កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយ ដោយបានជូនដំណឹងទៅកាន់ ប្រធានបេសកកម្ម (ឯកអគ្គរដ្ឋទូត) យ៉ាងហោចណាស់ចំនួន ២៩រូប ថាអាណត្តិរបស់ពួកគេនឹងត្រូវបញ្ចប់ជាស្ថាពរនៅត្រឹម ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP។
ការសម្រេចចិត្តខាងលើកើតឡើងចំពេលមានការផ្លាស់ប្តូររដ្ឋបាលពីលោក Joe Biden ទៅលោក Donald Trump ដែលឆ្លុះបញ្ចាំងពីបំណងរបស់រដ្ឋបាលថ្មី ក្នុងការបោសសម្អាតឥទ្ធិពលនៃគោលនយោបាយចាស់ និងជំនួសមកវិញនូវបុគ្គលិកដែលស្មោះត្រង់ ឬមានទស្សនវិជ្ជាស្របតាមយុទ្ធសាស្ត្រ "អាមេរិកជាចម្បង" (America First) ដើម្បីពង្រឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។
យ៉ាងណាមិញ ជាទូទៅការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតដែលជា "អ្នកទូតនយោបាយ" ជារឿងធម្មតានៅពេលដូរប្រធានាធិបតី ប៉ុន្តែការបញ្ជាឱ្យបញ្ចប់អាណត្តិក្នុងចំនួនច្រើន និងក្នុងពេលដំណាលគ្នាបែបនេះ ត្រូវបានគេមើលឃើញថាជារឿងមិនធ្លាប់មានពីមុនមក។
គួរជម្រាបផងដែរថា ផលប៉ះពាល់ភ្លាមៗនៃការដកអ្នកទូតជាន់ខ្ពស់ទាំង ២៩ រូបនេះ គឺការបង្កើតឱ្យមាន "ចន្លោះប្រហោងនៃអ្នកដឹកនាំ" នៅតាមស្ថានទូតអាមេរិកសំខាន់ៗជុំវិញពិភពលោក។ នៅពេលដែលតំណែងឯកអគ្គរដ្ឋទូតនៅទំនេរ ទំនាក់ទំនងរវាងអាមេរិកនិងប្រទេសម្ចាស់ផ្ទះអាចនឹងជួបភាពរអាក់រអួល ឬខ្វះសន្ទុះក្នុងការចរចាលើបញ្ហាសំខាន់ៗ រហូតទាល់តែមានការតែងតាំងអ្នកថ្មី ដែលត្រូវឆ្លងកាត់ការអនុម័តដ៏ស្មុគស្មាញពីព្រឹទ្ធសភាអាមេរិកជាមុនសិន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


