តាមដានផង! ធនាគារធំមួយនៅស្វីសព្យាកណ៍ថា មាសនឹងឡើងដល់កម្រិតនេះនៅខែក្រោយ
Pov SaruFEBRUARY 5 20265.3 K views

ប៉ុន្មានថ្ងៃនេះសង្កេតឃើញថាហាងឆេងមាសមានការប្រែប្រួលលឿនខ្លាំង តម្លៃមាសឡើងចុះលឿនស្ទើរតែតាមមិនទាន់។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ៥ ខែកម្ភៈ នេះដោយយោងតាមហាងមាស ហាក់ គន្ធា ហាងឆេងមាសបានធ្លាក់មកវិញនៅត្រឹម ៦០៨ ដុល្លារក្នុង ១ជី ខណៈដែលកាលពីម្សិលវាឡើងដល់ ៦២៥ដុល្លារក្នុង ១ជី។ យ៉ាងណាមិញ នេះមិនមែនជាទីបញ្ចប់នៃការប្រែប្រួលរបស់មាសនោះទេ ដោយថ្មីៗនេះធនាគារដ៏ធំមួយនៅ ស្វីស បានព្យាកណ៍ថា មាសនឹងឡើងខ្លាំងទៀតនៅខែក្រោយ។

 


យោងតាម CNBC ចុះផ្សាយកាលពីថ្ងៃទី ៤ ធនាគារ UBS ដែលជាធនាគារធំមួយនៅ ស្វីស បានព្យាកណ៍ថា មាសនឹងឡើងដល់កម្រិត ៦,២០០ដុល្លារក្នុងមួយអោន (៧,៤៦៩ដុល្លារក្នុង ១ដំឡឹង ឬ ៧៤៦ដុល្លារក្នុង ១ជី) នៅខែក្រោយ មុនពេលវាធ្លាក់ចុះមកត្រឹម ៥,៩០០ដុល្លារក្នុងមួយអោន (៧,១០៨ដុល្លារក្នុង ១ដំឡឹង ឬ ៧១០ដុល្លារក្នុង ១ជី) នៅចុងឆ្នាំនេះ។

 


គួរបញ្ជាក់ថា តម្លៃមាសនៅទីផ្សារពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងអំឡុងឆ្នាំ ២០២៥ និងបន្តរក្សាកម្រិតខ្ពស់ចូលមកដល់ឆ្នាំ ២០២៦ នេះ។ អ្នកវិភាគអន្តរជាតិបានលើកឡើងថា មានកត្តាជាច្រើនដែលពាក់ព័ន្ធនឹងភាពមិនប្រាកដប្រជាខាងផ្នែកនយោបាយពិភពលោក គោលនយោបាយរូបិយវត្ថុ និងការផ្លាស់ប្តូរទិសដៅវិនិយោគរបស់ធនាគារកណ្ដាលប្រទេសនានា។ 

 

ហើយប្រសិនបើភាពតានតឹងខាងនយោបាយ និងហានិភ័យសេដ្ឋកិច្ចនៅតែបន្ត អ្នកវិភាគព្យាករណ៍ថា តម្លៃមាសអាចនៅតែរក្សាកម្រិតខ្ពស់ខ្លាំងក្នុងឆ្នាំ ២០២៦ និងបន្តជាទ្រព្យសុវត្ថិភាពសំខាន់សម្រាប់អ្នកវិនិយោគទូទាំងពិភពលោក៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia