ឆាប់ៗខាងមុខនេះក្រុមហ៊ុន Toyota នឹងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស សានកូ ក្រុងប៉ោយប៉ែត ដែលជារោងចក្រផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា តំណាងក្រុមហ៊ុន Toyota Tsusho Corporation បានមានប្រសាសន៍ថា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Toyota Tsusho Corporation នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើមុខសញ្ញាវិនិយោគ ផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត (Automotive Wire Harness) ។
ក្នុងនោះ សម្រាប់រោងចក្រថ្មីនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ ៨០០ កន្លែងបន្ថែមទៀត។ ខណៈបច្ចុប្បន្ន កម្មករនិយោជិតកម្ពុជាមួយចំនួន កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ និងនៅក្រុមហ៊ុន Yazaki (Cambodia) Products Co.,Ltd នៅខេត្តកោះកុង៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង