ក្ដៅៗ! សភាអាមេរិកបានបោះឆ្នោតលុបចោលពន្ធគយរបស់លោក ដូណាល់ ត្រាំ លើប្រទេសមួយនេះ
Pov SaruFEBRUARY 12 20264.5 K views

ថ្មីៗនេះសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តសេចក្តីសម្រេចមួយប្រឆាំងនឹងពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើទំនិញ កាណាដា ដោយនេះជាការស្តីបន្ទោសយ៉ាងខ្លាំងដល់រដ្ឋបាលចំពោះការបង្កសង្គ្រាមពាណិជ្ជកម្មលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។ 

 

យោងតាម BBC សេចក្តីសម្រេចនេះបានអនុម័តដោយសភាក្នុងសំឡេង ២១៩ ទល់នឹង ២១១ ដោយមានសមាជិកសភាសាធារណរដ្ឋចំនួន ៦ រូបបានចូលរួមជាមួយក្រុមប្រជាធិបតេយ្យដើម្បីគាំទ្រសេចក្តីសម្រេចមួយដែលស្វែងរកការបញ្ចប់ពន្ធគយដែលលោក ត្រាំ បានដាក់លើប្រទេស កាណាដា កាលពីខែមុន។ ការបោះឆ្នោតនេះកើតឡើងក្នុងស្ថានភាពដែលគណបក្សសាធារណរដ្ឋកាន់ភាគច្រើនតិចតួច ប៉ុន្តែមានសមាជិកសាធារណរដ្ឋ ៦នាក់បោះឆ្នោតជាមួយគណបក្សប្រជាធិបតេយ្យ ដែលធ្វើឱ្យវិធានការនេះឆ្លងកាត់បាន។

 

ការបោះឆ្នោតនេះបានសម្គាល់ជាពេលវេលាដំបូងដែលសភាតំណាងរាស្ត្រ គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានប្រឈមមុខនឹងប្រធានាធិបតីជុំវិញគោលនយោបាយចុះហត្ថលេខា ដែលទាញការស្តីបន្ទោសភ្លាមៗពីលោក ត្រាំ ។ ដោយមុនពេលបោះឆ្នោតលោក ត្រាំ បង្ហោះសារព្រមានក្រុមសមាជិគណបក្សសាធារណរដ្ឋថា៖ «សមាជិកគណបក្សសាធារណរដ្ឋណាក៏ដោយ នៅក្នុងសភាតំណាងរាស្ត្រ ឬព្រឹទ្ធសភា ដែលបោះឆ្នោតប្រឆាំងនឹងពន្ធគយ នឹងរងទុក្ខយ៉ាងធ្ងន់ធ្ងរនៅពេលបោះឆ្នោត ហើយនោះរួមបញ្ចូលទាំងការបោះឆ្នោតបឋមផងដែរ!»។ លោកបន្ថែមថា៖ «ពន្ធនាំចូលបានផ្ដល់ឱ្យយើងនូវសេដ្ឋកិច្ច និងសន្តិសុខជាតិ ហើយគ្មានសមាជិកគណបក្សសាធារណរដ្ឋណាម្នាក់គួរតែទទួលខុសត្រូវចំពោះការបំផ្លាញឯកសិទ្ធិនេះឡើយ»។

 

ការបោះឆ្នោតនេះផងដែរ ត្រូវបានដាក់ស្នើដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យលោក Gregory Meeks ដែលបានរិះគន់ថា ពន្ធគយរបស់លោក ត្រាំ ថាធ្វើឱ្យខូចទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងបង្កើនតម្លៃទំនិញក្នុងប្រទេស។ បច្ចុប្បន្ន វាត្រូវបានបញ្ជូនទៅព្រឹទ្ធសភាអាមេរិក ដើម្បីពិនិត្យបន្ត។ ទោះជាយ៉ាងណា អ្នកវិភាគមើលឃើញថា វាអាចពិបាកឱ្យក្លាយជាច្បាប់។ ក្នុងពេលតែមួយពន្ធគយរបស់លោក ត្រាំ ក៏កំពុងប្រឈមនឹងការត្រួតពិនិត្យផ្នែកច្បាប់ពីតុលាការកំពូលផងដែរ។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថា ជាជំហានដំបូងក្នុងការខិតខំរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីលុបចោលវិធានការពាណិជ្ជកម្មសំខាន់ៗរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយប្រទេសផ្សេងៗទៀត។

 

គួរបញ្ជាក់ថា ចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតឡើងជាប្រធានាធិបតី លោកបានដាក់ពន្ធជាបន្តបន្ទាប់លើប្រទេស កាណាដា ហើយកាលពីខែ មករា កន្លងទៅនេះបានគំរាមកំហែងយកពន្ធនាំចូល 100% ប្រសិនបើ កាណា ហ៊ានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ចិន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia