ជារឿងដ៏គួរឲ្យរំភើបមួយ ដែលសិល្បករខ្មែរលោក ម៉ាន់ វណ្ណដា បានលេចវត្តមានក្នុងមហាព្រឹត្តិការណ៍បិទកម្មវិធីកីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងលើទឹកដីទីក្រុងប៉ារីស ប្រទេសបារាំង កាលពីយប់ម្សិលមិញនេះ។
ក្នុងនាមជាសិល្បករខ្មែរដំបូង ដែលបានសម្តែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលើ លោក ម៉ាន់ វណ្ណដា ត្រូវបានសារព័ត៌មានបារាំង Le Parisien ចុះផ្សាយសរសើរយ៉ាងដូច្នេះថា៖ «មានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានអ្នក Subscribes ជាង៤លាននាក់ នៅលើ Youtube លោក វណ្ណដា គឺជាតារាចម្រៀងរ៉េបជនជាតិខ្មែរ អាយុ ២៧ឆ្នាំ ដែលច្រៀងលាយភាសាអង់គ្លេស និងភាសាខ្មែរ។ ថ្ងៃអាទិត្យនេះលោកបានសម្តែងក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក»។
ប្រភពដដែលបានបន្ថែមទៀតថា៖ «ក្នុងខែមិថុនា កន្លងទៅថ្មីៗនេះ លោកក៏ជាសិល្បករខ្មែរដំបូងគេដែលបានបង្ហាញខ្លួនក្នុងមហោស្រពតន្ត្រី Sabaidee Fest នៅសហរដ្ឋអាមេរិកផងដែរ។ មិនតែប៉ុណ្ណោះ កាលពី៣ឆ្នាំមុន បទចម្រៀងចំណងជើង “Time to Rise” របស់លោកមានអ្នកចូលមើលចំនួនដល់ទៅជាង ១២៣លានដងនៅលើ Youtube និងជាបទចម្រៀងខ្មែរតែមួយគត់ ដែលមានអ្នកមើលដល់ចំនួន ១០០លានដង។ ការលាយបញ្ចូលគ្នានូវតន្ត្រីបុរាណ និងតន្ត្រីរ៉េបទំនើប ដែលអមដោយឧបករណ៍បុរាណ គឺជាចំណុចពិសេសមួយនៃការងាររបស់លោក វណ្ណដា។ គំនិតនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីបេតិកភណ្ឌវប្បធម៌កម្ពុជា»។
គួរជម្រាបថា ក្នុងចំណោមសិល្បករដែលមានវត្តមាននៅក្នុងកម្មវិធីនេះ លោក វណ្ណដា ត្រូវបានអញ្ជើញឲ្យឡើងសម្ដែងមិនត្រឹមតំណាងឲ្យកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏តំណាងឲ្យអាស៊ីទាំងមូលផងដែរ។ អ្វីដែលកាន់តែពិសេស ឈុតសម្លៀកបំពាក់ដែលលោកគ្រងកាលពីយប់ម្សិលមិញនេះ បានរំលេចនូវរចនាបទខ្មែរយ៉ាងប្រណិត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទាំងជាតិ និងអន្តរជាតិ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook