មនុស្សភាគច្រើនចេះរកលុយ តែបើឈានដល់ការចាត់ចែងលុយពួកគាត់ពិបាកជាងការចាត់ចែងលុយទៅទៀត ពោលគឺមិនដឹងចាត់ចែងលុយបែបម៉េច។ យ៉ាងមិញថ្ងៃនេះ Business Cambodia សូមលើកយកនូវក្បួនគ្រប់គ្រងលុយ២០/៨០ ហើយបើអ្នកធ្វើបាននោះនឹងលែងរអ៊ូរឿងដាច់លុយទៀតហើយ។
ក្បួនគ្រប់គ្រងលុយ ៨០/២០នេះភាសាអង់គ្លេសគេឲ្យឈ្មោះថា Pareto Principle ហើយក្បួននេះទៀតសោតភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចនិងក្នុងការរកស៊ី។ បើនៅក្នុងការរស៊ីគឺមានន័យថាគេប្រើប្រាស់ធនធានឬដើមទុនតែ២០%ប៉ុណ្ណោះ តែផលចំណេញដែលទទួលបានគឺរហូតដល់ទៅ៨០% ឯណោះ។
យ៉ាងណាមិញក្បួន៨០/២០ មិនមែនប្រើតែក្នុងសេដ្ឋកិច្ចនិងអាជីវកម្មនោះទេ តែវាក៏ត្រូវបានគេប្រើក្នុងការគ្រប់គ្រងឬចាត់ចែងលុយផងដែរ។ តាមពិតទៅក្បួន៨០/២០វាត្រូវច្រើនសម្រាប់អ្នកចង់សន្សំលុយបានលឿន ព្រោះវាមិនសាំញ៉ាំហើយងាយស្រួលអនុវត្តន៍មែនទែន តែសំខាន់ថាតើអ្នកអាចអនុវត្តន៍វាបានល្អឬទេ។
ក្បួនគ្រប់គ្រងលុយ៨០/២០គឺ ពេលអ្នកបើកប្រាក់ខែឬចំណូលប្រចាំខែបាន អ្នកត្រូវធ្វើការបែងចែកជា២ផ្នែក ដោយមួយយក៨០%នៃចំណូលប្រចាំខែសរុបទៅចំណាយតម្រូវការចំបាច់និងចំណង់របស់អ្នក( want and need) ចំណែកសល់២០%ទៀតគឺដកយកសន្សំទុក ដែលនេះហើយជាអត្ថន័យនៃក្បួនគ្រប់គ្រងលុយ៨០/២០
ក្បួនគ្រប់គ្រងនិងចាត់ចែងលុយនេះវាសាមញ្ញនិងងាយស្រួលមែនទែ តែអ្វីសំខាន់តើអ្នកអនុវត្តន៍ធ្វើវាបានរាល់ខែឬអត់។ បើអ្នកចង់អនុវត្តន៍ក្បួននេះឲ្យមានប្រសិទ្ធភាពអ្នកគួរមានគណនីធនាគារចំនួន២ ដោយកុងធនាគារមួយសម្រាប់ដាក់ប្រាក់ចាយប្រចាំខែ៨០%នៃចំណូលសរុបខែ លើការចំណាយតម្រូវការចំចាំបាច់និងចំណង ចំណែកកុងធនាគារមួយទៀតសម្រាប់ដាក់ប្រាក់សន្សំ២០%របស់អ្នកដែលនៅសល់ ហើយហាមប៉ះពាល់ប្រាក់សន្សំនេះឲ្យសោះ។
ឧទាហរណ៍ បើអ្នកមានប្រាក់ខែ៥០០ដុល្លារ អ្នកអាចដក៨០%(ស្មើរនឹង ៤០០ដុល្លារ ) សម្រាប់ចំណាយលើតម្រូវការចំបាច់ ចំណែកសល់២០%( ស្មើរនឹង១០០ដុល្លារ) សម្រាប់ដាក់សន្សំ។ អ៊ីចឹងប្រាក់ខែ៥០០ដុល្លារ ក្នុងមួយខែអ្នកអាចដកសន្សំលុយ១០០ដុល្លារ នោះក្នុងមួយឆ្នាំអាចសន្សំបាន ១,២០០ដុល្លារ។
ជាចុងក្រោយសូមបងប្អូនថាសូមកុំមើលរំលងការសន្សំលុយឲ្យសោះ ជាពិសេសសូមបោះចោលគំនិតមួយគិតថាចាំមានចំណូលច្រើនចាំសន្សំព្រោះការគិតបែបនេះធ្វើឲ្យអ្នកខាតពេលវេលា។ អ្នកត្រូវដឹងថាចិត្តអារម្មណ៍របស់អ្នកប្រែប្រួលទៅតាមទឹកលុយ ពោលគឺពេលរកតិចចាយតាមតិច ពេលរកបានច្រើនចាយក៏ច្រើន អ៊ីចឹងបើចាំពេលរកបានច្រើនចាំសន្សំមិនដឹងពេលណាអ្នកមានលុយសន្សំនោះទេ។ ចំណូលតិចឬច្រើនមិនសំខាន់នោះទេ តែអ្វីសំខាន់តើអ្នកមានការតាំងចិត្តក្នងការសន្សំឬអត់។
អ្នកត្រូវដឹងថា បុគ្គលមួយចំនួនជោគជ័យលើផ្នែកហិរញ្ញវត្ថុក្លាយជាសេដ្ឋីទ្រព្យរាប់លានដុល្លារ មិនមែនពួកគាត់កើតមកមានទ្រព្យច្រើនស្រាប់នៅទេ។ សេដ្ឋីមួយចំនួនអាចបង្កើតភាពមានចេញពីការខិតខំប្រឹងប្រែងជាពិសេសពួកគាត់មានទម្លាប់សន្សំលុយ ហើយយកលុយសន្សំដែលជាគ្រាប់ពូជមកបង្កើតជាប្រភពចំណូល រហូតអាចកសាងទ្រព្យរាប់ពាន់លានដុល្លារ៕