ក្នុងឆ្នាំ ២០២៥នេះ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះតម្លៃ ១០% ដែលជាកម្រិតទាបបំផុតមួយក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយ ខណៈជារបត់ដ៏ធំក្នុងប្រវត្តិសាស្ត្រសម្រាប់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមចុះផ្សាយរបស់ The Wall Stresst Journal នាថ្ងៃទី ២៣ ខែធ្នូ។
ខាងក្រោមនេះគឺជាកត្តាធំៗ ៣ ដែលធ្វើឲ្យប្រាក់ដុល្លារបាត់បង់ឥទ្ធិពលរបស់ខ្លួនបន្តិចម្តងៗ បន្ទាប់ពីការកើនឡើងតម្លៃជាច្រើនឆ្នាំជាប់គ្នា៖
១/. បញ្ហាហិរញ្ញវត្ថុ និងបំណុលជាតិ៖ ការកើនឡើងហួសប្រមាណនៃបំណុលជាតិ និងឱនភាពថវិការបស់សហរដ្ឋអាមេរិក។ បញ្ហាហិរញ្ញវត្ថុដ៏រ៉ាំរ៉ៃនេះ បានធ្វើឱ្យអ្នកវិនិយោគអន្តរជាតិមានការសង្ស័យលើស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែងរបស់អាមេរិក ដែលនាំឱ្យមានការកាត់បន្ថយការកាន់កាប់ទ្រព្យសម្បត្តិជាប្រាក់ដុល្លារដើម្បីបង្ការហានិភ័យ។
២/. គោលនយោបាយរូបិយវត្ថុ៖ ការផ្លាស់ប្តូរគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)។ នៅពេលដែលសេដ្ឋកិច្ចអាមេរិកចាប់ផ្តើមថមថយ ហើយអត្រាការប្រាក់ត្រូវបានកាត់បន្ថយ វាក៏ធ្វើឱ្យការវិនិយោគលើមូលបត្របំណុលអាមេរិកលែងមានភាពទាក់ទាញខ្លាំងដូចមុន បើធៀបទៅនឹងរូបិយប័ណ្ណនៃប្រទេសដែលមានកំណើនសេដ្ឋកិច្ចរឹងមាំផ្សេងទៀត។
៣/. ការធ្វើពិពិធកម្មបម្រុងរូបិយប័ណ្ណ៖ និន្នាការការធ្វើពិពិធកម្មរូបិយប័ណ្ណបម្រុង ឬ "De-dollarization"។ ធនាគារកណ្តាលជាច្រើននៅជុំវិញពិភពលោកបានកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ដោយងាកទៅបង្កើនការបម្រុងទុកជាមាស និងរូបិយប័ណ្ណតំបន់ផ្សេងៗវិញ ដើម្បីកាត់បន្ថយឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅ។
យ៉ាងណាមិញ កត្តាទាំងបីនេះបានរួមបញ្ចូលគ្នា បង្កើតជាសម្ពាធយ៉ាងធ្ងន់ធ្ងរដែលរុញច្រានឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះ និងបង្កើតជាឱកាសថ្មីសម្រាប់ទីផ្សារអន្តរជាតិផ្សេងទៀត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


