កុំយល់ច្រឡំទៀត! អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ពីប្រភេទដីទំនេរអត់ប្រើប្រាស់ តែត្រូវជាប់ពន្ធក្នុងឆ្នាំ២០២៥
ធី ស្រីល័ក្ខMARCH 13 20251.3 K views

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ចោល ស្ថិតក្នុងរាជធានីភ្នំពេញ ទីក្រុងនានា និងតំបន់ទាំងឡាយណាដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។ 

 

យ៉ាងណាមិញ នៅក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ស្តីពីពន្ធលើអចលទ្រព្យ និងជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ លោកស្រី សំ ធិបវ៉ាត់ឌី ដែលជាអនុប្រធានការិយាល័យនៃអគ្គនាយកដ្ឋានពន្ធអចលទ្រព្យនិងអចលទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ បាននិយាយថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះគឺត្រូវបានព្យួរការអនុវត្តរហូតដល់បំណាច់ឆ្នាំ២០២៤ ហើយនឹងត្រូវបានប្រមូលសារជាថ្មីម្តងទៀតនេះនៅក្នុងឆ្នាំ២០២៥ ដោយមានការបន្ធូរបន្ថយនៅលក្ខខណ្ឌលើកលែងពន្ធមួយចំនួនដូចជា៖

 

. អនុវត្តចំពោះតែដីធ្លីមិនបានប្រើប្រាស់ទាំងឡាយណាដែលស្ថិតនៅក្រៅទីតាំងភូមិសាស្រ្តរដ្ឋបាលដែលជាកម្មវត្ថុលើអចលទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា

 

. ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះផងដែរ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ហិកតាក្នុងមួយកន្លែង ហើយដីដែលមានផ្ទៃក្រឡាក្រោម៥ហិកតា ឬក៏៥ម៉ឺនម៉ែត្រក្រឡាអ្នកជាប់ពន្ធមិនមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធនិងបង់ប្រាក់ពន្ធនោះទេ

 

. សម្រាប់ដីដែលមានផ្ទៃក្រឡាលើសពី ៥ហិកតាឬក៏៥ម៉ឺនម៉ែត្រក្រឡា ត្រូវដាក់លិខិតប្រកាសសារពើពន្ធនិងបង់ប្រាក់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ជារៀងរាល់ឆ្នាំ ដោយអនុញ្ញាតឱ្យដកចេញនៅមូលដ្ឋានគិតពន្ធចំនួន៥ហិកតាឬក៏៥ម៉ឺនម៉ែត្រក្រឡាក្នុងមួយកន្លែង។

 

ជាមួយគ្នានោះដែរ ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖

  • ដីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
  • ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
  • ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល
  • ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
  • ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍
  • ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាម កិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
  • ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
  • ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន៕ ទស្សនាវីដេអូពេញនៅទីនេះ៖ https://www.facebook.com/share/v/1L8jnvXS2e/
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia