ជាង ៩៧ឆ្នាំនៅលើទីផ្សារ យីហោឡានល្បីស៊ុយអែត Volvo បានចាប់យកចំណែកទីផ្សារមួយខុសពីគេ គឺបែបប្រណិតភាព និងភាពស៊ីវីល័យ ។
រថយន្ដប្រណិតៗជាច្រើនបានដាក់នៅលើទីផ្សារជាមួយរូបរាងគ្មានក្រុមហ៊ុនណាដូច ដែលធ្វើឲ្យអ្នកជំនួញ មហាសេដ្ឋី បុគ្គលល្បីឈ្មោះជាច្រើន ចាប់ផ្ដើមចាប់អារម្មណ៍លើរថយន្ដប្រទេសស៊ុយអែតមួយនេះ និងបានទិញវាយកមកប្រើប្រាស់ស្ទើគ្រប់ដៃ ទោះបី Volvo មិនសូវក្ដុងក្ដាំងក្នុងទីផ្សារក៏ដោយ ។
តែថ្មីៗនេះដំណឹងអាក្រក់មួយបានកើតឡើង ព្រោះតែ Volvo បានប្រកាសថា ក្រុមហ៊ុននឹងឈប់ផលិតរថយន្ដដែលប្រើប្រាស់ម៉ាស៊ូតចាប់ពីពេលនេះទៅហើយ ដែលធ្វើតាមការសន្យារបស់ខ្លួនកាលពីឆ្នាំមុនដែរ ដែលធ្លាប់លើកឡើងរឿងឈប់ផលិតឡានចាក់ម៉ាស៊ូតនេះ ។
ម៉ូឌែលចុងក្រោយគេ XC90 ប្រើម៉ាស៊ីន ២.០លីត្រ ដែលផលិតរួចរាល់ មិនត្រូវបានដាក់លក់ជូនសាធារណៈជនឡើយ ព្រោះរថយន្ដនេះជាម៉ូឌែលចុងក្រោយ ដូច្នេះហើយគេបានយកវាទុកសម្រាប់ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ World of Volvo តែម្ដង ។
Volvo គេបាននិយាយដែរ កាលពី ៥ ឆ្នាំមុននៅប៉ែកអឺរ៉ុប ស្ទើរទាំងអស់រថយន្ដគឺប្រើប្រាស់ម៉ាស៊ូត តែមកដល់ពេលនេះ គេនាំគ្នាផលិតរថយន្ដដែលប្រើប្រាស់ម៉ូទ័រម្ដង ជាប្រភេទឡានអគ្គិសនីដែលជំនួសតំណែងឡានប្រើចំហេះក្នុង ។
តាមការលើកឡើង Volvo ក៏មើលឃើញអនាគតដូចក្រុមហ៊ុនផលិតឡានផ្សេងៗទៀតដែរ គឺងាកទៅផលិតឡានអគ្គិសនីវិញ ព្រោះតែពេលនេះមានតម្រូវការច្រើន ជាពិសេសរដ្ឋាភិបាលក៏គាំទ្ររថយន្ដអគ្គិសនីថែមទៀត ដែលធ្វើឲ្យអតិថិជនជាច្រើនងាកទៅទិញឡានអគ្គិសនីមកជិះកាន់តែច្រើន ទោះបីពេលនេះឡានចំហេះក្នុងនៅមានច្រើនក៏ដោយ តែត្រឹម ២០៣០ នៅអាមេរិក និងប៉ែកអឺរ៉ុបប្រហែលជាគ្មានឡានប្រើម៉ាស៊ីនជិះទៀតនោះទេ ។
បើតាមទិន្នន័យ Reuters ត្រឹម ២០២៣ ក្រុមហ៊ុនស៊ុយអែត Volvo លក់រថយន្ដបាន ៧០៩,០០០ គ្រឿង ដែលកើនឡើង ១៥% បើធៀបទៅឆ្នាំ ២០២២ ដែលក្នុងនោះឡានអគ្គិសនីលក់បាន ១១៣,៤១៩ គ្រឿង លក់កើន ៧០% ធៀបឆ្នាំ ២០២២ និងប្រភេទ Plug-in Hybrid លក់បាន ១៥២,៥៦១ គ្រឿង កើនឡើង ១០% បើធៀបទៅនឹងឆ្នាំ ២០២២ និង ១៦% គឺជាចំណែកទីផ្សារលក់រថយន្ដអគ្គិសនីសុទ្ធ លក់ចេញទូទាំងពិភពលោកកំឡុងឆ្នាំ ២០២៣ ។
ម៉ូឌែល Top Selling គឺ XC60 ដែលលក់បានជាង ២២៨,៦៤៦ និងក្នុងឆ្នាំ ២០២២ លក់បាន ១៩៥,៣៨៨ គ្រឿង ដែលតាមពីក្រោយដោយម៉ូឌែល XC40 លក់បានជាង ២០០,៦៧០ បើធៀបទៅឆ្នាំ ២០២២ លក់បាន ១៦៩,២០៦គ្រឿង និងម៉ូឌែល XC90 លក់ចេញបាន ១០៧,៥៤៩គ្រឿង បើធៀបទៅឆ្នាំ ២០២២ លក់បានត្រឹម ៩៧,១៣០ គ្រឿងប៉ុណ្ណោះ ដែលនេះជាទិន្នន័យត្រួសៗដែលដកស្រង់ចេញពីក្រុមហ៊ុន Volvo តែម្ដង ។
អញ្ចឹងអតិថិជនរបស់ យីហោស៊ុយអែតមួយនេះនឹងអភិវឌ្ឍន៍ទៅកាន់រថយន្ដ ដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីនៅពេលខាងមុខ ហើយអនាគតឈានដល់រថយន្ដដែលចាក់អ៊ីដ្រូសែនក៏ថាបានដែរ ៕
អត្ថបទដោយ ៖ ឆាំ មករា