ក្រុមហ៊ុន Shanghai Qixiang New Materials Technology Co.,Ltd. និងក្រុមហ៊ុន Runze Packaging Materials Co,.Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន បានសម្រេចចិត្ដដាក់ទុនវិនិយោគនៅក្នុងខេត្ដស្វាយរៀងនៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដស្វាយរៀង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តសានដុង និងនៅក្រុងZibo នៃសាធាររដ្ឋប្រជាមានិតប្រទេសចិន ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូរដ្ឋបាលខេត្តចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន៖
- ចូលរួមកម្មវិធី “Shandong International Friendship Cities Cooperation and Exchange Week and 7th China-CEEC Local Leaders’ Meeting” និងកម្មវិធីវេទិការពិភាក្សារវាងថ្នាក់ដឹកនាំខេត្ត ក្រុងសម្ព័ន្ធមិត្តនៅទីក្រុងជីណាន (Jinan) ខេត្តសានដុង (Shandong)។
-ជួបប្រជុំជាមួយថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានាក្រោមប្រធានបទ “Meet you in Zibo” និងធ្វើបទបង្ហាញស្តីពីសក្តានុពលរបស់ខេត្តស្វាយរៀង ដើម្បីទាក់ទាញអ្នកវិនិយោគ និងចូលរួមជំនួបពិភាក្សាការងារជាមួយអ្នកវិនិយោគនៅខេត្តសានដុង ។
ឯកឧត្តមអភិបាលបានថ្លែងនូវក្តីរីករាយនិងអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំខេត្តសានទុង និងដៃគូវិនិយោគនានាដែលមានចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ជាពិសេសខេត្តស្វាយរៀង។

ឯកឧត្តមបន្ថែមថា រដ្ឋបាលខេត្តសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនចំនួនពីរដែលបានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) នាពេលឆាប់ៗខាងមុខនេះ និងបានស្តែងឱ្យឃេីញបានកាន់តែច្បាស់នូវការជឿជាក់លេីរាជរដ្ឋបាលកម្ពុជា ដែលជាការបោះជំហានទៅមុខក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្ត។
សូមជម្រាបថា ខេត្ដស្វាយរៀងបានក្លាយជាដ៏ទាក់ទាញនៅក្នុងការវិនិយោគ ជាក់ស្ដែងកាលពីខែមេសា ឆ្នាំ២០២៦ ខេត្ដស្ថិតនៅភាគខាងអាគ្នេយ៍មួយនេះ ទទួលបានគម្រោងវិនិយោគសរុប ៥ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕




