូវបានសិក្សាសម្រាប់ការសាងសង់ផងដែរ។ បើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្មីៗកន្លងទៅនេះបានឲ្យដឹងថា ផ្លូវនេះនឹងត្រូវសាងសង់ឆ្លងកាត់រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងខេត្ដបន្ទាយមានជ័យ។
តាមការសិក្សារបឋម ពីក្រុមហ៊ុន CRBC គម្រោងផ្លូវនេះមានប្រវែងសរុបប្រមាណ ៤០០ គីឡូម៉ែត្រ និងត្រូវសាងសង់ជាង ២ ដំណាក់កាល។ ដោយដំណាក់កាលទី១ ភ្នំពេញ-សៀមរាប ប្រវែង ២៥០ គីឡូម៉ែត្រ និងដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥០ គីឡូម៉ែត្រ។
៣. ផ្លូវរថភ្លើងល្បឿនលឿន
កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលបានលើកឡើងពីគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលជាគម្រោងដំបូងបំផុតនៅកម្ពុជា ដោយគម្រោងនេះនឹងត្រូវសាងសង់ឆ្លងកាត់ខេត្ដកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
តាមការបញ្ជាក់ពីក្រុមហ៊ុន CRBC ការសិក្សាបឋមបង្ហាញថា ផ្លូវរថភ្លើងល្បឿនលឿននេះមានប្រវែងសរុបប្រមាណ ៣៨២ គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។
ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។
ផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕


