ស្ថិតក្នុងគ្រាដ៏លំបាក ដែលប្រទេសជាតិរងការឈ្លៀនពានពីសំណាក់បរទេស ប្រជាជនខ្មែរគ្រប់រូប ទាំងទ័ពជួរមុខ និងទ័ពជួរក្រោយ បានស្រាកដៃគ្នាយ៉ាងរឹងមាំ រួមកាយរួមចិត្ត ជួយយកអាសារគ្នាគួរជាទីមោទនភាព។ ជាក់ស្តែងធនគារធំៗ ២ ខាងក្រោមនេះ បានសម្រេចលុបចោលបំណុល ដល់យោធិនពលី និងរងរបួស ក្នុងសមរភូមិការពារបូរណភាពទឹកដី៖
១/. ធនាគារ ជីប ម៉ុង៖ បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនយោធិនពលីជីវិត និងយោធិនពិការ នៅក្នុងប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ លើសពីនេះ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ ធនាគារ ជីប ម៉ុង ក៏បានឧបត្ថម្ភជាថវិកា ៣,០០០,០០០ ដុល្លារអាមេរិក រួមទាំងអង្ករ ៣០០តោន និង ទឹកពិសាកម្ពុជា ៣០,០០០ កេស ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹកផងដែរ។
២/. ធនាគារ អេស៊ីលីដា៖ បានលុបចោលបំណុលរបស់ យុទ្ធជនពលី និងរងរបួសក្នុងពេលប្រយុទ្ធជាមួយកងទ័ពថៃ ចំនួនជាង ៤,០០០,០០០ ដុល្លារអាមេរិក និងត្រៀមលុបចោលបំណុលប្រមាណ ៣០,០០០,០០០ ដុល្លារអាមេរិកបន្ថែមទៀត បន្ទាប់ពីកម្ពុជារងការឈ្លានពានពីថៃជាលើកទី ២ នៅចុងឆ្នាំ ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៦ ខែធ្នូ។
គួរជម្រាបផងដែរថា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃបានបានវិវត្តក្លាយជាជម្លោះប្រដាប់អាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្រោយមក ប្រទេសទាំងពីរក៏បានយល់ព្រមអនុវត្តបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែជម្លោះបានផ្ទុះឡើងជាថ្មីម្តងទៀតក្នុងខែធ្នូ ដែលបង្កឲ្យបាត់បង់ជីវិតមនុស្ស ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបង្កផលប៉ះពាល់ដល់ជនភៀសសឹករាប់ម៉ឺននាក់៕


