ពីអ្នកធាក់ស៊ីក្លូ ក្លាយជារដ្ឋមន្រ្តី! ឯកឧត្តម វ៉េង សិរិវុឌ្ឍ ផ្តាំថា កុំរស់ជាមួយរសជាតិជីវិត តែត្រូវរស់ជាមួយការរៀបចំជីវិត
Kan DaraJUNE 29 2023787 views

ដើមឈូកស្រស់ស្អាតដុះចេញពីភក់ជ្រាំ មនុស្សរឹងមាំតែងធ្លាប់ឆ្លងកាត់ស្នាមកាំបិតនៃភាពលំបាក ប្រៀបដូចដំណើរជីវិតរបស់ឯកឧត្តម វ៉េង សិរិវុឌ្ឍ វិវឌ្ឍខ្លួនពីអ្នកធាក់ស៊ីក្លូស្វិតក្រពះ ក្លាយជារដ្ឋមន្ត្រីយ៉ាងដូច្នោះដែរ។

២២

ក្នុងបទពិសោធន៍ជីវិតជន់ជោរ អាចកសាងខ្លួនមកដល់ចំណុចនេះ ឯកឧត្តម វ៉េង សិរិវុឌ្ឍ បានផ្តាំថា កុំរស់ជាមួយរសជាតិជីវិត តែត្រូវរស់ជាមួយការរៀបចំជីវិត។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ម្តាយខ្ញុំមិនមែនជាអ្នកចេះដឹងទេ ប៉ុន្តែនាំខ្ញុំរត់ពីខេត្តមកភ្នំពេញដើម្បីរៀន។ ពេលមកដល់ភ្នំពេញយើងមានតែខោអាវមួយបង្វេចគត់។ របងផ្ទះអ្នកមានជាជញ្ជាំងខ្ទមនៅលើលូទឹកស្អុយរបស់ខ្ញុំ ហើយការងារល្អបំផុតគឺធាក់ស៊ីក្លូ ព្រោះយើងអត់មានអ្វីទេ មានតែកម្លាំងបាយប៉ុណ្ណោះ»

លោកបានបន្តទាំងសំឡេងច្បាស់ៗពោរពេញដោយថាមពលទៀតថា៖ «ធាក់ស៊ីក្លូឆ្នាំ១៩៧៣ ដាក់ភ្ញៀវនៅសណ្ឋាគាររ៉ាប់ពុលមុខសាលាក្រុង ស្អែកឡើងដឹកទៅដាក់ទៀតៗ ឯរៀននៅតែរៀន។ ២០ឆ្នាំក្រោយមក ក្នុងឆ្នាំ១៩៩៣ មនុស្សដដែលឈ្មោះ វ៉េង សិរិវុឌ្ឍ ដើរចូលសណ្ឋាគារហ្នឹងម្តងទៀត ប៉ុន្តែលើកនេះជារដ្ឋមន្ត្រីក្រសួងទេសចរណ៍»

ឆឆ

ជាចុងក្រោយ មុនដាក់ក្បាលមេក្រូចុះពោលពាក្យអរគុណ លោកបានផ្តាំផ្ញើយ៉ាងដូច្នេះថា៖ «ម្តាយឪពុកនិងកូនគឺជាក្រុមបាល់ទាត់ ចាប់ដៃគ្នាទាត់បញ្ចូលទី ៣ឆ្នាំ ៥ឆ្នាំ កូនៗជាដុំពេជ្រ ប៉ុន្តែដុំពេជ្រមិនច្នៃអត់មានតម្លៃទេ ច្នៃដោយសាររៀនសូត្រ តាមរយៈការអប់រំ។ ឈប់មានគំនិតតូចចិត្តនឹងវាសនា តូចចិត្តនឹងជីវិត តូចចិត្តនឹងគ្រួសារ មិនត្រូវមានតទៀតទេ។ បញ្ឆេះការឈឺចាប់ឲ្យក្លាយជាកម្លាំងចិត្ត ដុសខាត់ដុំពេជ្រកុំឲ្យឱកាសនេះបាត់ចេញពីដៃ ៣-៤ឆ្នាំក្រោយមក ដៃទទេ កុំឲ្យសោះចំណេះដឹងក៏អាចរៀនបាន ជំនាញក៏អាចរៀនបាន ដូច្នេះអនាគតគ្មានអ្វីក្រៅពីជីវភាពរុងរឿងថ្លៃថ្លា។ កុំរស់ជាមួយរសជាតិជីវិត រស់ជាមួយការរៀបចំជីវិត»

គួរជម្រាបផងដែរថា លោក វ៉េង សិរិវុឌ្ឍ គឺជាអតីតទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទេសចរណ៍ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ លោកបានបម្រើការក្នុងតួនាទីជាអ្នកដឹកនាំជាតិ និងថ្នាក់តំបន់ អស់រយៈពេលជិត ២៥ឆ្នាំ (ឆ្នាំ១៩៨៩ -ឆ្នាំ២០១៣) ហើយបច្ចុប្បន្ន គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអ្នកនិពន្ធស្នាដៃសៀវភៅ “គ្មាននរណាកើតមកក្រទេ" ។ សព្វថ្ងៃនេះ លោកបានលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់ខ្លួន ផ្តោតសំខាន់ទៅលើវិស័យអប់រំ ដោយចែករំលែក ចំណេះដឹងទៅកាន់សិស្សនិស្សិត ដើម្បីឲ្យពួកគេអាចរៀបចំខ្លួនក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិយើងតទៅមុខទៀត៕

ដដ

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia