អស្ចារ្យណាស់ មានក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុនមួយឈ្មោះថា TreeFul គ្រោងសាងសង់ផ្ទះបន្តោងដើមឈើប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ពិភពលោក នៅលើភ្នំគូលែនខ្មែរ ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោក។នេះបានការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។
បើតាមការឱ្យដឹងរបស់ លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា បានអញ្ជើញមកប្រទេសកម្ពុជា ដោលោកយបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។
ក្រោយពីបានចុះទៅតាមទីតាំងក្នុងប្រទេសកម្ពុជារួចមក លោក Satoru Kikugawa មានបង្ហាញចំណាប់អារម្មណ៍ចង់សាងសង់ផ្ទះបន្តោងប្រណិត នៅលើភ្នំគូលែន ព្រោះនៅតំបន់ប្រវត្តិសាស្រ្តមួយនេះមានដើមឈើធំៗ មានទឹក មានសត្វព្រៃ និងនៅជិតអតីតរាជធានីបុរាណផងដែរ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើត ផ្ទះបន្តោងដើមឈើនេះ។
ក្រោយពីមើលឃើញពីសក្តានុពលទាំងអស់នៅតំបន់ភ្នំគូលែនរួចមក លោក Satoru Kikugawa បានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស មកពិនិត្យវាយតម្លៃអំពីសក្តានុពល និងផលប៉ះពាល់នៅតំបន់នេះ និងឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធ ដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះ ។
លោក Katsuhito បន្តទៀតថា បើទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គម្រោងនេះ នឹងផ្តល់ផលចំណេញច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់ផងដែរ ព្រោះថា ផ្ទះបន្តោងនេះ វាក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ពិសេសវានឹងជួយទាក់ទាញអ្នកទេសចរដែលមានគុណភាពឲ្យមកលេង និងពន្យាពេលស្នាក់នៅកម្ពុជា ក្នុងនោះខេត្តសៀមរាបផ្ទាល់។
លោក Katsuhito បានលើកឡើងទៀតថា ផ្ទះបន្តោងនេះ នឹងត្រូវរចនាឡើងដោយប្រណិតភាព ព្រោះវាជាគម្រោងមួយដែលមានមេត្រីភាពជាមួយបរិស្ថាន ខណៈប្រទេសជប៉ុន ជាប្រទេសដែលស្រឡាញ់បរិស្ថាន ដូច្នេះគម្រោងនេះ វាមិនបានបំផ្លាញបរិស្ថាននោះទេ ហើយវាក៏ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG) ហេតុនេះពេលគម្រោងនេះអនុវត្ត កម្ពុជាក៏អាចក្លាយជាគោលដៅដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុនដទៃទៀត ដែលគេបានស្គាល់កម្ពុជា តាមរយៈផ្ទះបន្តោងដើមឈើ (Tree house) របស់ក្រុមហ៊ុន TreeFul នេះ ៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង


