អ្នកជំនាញបង្ហើបការពិត ៥ យ៉ាងនៃការទិញផ្ទះក្នុងបុរី ដែលអ្នកលក់មិនដែលប្រាប់អ្នកទិញ
Bunthoeun KoemSEPTEMBER 23 2026392 views

ការទិញលំនៅឋាននៅក្នុងបុរី បាននិងកំពុងក្លាយជាជម្រើសដំបូងគេបង្អស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសក្រុមគ្រួសារថ្មី និងអ្នកធ្វើការងារនៅក្នុងក្រុងជាដើម។ មនុស្សជាច្រើនយល់ឃើញថា ការរស់នៅក្នុងបុរី ផ្តល់នូវជីវភាពរស់នៅបែបស៊ីវិល័យ, ទាន់សម័យ, ចំណាយតិច, ហើយថែមទាំងជាឱកាសវិនិយោគអចលនទ្រព្យដ៏ល្អ ដែលអាចលក់យកចំណេញបានច្រើននាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការយល់ឃើញ របស់អ្នកដែលមិនទាន់មានបទពិសោធន៍ផ្ទាល់ក្នុងការទិញ ឬរស់នៅក្នុងបុរីប៉ុណ្ណោះ។

 

ទាក់ទងនឹងរឿងនេះដែរ លោក ប៊ុយ សុវណ្ណរ៉ា ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យ ១ រូបនៅកម្ពុជា បានគូសបញ្ជាក់ថា កន្លងទៅ មានអ្នកទិញមួយចំនួន បានបង្ហាញការស្តាយក្រោយ បន្ទាប់ពីបានទិញ និងចូលទៅរស់នៅក្នុងបុរីបានរយៈពេលពី ២ ទៅ ៣ ឆ្នាំ ដោយសារត្រូវការចំណាយច្រើន និងបញ្ហាផ្សេងៗទៀត។ ដូច្នេះ ដើម្បីជួយឲ្យអ្នកទិញចៀសវាងនូវបញ្ហា និងការស្តាយក្រោយនាពេលអនាគត អ្នកជំនាញរូបនេះ បានលើកឡើងនូវការពិត និងហានិភ័យលាក់កំបាំងចំនួន ៥ យ៉ាង ដែលអ្នកលក់ ឬភ្នាក់ងារអចលនទ្រព្យភាគច្រើន មិនដែលប្រាប់ឲ្យបានដឹងជាមុន ដែលអ្នកទិញត្រូវសិក្សា ដោយខ្លួនឯងឲ្យបានច្បាស់ សិនមុនសម្រេចចិត្ដ។

 

១៤

 

១. ការចំណាយច្រើន និងថ្លៃសេវា

 

អ្នកជំនាញលើកឡើងថា បើសិនជាអ្នកទិញយល់ឃើញថា ការរស់នៅក្នុងបុរីចំណាយតិច នោះគឺជាការយល់ខុសហើយ។ ព្រោះដោយសារ ការរស់នៅក្នុងបុរី មានចំណាយច្រើនប្រភេទ ដែលត្រូវរ៉ាប់រងជាប្រចាំខែ និងប្រចាំឆ្នាំ ដោយក្នុងនោះរួមមាន ​៖

 

ថ្លៃសេវាគ្រប់គ្រងបុរី ៖ បុរីនីមួយៗនឹងទារថ្លៃសេវាគ្រប់គ្រងទៅតាមកម្រិតស្តង់ដារ និងទំហំផ្ទះ ឬប្រភេទផ្ទះ។ ចំពោះបុរីដែលមានការគ្រប់គ្រងធំ និងមានស្តង់ដារល្អ ថ្លៃសេវានេះអាចចាប់ពី ១០ ដុល្លារ ទៅ ១៥ ដុល្លារ ឬ រហូតដល់ ២០០ ដុល្លារ ទៅដល់ ៣០០ ដុល្លារ ក្នុងមួយខែ។

 

សេវាប្រមូលសំរាម និងអំពូលភ្លើងសាធារណៈ ៖ ការប្រមូលសំរាមនៅក្នុងបុរីភាគច្រើន ត្រូវបានគិតថ្លៃដាច់ដោយឡែក ហើយជាទូទៅ មានតម្លៃខ្ពស់ជាងតម្លៃ ដែលប្រជាពលរដ្ឋបង់ផ្ទាល់ ជូនអាជ្ញាធរនៅខាងក្រៅ។ លើសពីនេះ បុរីខ្លះ ក៏មានការទារថ្លៃថែទាំ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងសន្តិសុខ បន្ថែមទៀតផងដែរ។

 

ក្រៅពីនោះ ប្រសិនបើ បុរីមាន អាងហែលទឹក, ក្លឹបហាត់ប្រាណ ( Gym ) ឬបរិក្ខារផ្សេងៗ ថ្លៃសេវាទាំងនេះ មិនត្រូវបានរាប់បញ្ចូល ក្នុងថ្លៃគ្រប់គ្រងប្រចាំខែឡើយ។ រាល់ពេលដែលអ្នកចូលប្រើប្រាស់ គឺត្រូវតែបង់លុយបន្ថែម។ នេះជាបន្ទុក ហិរញ្ញវត្ថុមួយទៀត ដែលអ្នកទិញមិនបានរំពឹងទុកជាមុន។

 

២. តម្លៃអចលនទ្រព្យកើនឡើងមានកម្រិតទាប ឬអាចខាត

 

ជាទូទៅ នៅពេលនិយាយពីរឿងទិញផ្ទះ យើងតែងឮគេប្រាប់ថា ៥ ឆ្នាំ ទៅ ១០ ឆ្នាំក្រោយ តម្លៃនឹងកើនឡើងពី ២០ ភាគរយ ទៅ ៣០ ភាគរយ។ ឧទាហរណ៍៖ ទិញ ១០ ម៉ឺនដុល្លារ អាចឡើងដល់ ១៣ ម៉ឺន ឬ ១៤ ម៉ឺនដុល្លារ។ ការទិញផ្ទះនៅក្នុងបុរី អ្នកទិញកុំរំពឹងថា ថ្លៃផ្ទះរបស់យើងកើនឡើងច្រើនពេក ពេលដែលយើងរំពឹងការកើនឡើងច្រើននេះគឺខុសហើយ៖ 

 

ថ្លៃដើមសំណង់ខ្ពស់ស្រាប់ ៖ តម្លៃផ្ទះបុរីដែលដាក់លក់ ត្រូវបានគេបូកបញ្ចូល ថ្លៃដើមសំណង់ ការផ្សព្វផ្សាយ និងចំណេញរបស់ក្រុមហ៊ុន ក្នុងកម្រិតខ្ពស់រួចជាស្រេចទៅហើយ។ បានន័យថា អ្នកទិញផ្ទះក្នុងតម្លៃមួយដែលដីក៏ថ្លៃ ហើយសំណង់ក៏ថ្លៃ។

 

តម្លៃដីកើន ប៉ុន្តែតម្លៃសំណង់ថយចុះ ៖ ជាធម្មតាតម្លៃដី អាចកើនឡើងតាមពេលវេលា ប៉ុន្តែសំណង់អាគារ ឬ ផ្ទះនឹងមានការចាស់ទ្រុឌទ្រោមទៅៗ ដែលធ្វើឲ្យតម្លៃសំណង់ថយចុះ ឬ បាត់បង់តម្លៃតាមអាយុកាល។

 

ការប្រកួតប្រជែងផ្ទាល់ពីម្ចាស់បុរី ៖ នៅពេលចង់លក់ផ្ទះបន្ត អ្នកនឹងត្រូវប្រកួតប្រជែងទីផ្សារផ្ទាល់ជាមួយម្ចាស់បុរីខ្លួនឯង! ប្រសិនបើបុរីនោះនៅមានដីទំនេរ និងបន្តសាងសង់ផ្ទះថ្មីៗលក់ អ្នកទិញភាគច្រើន នឹងជ្រើសរើសទិញផ្ទះថ្មីពីបុរី ជាជាងទិញផ្ទះចាស់ពីអ្នក។

 

ផ្ទះបុរីពិបាកលក់ចេញជាសាច់ប្រាក់ភ្លាមៗ ៖ ផ្ទះក្នុងបុរី អត់ស្រួលលក់ដូចដីឡូត៍ ឬអចលនទ្រព្យក្នុងក្រុងឡើយ។ ប្រសិនបើអ្នកត្រូវការប្រាក់បន្ទាន់ គឺពិតជា មានការលំបាកខ្លាំងក្នុងការលក់ ឬ អាចត្រូវបង្ខំចិត្តលក់ខាតដើម។

 

484671207 634124646001833 7779417680527597280 N

 

៣. ហានិភ័យនៃការទិញវិនិយោគដោយខ្ចីលុយធនាគារដើម្បីជួលបន្ត

 

ត្រង់ចំណុចនេះដែរ លោក ប៊ុយ សុវណ្ណរ៉ា បានបញ្ជាក់ថា ការទិញផ្ទះបុរី សម្រាប់វិនិយោគដោយសង្ឃឹមយកប្រាក់ឈ្នួលមកបង់រំលោះធនាគារ គឺជាយុទ្ធសាស្ត្រមួយដែលមិនមានប្រសិទ្ធភាព និងងាយប្រឈមនឹងការខាតបង់ ដោយសារហេតុផលដូចជា៖

 

ទីតាំងនៅឆ្ងាយពីក្រុង ៖ ដោយសារដីក្នុងក្រុងមានតម្លៃថ្លៃ ដូច្នេះ បុរីភាគច្រើនត្រូវបានអភិវឌ្ឍន៍នៅតំបន់ជាយក្រុង ដែលមានតម្លៃដីទាប។ ទីតាំងឆ្ងាយពីកណ្តាលក្រុង ធ្វើឲ្យតម្រូវការជួល និងតម្លៃឈ្នួលប្រចាំខែទទួលបានកម្រិតទាប។

 

គម្លាតរវាងអត្រាការប្រាក់ និងថ្លៃឈ្នួល ៖ ការបង់រំលោះជាមួយធនាគារ តម្រូវឲ្យអ្នកបង់អត្រាការប្រាក់ និងប្រាក់ដើមខ្ពស់ជារៀងរាល់ខែ។ ប៉ុន្តែថ្លៃឈ្នួល ដែលទទួលបានវិញមានកម្រិតទាប ពិសេសផ្ទះលំនៅឋានធម្មតា ដែលទទួលបានថ្លៃឈ្នួលទាបជាង ផ្ទះអាជីវកម្ម ( Shophouse )។ ពេលខ្លះ ប្រាក់ឈ្នួលដែលជួលបាន មិនគ្រប់បង់ថ្លៃការប្រាក់ធនាគារផង ចំពេលដែលត្រូវបង់ទាំងប្រាក់ដើមបន្ថែមទៀត។

 

យ៉ាងណាមិញ អ្នកជំនាញរូបនេះបានផ្ដល់ជាយោបល់ថា ៖ ប្រសិនបើចង់ទិញសម្រាប់វិនិយោគជួលបន្ត អ្នកគួរតែមានលុយសុទ្ធបង់ផ្តាច់ ឬបង់ដើមឲ្យបានច្រើនបំផុត នោះទើបការជួលទទួលបានផលចំណេញ។ ប៉ុន្តែ ប្រសិនបើអ្នកចង់ទិញបង់រំលោះជាមួយធនាគារ ដើម្បីបំពេញតម្រូវការស្នាក់នៅ ផ្ទាល់ខ្លួនរបស់គ្រួសារ នោះគឺជាជម្រើស ដែលអាចទទួលយកបាន។

 

៤. គុណភាពសំណង់ និងរយៈពេលធានាមានកម្រិត

 

ពេលដែលយើង ទិញផ្ទះនៅក្នុងបុរី យើងកុំគិតថា ទិញទៅគុណភាពសំណង់នឹងល្អ ហើយនិងមានការធានារ អត់ទេ។ ជាទូទៅបញ្ហាប្រេះស្រាំជញ្ជាំង ជ្រាបទឹកតាមដំបូល បន្ទប់ទឹក ឬបញ្ហាស្រុតគ្រឹះ ភាគច្រើនមិនទាន់បង្ហាញរោគសញ្ញាភ្លាមៗក្នុងរយៈពេល ១ ទៅ ២ ឆ្នាំដំបូងឡើយ។ បញ្ហាទាំងនេះច្រើនតែលេចឡើង បន្ទាប់ពីផុតរយៈពេលធានា ដែលជាហេតុធ្វើឲ្យម្ចាស់ផ្ទះ ត្រូវទទួលខុសត្រូវរ៉ាប់រងការចំណាយជួសជុលដ៏ច្រើនដោយខ្លួនឯង។ ដោយឡែក កិច្ចសន្យាធានាគុណភាពសំណង់ ភាគច្រើនមានរយៈពេលត្រឹមតែ ៦ ខែ, ១ ឆ្នាំ, ២ ឆ្នាំ ឬយ៉ាងច្រើនបំផុត ៣ ឆ្នាំប៉ុណ្ណោះ។

 

ដូច្នេះ មុននឹងសម្រេចចិត្តទិញ អ្នកអាចសាកសួរព័ត៌មានពីអ្នក ដែលបានចូលរស់នៅក្នុងបុរីនោះមុនៗ ដើម្បីដឹងពីប្រវត្តិគុណភាពសំណង់ ការជ្រាបទឹក ឬការស្រុត និងស្វែងរកបុរីណាដែលមានគុណភាពសំណង់ល្អ និងអាចទទួលយកបាន។

 

៥. កំហិតលើសិទ្ធិកែលម្អ

 

មនុស្សជាច្រើនមានក្តីស្រមៃ និងផែនការចង់ចាត់ចែង លម្អ ដូរពណ៌ ឬពង្រីកផ្ទះតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ទោះជាយ៉ាងណា សម្រាប់ការរស់នៅក្នុងបុរី សិទ្ធិនេះត្រូវបានកម្រិតយ៉ាងតឹងរ៉ឹង។ ជាក់ស្ដែង រាល់ការផ្លាស់ប្តូរពណ៌ថ្នាំផ្ទះខាងក្រៅ ការបន្ថែមវេរ៉ង់ដា ការតបណ្តាញដំបូល ឬការកែប្រែទម្រង់ខាងក្រៅ ត្រូវតែសុំការអនុញ្ញាត និងធ្វើតាមបទបញ្ជាផ្ទៃក្នុង របស់បុរីដាច់ខាត។ ទោះបីជា អ្នកជាម្ចាស់ផ្ទះ ហើយមានថវិកាគ្រប់គ្រាន់ ក្នុងការកែប្រែក៏ដោយ ក៏អ្នកមិនអាចធ្វើអ្វី ដែលខុសពីលក្ខខណ្ឌ ឬប៉ះពាល់ដល់សោភ័ណភាពរួម របស់បុរីបានឡើយ។

 

484144763 633722106042087 7529830189606175980 N

 

យ៉ាងណា ការទិញផ្ទះក្នុងបុរីនៅតែជាជម្រើសដ៏ល្អមួយ សម្រាប់ការរស់នៅដែលមានសុវត្ថិភាព មានសន្តិសុខ និងបរិស្ថានរៀបរយ ប៉ុន្តែអ្នកទិញ មិនត្រូវមើលឃើញតែចំណុចវិជ្ជមាន ឬពាក្យអួតអាងរបស់ភ្នាក់ងារលក់តែមួយមុខនោះទេ។ មុននឹងសម្រេចចិត្តចុះកិច្ចសន្យា ឬ កក់ប្រាក់ អ្នកទិញ ត្រូវសិក្សាឲ្យបានស៊ីជម្រៅលើហិរញ្ញវត្ថុ ថ្លៃសេវាគ្រប់គ្រងប្រចាំខែ គុណភាពសំណង់ និងបទបញ្ជាផ្ទៃក្នុងជាមុន។ ការយល់ដឹងពីការពិត និងហានិភ័យលាក់កំបាំងទាំង ៥ យ៉ាងនេះ នឹងជួយឲ្យអ្នកទិញ អាចរៀបចំផែនការហិរញ្ញវត្ថុបានត្រឹមត្រូវ និងចៀសវាង ការស្តាយក្រោយ ឬ ជួបវិបត្តិហិរញ្ញវត្ថុ នារយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។

 

សូមជម្រាបថា បច្ចុប្បន្នគម្រោងបុរី បាននិងកំពុងរីកសាយភាយពេញជុំវិញទីក្រុងភ្នំពេញ និងតាមបណ្ដារខេត្ដសំខាន់ៗ មួយចំនួនទៀត ដែលមានតាំងគម្រោងតូច និងគម្រោងធំៗ។ ក្នុងនោះដែរ បើយោងតាមការលើកឡើងរបស់ ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឆ្នាំ ២០២៣ កម្ពុជាមានគម្រោង បុរី សរុបប្រមាណ ៥៧៤ គម្រោង ដោយគិតទាំងនៅភ្នំពេញ និងតាមបណ្ដារខេត្ត។ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia