ត្រៀមៗ! ក្រុមហ៊ុន យូនីលីវើ មកពីចក្រភពអង់គ្លេស គ្រោងរៀបចំខ្សែសង្វាក់ផលិតកម្មនៅខ្មែរចុងឆ្នាំនេះហើយ
ធី ស្រីល័ក្ខJUNE 25 2026611 views

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន យូនីលីវើ ចក្រភពអង់គ្លេស (Unilever UK) បានចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនកំពុងត្រៀមរៀបចំខ្សែសង្វាក់ផលិតកម្មរោងចក្រនៅក្នុងប្រទេសកម្ពុជា សម្រាប់ផលិតផលមួយចំនួននៅក្នុងឆ្នាំ២០២៦នេះ។

 

ការប្រកាសពីផែនការបង្កើតខ្សែសង្វាក់ផលិតកម្មក្នុងស្រុកនេះ គឺជាជំហានប្រវត្តិសាស្ត្រ និងជាសញ្ញាណដ៏វិជ្ជមានមួយ ខណៈដែលបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) ទាំងអស់១០០ភាគរយ ត្រូវបាននាំចូលពីបណ្តាប្រទេសនានាដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន វៀតណាម ម៉ាឡេស៊ី និងឥណ្ឌា។ ការងាកមកបង្កើតរោងចក្រផលិតផ្ទាល់នៅកម្ពុជានាពេលខាងមុខ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ និងនាំមកនូវផលិតផលស្តង់ដារអន្តរជាតិផលិតផ្ទាល់នៅក្នុងស្រុក។

 

ទន្ទឹមនឹងការប្រកាសពីគម្រោងរោងចក្រថ្មីនេះ ក្រុមហ៊ុនក៏បានធ្វើការបំភ្លឺជូនសាធារណជន និងអតិថិជនរបស់ខ្លួន ទាក់ទងនឹងផលិតផលដែលមានលេខកូដក្បាល ៨៨៥ (Barcode 885) ដែលនៅបន្តមានវត្តមានលើទីផ្សារផងដែរ។ ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ផលិតផលទាំងនោះមិនមែនជាទំនិញដែលក្រុមហ៊ុនទើបតែនាំចូលថ្មីនោះទេ ប៉ុន្តែវាគឺជាស្តុកចាស់ដែលនៅសេសសល់ និងកំពុងស្ថិតនៅក្នុងដៃអាជីវករលក់ដុំនិងរាយតែប៉ុណ្ណោះ។

១៦

គួរបញ្ជាក់ផងដែរថា តាមរយៈការបោះជំហានបង្កើតខ្សែសង្វាក់ផលិតកម្មក្នុងស្រុកនេះ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តឈរជើងយ៉ាងរឹងមាំជាមួយប្រជាជនកម្ពុជា ដើម្បីបន្តផ្តល់ជូននូវផលិតផលប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព និងស្តង់ដារអន្តរជាតិ ជូនដល់គ្រប់ក្រុមគ្រួសារកម្ពុជា៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia