ប្រទេសនៅអាស៊ីមួយនេះអាចនឹងទទួលបានការបញ្ចុះពន្ធពីអាមេរិក ក្រោមហេតុផលសំខាន់នេះ
Pov SaruFEBRUARY 3 2026798 views

កាលពីថ្ងៃ ចន្ទ លោក ដូណាល់ ត្រាំ បានប្រកាសនឹងបន្ថយពន្ទលើប្រទេស ឥណ្ឌា ពី ៥០% មកនៅត្រឹម ១៨% វិញបន្ទាប់ពី ឥណ្ឌ សន្យាឈប់ទិញប្រេងពី រុស្សី ហើយងាកមកទិញប្រេងពីអាមេរិកវិញ។ កាលពីខែ សីហា លោក ត្រាំ បានដាក់ពន្ធបន្ថែមលើទំនិញ ឥណ្ឌា ចំនួន ២៥% ដើម្បីបង្ខំឱ្យ ឥណ្ឌា ឈប់ទិញប្រេងពីរុស្ស៊ី ប៉ុន្តែពេលនេះអ្នកនាំពាក្យសេតវិមានបានប្រាប់សារព័ត៏មាន CNN ថាលោក ត្រាំ បានសម្រេចចិត្តដកពន្ធបន្ថែមដែលលោកបានដាក់នោះចេញវិញហើយ ថែមទាំងបន្ថយពន្ធចាស់ឱ្យនៅត្រឹមតែ ១៨% ប៉ុណ្ណោះ។ 

 

លោក ត្រាំ បានប្រកាសនៅលើប្រពន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃ ចន្ទ ថាលោកបានហៅទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដោយនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានយល់ព្រមកាត់បន្ថយពន្ធលើទំនិញអាមេរិកមកសូន្យ (0%) និងដកចេញឧបសគ្គមិនមែនពន្ធគយមួយចំនួន ទោះបីមិនបានបញ្ជាក់ច្បាស់ថាជាអ្វីខ្លះក៏ដោយ។ ឧបសគ្គទាំងនេះ ជាញឹកញាប់រួមមាន ពន្ធពិសេសលើសេវាកម្មរបស់ក្រុមហ៊ុនអាមេរិក ឬពន្ធអាករបន្ថែមលើតម្លៃទំនិញ (VAT)។ ឥណ្ឌាក៏បានសន្យាវិនិយោគលើទំនិញអាមេរិក “ក្នុងកម្រិតខ្ពស់ជាងមុន” បន្ថែមលើការវិនិយោគចំនួន ៥០០ ពាន់លានដុល្លារ លើវិស័យថាមពល បច្ចេកវិទ្យា កសិកម្ម និងធ្យូងថ្ម នៅសហរដ្ឋអាមេរិក។

 

ទោះបីឥណ្ឌាមិនមែនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិកក៏ដោយ ការកាត់បន្ថយពន្ធនេះនៅតែអាចមានឥទ្ធិពលគួរឱ្យកត់សម្គាល់។ សហរដ្ឋអាមេរិកបាននាំចូលទំនិញពីឥណ្ឌា ៩៥.៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ គិតត្រឹមខែវិច្ឆិកា ដែលស្មើប្រហែល ៣% នៃតម្លៃទំនិញនាំចូលសរុប។ ខណៈពេលដូចគ្នា អាមេរិកបាននាំចេញទំនិញទៅឥណ្ឌា ៤២ ពាន់លានដុល្លារ តាមទិន្នន័យពីការិយាល័យជំរឿនប្រជាជនអាមេរិក (US Census Bureau)។

 

ក្នុងចំណោមទំនិញសំខាន់ៗដែលអាមេរិកនាំចូលពីឥណ្ឌាកាលពីឆ្នាំមុន មានកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដូចជា ទូរស័ព្ទ ឱសថ សម្លៀកបំពាក់ និងគីមី។ តម្លៃគ្រឿងអលង្ការនៅសហរដ្ឋអាមេរិក បានកើនឡើងក្នុងខែចុងក្រោយៗនេះ មួយផ្នែកដោយសារពន្ធលើទំនិញពីឥណ្ឌា។ ខណៈដែលទំនិញសំខាន់ៗដែលឥណ្ឌានាំចូលពីអាមេរិក រួមមាន ប្រេង ឧស្ម័ន យន្តហោះ និងគ្រឿងបន្លាស់យន្តហោះ។ លើសពីទំនិញទៅទៀត ក្រុមហ៊ុនធំៗនៅអាមេរិក កាន់តែពឹងផ្អែកលើឥណ្ឌា។ ក្រុមហ៊ុនដូចជា American Express, JPMorgan Chase, Microsoft និង Google បានពង្រីកវត្តមានរបស់ខ្លួននៅឥណ្ឌា ដោយជួលបុគ្គលិកនៅទីនោះ ជំនួសការឧបត្ថម្ភទិដ្ឋាការឱ្យមកធ្វើការនៅអាមេរិក ហើយថែមទាំងបើកការិយាល័យថ្មីៗនៅទីនោះផងដែរ។ 

 

គួរបញ្ជាក់ថា ឥណ្ឌា ធ្លាប់បាននាំចូលប្រេងពី រុស្សី ប្រហែល ១,៥ លានបារ៉ែលរាស់ថ្ងៃ បើទោះបីលោក ត្រាំ បានប្រកាសដាក់ពន្ធលើទំនិញ ឥណ្ឌា រាប់ខែជាការដាក់ទណ្ឌកម្មក៏ដោយ។ តែយ៉ាងណា ពេលនេះឥណ្ឌា នឹង អាមេរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នាហើយ ដោយឥណ្ឌា ក៏ប្រកាសនឹងឈប់ទិញប្រេងពីរុស្សី ទៀតដែរ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia