យោងតាមការចុះផ្សាយរបស់ UNESCO Cambodia នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះបានឱ្យដឹងថារមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ្តិ៍ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូហើយ។
ប្រភពដដែលបានឱ្យដឹងថាអង្គការយូណេស្កូ ទទួលស្គាល់ពីសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មពិសេសនៃរមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ និងតម្លៃជាសាកលដ៏លេចធ្លោរបស់ខ្លួន ដែលជាកិត្តិយសដល់កេរដំណែលដ៏យូរអង្វែងនៃអរិយធម៌ខ្មែរ និងការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីការពាររតនសម្បត្តិរបស់ខ្លួនសម្រាប់មនុស្សជាតិជំនាន់ក្រោយ។
ប្រាសាទនេះមានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្តប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ្តិ៍ និង ភូមិស្រយ៉ង់ជើង និងជាសិល្បៈអស្ចារ្យលើស្ថាបត្យកម្ម និងបដិមាធំៗ ដូចជាព្រះឥសូររាំ សិវលិង្គ ព្រះនារាយណ៍ ព្រះព្រហ្ម និងបដិមាទេពផ្សេងៗទៀតដែលប្រកបដោយ សោភណ្ឌភាព និងរស់រវើក.....។ល។
គួរជម្រាបផងដែរថាប្រាសាទកោះកេរ្តិ៍មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តំបន់ប្រាសាទដ៏វិសុទ្ធនេះមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៤៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕
អត្ថបទដោយ៖ ពីង ជូអេង