វៀតណាមកាន់កាប់ ៩៧% ក្នុងទីផ្សារនាំចូលស្វាយទៅកាន់ប្រទេសចិនក្នុងត្រីមាសទីមួយ វ៉ាដាច់ដៃគូប្រជែងដូចជាប្រទេសថៃ និងអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ក្នុងចំណោមប្រទេសទាំង៦ ដែលនាំចេញស្វាយទៅកាន់ប្រទេសចិនដូចជា វៀតណាម កម្ពុជា ប៉េរូ អូស្ត្រាលី ថៃ និងហ្វីលីពីន មានតែ វៀតណាមតែប៉ុណ្ណោះដែលមានចំនួនកើនឡើងគួរអោយកត់សម្គាល់។
បើតាមការបញ្ជាក់របស់សមាគមផ្លែឈើ និងបន្លែវៀតណាម បានឱ្យដឹងថាផ្លែស្វាយវៀតណាមអាចឈរជើងបានដោយសារ គុណភាព តម្លៃសមរម្យ ផលិតភាពខ្ពស់ និងតម្លៃឈ្នួលថោក។ វៀតណាមមានសមត្ថភាពផលិតស្វាយខុសរដូវ ស្របពេលដែលប្រជាជនកំពុងពេញនិយមបរិភោគផ្លែឈើត្រូពិច ហើយការផលិតក្នុងស្រុកពុំទាន់គ្រប់គ្រាន់។
ក្នុងនោះវៀតណាមអាចផលិតស្វាយបាន១លានតោនក្នុងមួយឆ្នាំ ហើយនាំចេញទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោកដូចជា ចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន និងហូឡង់ជាដើម ខណៈការចំណាយលើដឹកជញ្ចូនដែលមានតម្លៃទាបហើយនៅជិតប្រទេសចិនធ្វើឱ្យផ្លែស្វាយរបស់វៀតណាមមិនខ្វះទីផ្សារ។
សូមជម្រាបថាសមត្ថភាពផលិតស្វាយខុសរដូវរបស់វៀតណាម ជាពិសេសចាប់ពីខែកញ្ញាដល់ខែមីនា អាចធ្វើទៅបានស្របពេលដែលកង្វះខាតរបស់ចិន។ ក្នុងអំឡុងពេលនេះ ផ្លែស្វាយលំដាប់ខ្ពស់អាចបញ្ជាតម្លៃរហូតដល់ ១០ ម៉ឺនដុងក្នុងមួយគីឡូក្រាម។
ប៉ុន្តែនៅពេលដែលរដូវស្វាយក្នុងស្រុករបស់ចិនចាប់ផ្តើមមានឡើងវិញ តម្រូវការផ្លែស្វាយវៀតណាមនឹងធ្លាក់ចុះវិញ បណ្តាលឱ្យតម្លៃស្ថិតនៅ ត្រឹមពីរបីពាន់ដុងវៀតណាម (ពីរបីសេនអាមេរិក) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម៕
អត្ថបទដោយ៖ ដារ៉ូ