អង្ករខ្មែរកាន់តែមានទីផ្សារ! ខណៈវិរៈប៊ុនថាំ សហការជាមួយក្រុមហ៊ុន១នេះ នាំចេញអង្ករខ្មែរទៅអូស្រ្តាលី
SOKLY SOOCTOBER 26 2025

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន ស៊ីអេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី លើការសហការផ្គត់ផ្គង់ និងនាំចេញអង្ករដែលជាពូជរបស់ខ្មែរសុទ្ធ ទៅកាន់ប្រទេសអូស្រ្តាលី។


Img 2111

 

នេះគឺជាដំណឹងដ៏គួរឱ្យសាទរមួយដែល ក្រុមហ៊ុនទាំង២ បានប្រកាសជ្រើសរើសពូជអង្ករខ្មែរចំនួន ៣ប្រភេទរួមមាន អង្ករស្រង៉ែ អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គ សម្រាប់នាំចេញទៅកាន់ទីផ្សារអូស្រ្តាលី។

 

ឆ្លៀតក្នុងឱកាសនៃកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អ្នកឧកញ៉ា សួរ វីរៈ ស្ថាបនិកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានលើកឡើងយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីជួយដល់វិស័យកសិកម្ម ដោះស្រាយបញ្ហាដែលប្រជាកសិករខ្មែរ ធ្លាប់ឬកំពុងជួបប្រទះដូចជាការខ្វះទីផ្សារ ឬត្រូវបានឈ្មួញកណ្ដាលទិញយកក្នុងតម្លៃទាប»

 

ក្រុមហ៊ុនវិរៈប៊ុនថាំ បានធ្វើការផ្ដេជ្ញាចិត្តថា នឹងសហការជាមួយរដ្ឋាភិបាល កំណត់តម្លៃស្ដង់ដារមួយ ចំពោះការប្រមូលទិញស្រូវ ដើម្បីធានាបានថា ប្រជាកសិករដែលដាំស្រូវពូជខ្មែរ នឹងទទួលបានផលចំណេញ ទទួលបានការការពារ មិនខាតដោយសារឈ្មួញកណ្ដាលកូរតម្លៃ។

 

គួរជម្រាបផងដែរថា ប្រធាននាយកដ្ឋានទីផ្សារ របស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស លោក ជុំ សម្បូរ បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំ ថាយ៉ាងយូគឺរយៈពេល២ឆ្នាំ យើងនឹងអាចជួយដោះស្រាយបញ្ហារបស់ប្រជាកសិករខ្មែរ ព្រមទាំងអាចផលិតនូវអង្ករខ្មែរដ៏មានស្ដង់ដារ សម្រាប់បំពេញតម្រូវការទីផ្សារអន្តរជាតិ បានកាន់តែច្រើន»

 

Img 2112Img 2113
Img 2114
Img 2115

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia