កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ នាវេលាម៉ោង ១១:០០am ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លើទឹកដីប្រទសម៉ាឡេស៊ី ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ កម្ពុជានិងថៃ រួមទាំងមានការចូលរួមជាសាក្សីពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន។
ក្នុងកម្មវិធីជាប្រវត្តិសាស្ត្រនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា៖ «នេះជាថ្ងៃដ៏រំភើប ព្រោះយើងបានធ្វើរឿងមួយដែលមនុស្សជាច្រើននិយាយថាមិនអាចទៅរួច។ ហើយយើងបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់លើកិច្ចព្រមព្រៀងមួយនេះ»។
ក្នុងនោះលោកប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា សន្តិភាពមិនត្រឹមតែជាការផ្អាកអាវុធទេ ប៉ុន្តែជាការរស់រាននៃប្រជាជនរាប់លាននាក់ដែលមិនចាំបាច់រស់នៅក្នុងភាពភ័យខ្លាចនៃភ្លើងសង្គ្រាម។ កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានគេមើលឃើញថាជាមាគ៌ាអនាគតដ៏រុងរឿងសម្រាប់ប្រជាជនកម្ពុជា និងថៃ ដែលអាចបន្តសហការគ្នានៅក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ រួមទាំងវិស័យជាច្រើនផ្សេងទៀត។
យ៉ាងណាមិញ លោកក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងខាងលើមិនត្រឹមតែមានអត្ថន័យសម្រាប់ប្រទេសកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍ដ៏ល្អក្នុងតំបន់ទាំងមូល និងជាផ្នែកមួយនៃការបង្កើតស្ថិរភាពយូរអង្វែង រួមទាំងជាការចាប់ផ្តើមនៃសម័យសន្តិភាពថ្មីសម្រាប់តំបន់អាស៊ីអាគ្នេយ៍៕



