យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress បានឱ្យដឹងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំលំដាប់ពិភពលោក Meta បានបង្ហាញអំពីគោលបំណងរបស់ខ្លួនអំពីការ ពង្រីកការវិនិយោគរបស់ខ្លួនក្នុងប្រទេសវៀតណាម ជាពិសេសការផលិតឧបករណ៍ metaverse។
ការបង្ហាញពីចំណាប់អារម្មណ៍នេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ទស្សនកិច្ចការងារនៅទីស្នាក់ការកណ្តាលរបស់ Meta ជាមួយលោក Joel Kaplan អនុប្រធានក្រុមហ៊ុន Meta នាសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបនេះដែរក្រុមហ៊ុនបណ្ដាញសង្គមយក្ស Meta គឺមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនក្នុងប្រទេសវៀតណាម រួមទាំងការផលិតឧបករណ៍ metaverse ខណៈផលិតកម្មបានចាប់ផ្ដើមតាំងពី ៤ឆ្នាំមុន ប៉ុន្តែត្រូវផ្អាកដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ភាគីក្រុមហ៊ុន Meta បានសន្យាថានឹងបន្តគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសវៀតណាម ដើម្បីចាប់យកអតិថិជនថ្មីៗ។
បន្ថែមពីនោះនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh សង្ឃឹមថា Meta នឹងកាន់តែមាន ឥទ្ធិពលក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនវៀតណាម ជាពិសេសលើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ចឌីជីថល AI មាតិកាឌីជីថល ការច្នៃប្រឌិត និងនាវានុវត្តន៍ថ្មីៗ។
ក្រៅពីនេះលោកក៏រំពឹងថា Meta នឹងបន្តផ្តល់ជូនក្រុមហ៊ុនវៀតណាមនូវដំណោះស្រាយបច្ចេកវិទ្យា និងសហការផ្នែកហិរញ្ញវត្ថុដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរទៅឌីជីថល និងបានស្នើភាគីទាំងពីរឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការបណ្តុះបណ្តាល សន្តិសុខតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕
អត្ថបទដោយ៖ ពីង ជូអេង