ចប់បាក់ឌុបមិនដឹងរើសជំនាញអ្វី? លោកបណ្ឌិត ហៃ សុវង្ស ចែករំលែកជំនាញល្អៗចំនួន ២ ដែលនិស្សិតគួរពិចារណាសិក្សា
Pen SodalenSEPTEMBER 7 2026303 views

ការជ្រើសរើសជំនាញសិក្សាបន្ទាប់ពីបញ្ចប់ថ្នាក់បាក់ឌុប គឺជាការសម្រេចចិត្តដ៏មានសារសំខាន់មួយសម្រាប់ អនាគត របស់សិស្សានុសិស្ស។ ការដែលជ្រើសរើសជម្រើសឱ្យត្រូវទៅនឹងចំណូលចិត្ត និងតម្រូវការទីផ្សារការងារ គឺជាកត្តាចម្បង ដែលត្រូវយកចិត្តទុកដាក់បំផុត។ ផ្អែកតាមប្រសាសន៍របស់  លោកបណ្ឌិត ហៃ សុវង្ស សាស្ត្រាចារ្យនៃ មហាវិទ្យាល័យ នីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លោកបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍អំពី ជំនាញសំខាន់ៗដែលនិស្សិតគួរចាប់យកដើម្បីអភិវឌ្ឍខ្លួន និងបម្រើសង្គម។

 

ទាក់ទងនឹងជំនាញនីតិសាស្ត្រ   លោកបណ្ឌិតបានបញ្ជាក់ថា  គ្រប់ស្ថាប័នទាំងអស់ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ ថ្នាក់ក្រោមជាតិ សុទ្ធតែត្រូវការអ្នកជំនាញផ្នែកច្បាប់ដើម្បីជួយដោះស្រាយបញ្ហានានា។ ទោះបីជានិស្សិតបញ្ចប់ការសិក្សា លើជំនាញនេះមិនបានប្រកបវិជ្ជាជីវៈផ្ទាល់ដូចជា មេធាវី ចៅក្រម ព្រះរាជអាជ្ញា ឬក្រឡាបញ្ជីក៏ដោយ ក៏ចំណេះដឹង ផ្នែកច្បាប់នៅតែមានប្រយោជន៍យ៉ាងច្រើនក្នុងការយកទៅដឹកនាំទៅលើការងារផ្សេងៗបានផងដែរ។ លើសពីនេះ ការយល់ដឹងពីច្បាប់បានច្បាស់លាស់ នឹងជួយឱ្យបុគ្គលម្នាក់ៗក្លាយជាពលរដ្ឋល្អដែលចូលរួមគោរពច្បាប់នៅក្នុងសង្គមបានត្រឹមត្រូវ

 

ចំណែកឯជំនាញរដ្ឋបាលសាធារណៈវិញ គឺជាការសិក្សាស្វែងយល់អំពីការគ្រប់គ្រងរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរៀនពីរបៀបធ្វើការងារដើម្បីបម្រើប្រជាពលរដ្ឋ។ ជំនាញនេះមានតម្រូវការទីផ្សារការងារទូលំទូលាយណាស់  ​ ​ព្រោះមិនថាស្ថាប័នរដ្ឋ ក្រសួង ឬក្រុមហ៊ុនឯកជននោះទេ សុទ្ធតែត្រូវការអ្នករដ្ឋបាលដូចគ្នា។ ជាងនេះទៅទៀត កម្មវិធីសិក្សាបច្ចុប្បន្នបានបញ្ចូលនូវការវិភាគទិន្នន័យ និងកម្មវិធីឌីជីថល ដើម្បីបង្កើនសមត្ថភាពនិស្សិតឱ្យចេះវិភាគ បញ្ហា ស្វែងរកដំណោះស្រាយ និងសរសេរគោលនយោបាយដឹកនាំបានប្រកបដោយប្រសិទ្ធភាព។

 

ទោះជាយ៉ាងណា លោកបណ្ឌិតបានគូសបញ្ជាក់ថា ទាំងជំនាញនីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ សុទ្ធតែតម្រូវឱ្យ និស្សិតមានការខិតខំប្រឹងប្រែង និងអានសៀវភៅឱ្យបានច្រើន ដែលខុសពីជំនាញខាងវិទ្យាសាស្ត្រពិត។ សាស្ត្រាចារ្យ គ្រាន់តែជាអ្នកចង្អុលបង្ហាញផ្លូវ ប៉ុណ្ណោះ ដូច្នេះអ្វីដែលសំខាន់គឺនិស្សិតខ្លួនឯងត្រូវស្វ័យសិក្សា និងស្រាវជ្រាវបន្ថែម។ ចំពោះប្រាក់ចំណូលវិញ ប្រសិនបើធ្វើការជាមន្ត្រីរាជការអាចទទួលបានប្រាក់ខែប្រហាក់ប្រហែល ៥០០ ដុល្លារ ហើយបើធ្វើការនៅតាមធនាគារ ឬក្រុមហ៊ុនឯកជន អាចបានចាប់ពី ៥០០ ដល់ ៧០០ ដុល្លារ ឬច្រើនជាងនេះ ប្រសិនបើមានសមត្ថភាពច្បាស់លាស់ និងរកបានស្ថាប័នដែលសមស្រប។

 

ជាចុងក្រោយ លោកបណ្ឌិត ហៃ សុវង្ស បានធ្វើការផ្តាំផ្ញើទៅកាន់ប្អូនៗដែលប្រឡងបាក់ឌុបឆ្នាំ ២០២៦ នេះ ឱ្យខិតខំរៀនសូត្រ ជ្រើសរើសជំនាញទៅតាមចំណូលចិត្ត និងព្យាយាមបណ្តុះបណ្តាលសមត្ថភាពខ្លួនឯងឱ្យលេចធ្លោ។ លោកបានបន្ថែមថា ជំនាញអ្វីក៏ល្អដែរ ទោះបីជាប្អូនៗមួយចំនួនចង់រៀនវគ្គខ្លីៗដើម្បីចេញទៅបើកអាជីវកម្មផ្ទាល់ខ្លួន ក៏ដោយ អ្វីដែលសំខាន់បំផុតគឺត្រូវខិតខំរៀនឱ្យចេះប្រាកដ ប្រកបដោយចំណេះដឹងច្បាស់លាស់ និងចេះចាប់យក ឱកាស ដើម្បីយកចំណេះធ្វើជាប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិទាំងមូល។

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia