ថ្មីៗនេះក្រុមហ៊ុន Toyota Cambodia បានបង្ហាញតម្លៃថ្មីនៃរថយន្ដ Toyota Fortuner ដែលផ្គុំនិងដំឡើងផ្ទាល់នៅរោងចក្រក្នុងស្រុកខ្មែរ។ អ្វីដែលពិសេសរថយន្ដដែលដំឡើងក្នុងស្រុកមួយគ្រឿងនេះ គឺមានតម្លៃទាបជាងមុនដល់ទៅជាង ៧ ពាន់ដុល្លារឯណោះ ។
តាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា រថយន្ដ Toyota Fortuner គឺមានតម្លៃត្រឹមតែ ៦៥ ៥០០ ដុល្លារប៉ុណ្ណោះ។ ហើយរថយន្ដមួយប្រភេទក៏មានបំពាក់នូវអេក្រង់មានទំហំធំ ភ្ជាប់មកជាមួយ 𝐀𝐩𝐩𝐥𝐞 𝐂𝐚𝐫𝐏𝐥𝐚𝐲, 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐀𝐮𝐭𝐨 ជាពិសេស ភ្ជាប់មកជាមួយ 𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 ដែលអាចប្រើប្រាស់បានដូច 𝐒𝐦𝐚𝐫𝐭 𝐏𝐡𝐨𝐧𝐞 ដែរ។
ក្រៅពីនោះក៏មានប្រព័ន្ធសំឡេង 𝐉𝐁𝐋 ១១គ្រាប់ ជួយអោយសួរស័ព្ធក្នុងរថយន្តកាន់តែច្បាស់ល្អ មិនថាលោកអ្នកអង្គុយនៅកន្លែងណាក៏ដោយ។ ម៉ាស៊ីនត្រជាក់មានបីតំបន់ ដែលជាតក្តាជំរុញឲ្យរថយន្តត្រជាក់ ក្នុងរយៈពេលខ្លី និងចំណុចពិសេសៗជាច្រើនទៀត។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុន Toyota ទើបនឹងបានសម្ពោធដាក់ឲ្យដំណើរការរោងចក្រដំឡើងរថយន្ដដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងនោះសម្រាប់ឆ្នាំទី១ រោងចក្រថ្មីនេះនឹងធ្វើការដំឡើងរថយន្ដចំនួន ២ ម៉ូដែល គឺ HILUX និង FORTUNER ដើម្បីផ្ដល់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស៕