កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានធ្ងន់ៗថា បណ្ដាប្រទេសដែលព្យាយាមដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗជាមួយសហរដ្ឋអាមេរិក នឹងត្រូវរងនូវពន្ធគយខ្ពស់ជាងមុន។ យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ជុំវិញការប្រកាសខាងលើ បានកើតឡើងបន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីសប្តាហ៍មុន បានសម្រេចបដិសេធទៅលើគោលនយោបាយពន្ធគយចាស់របស់លោក ត្រាំ ដែលផ្អែកលើច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ១៩៧៧។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គម Truth Social ថា លោកនៅតែមានអំណាចផ្លូវច្បាប់ផ្សេងទៀតដែលមានឥទ្ធិពល និងច្បាស់លាស់ជាងមុន ដើម្បីដាក់ពិន័យលើប្រទេសទាំងឡាយណាដែលលោកចាត់ទុកថា មិនស្មោះត្រង់ជាមួយអាមេរិក។
កន្លងមក លោក ត្រាំ បានអនុវត្តការដំឡើងពន្ធនាំចូលពី ១០% ទៅ ១៥% លើទំនិញនាំចូលពីគ្រប់ទិសទីជុំវិញពិភពលោក។ ប៉ុន្តែយុទ្ធសាស្ត្រថ្មីនេះ អាចនឹងរុញច្រានអត្រាពន្ធឱ្យកាន់តែខ្ពស់បន្ថែមទៀត ដើម្បីបង្ខំឱ្យដៃគូពាណិជ្ជកម្មទាំងអស់គោរពតាមការសន្យារបស់ខ្លួន និងដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ងណាមួយដែលចង់កេងចំណេញសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកតាមរយៈចន្លោះប្រហោងនៃច្បាប់។
គួរជម្រាបផងដែរថា ការប្រកាសចុងក្រោយនេះ វាបានបង្ហាញឱ្យឃើញថា លោក ត្រាំ ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់កណ្តាប់ដៃដែកផ្នែកសេដ្ឋកិច្ច ដើម្បីធានាថាគ្មានប្រទេសណាមួយហ៊ានងាកចេញពីការព្រមព្រៀងជាមួយអាមេរិកឡើយ ដែលនេះអាចនឹងធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មសកលកាន់តែមានភាពមិនប្រាកដប្រជាបន្ថែមទៀត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

បញ្ជាទិញតាម https://t.me/BusinessCambodiaBook


