ពីក្មេងស្រីច្រៀងក្រោមឆាក តន់ ចន្ទសីម៉ា ប្រឹងដើរតាមក្តីស្រមៃ រហូតគេទទួលស្គាល់សមត្ថភាពល្បីធ្លាយដល់ក្រៅស្រុក
Kan DaraAPRIL 18 20231.1 K views

ដើមឈូកស្រស់ស្អាតដុះចេញពីភក់ជ្រាំ មនុស្សរឹងមាំរមែនឆ្លងកាត់ការលំបាក មានស្លាកស្នាមរបួសជាប់ខ្លួន។ មិនខុសប្លែកអ្វីពីយុវតី តន់ ចន្ទសីម៉ា ធ្លាប់ជាក្មេងស្រីច្រៀងក្រោមឆាក ប្រឹងរត់ប្រណាំងព្រេងវាសនា រហូតមហាជនទទួលស្គាល់សមត្ថភាពក្នុងនាមជាតារាចម្រៀងអាជីពម្នាក់ ជ្រាបដល់ស្រុកក្រៅថែមទៀត។

124

យុវតីវ័យ២៤ឆ្នាំ តន់ ចន្ទសីម៉ា ជាអ្នកខេត្តតាកែវ ហាក់មានឈាមជ័រសិល្បៈរត់ត្របាញ់តាំងពីវ័យក្មេងមកម្ល៉េះ។ កាលពីអាយុ៥ឆ្នាំ ហេតុតែចង់រៀនពេកតែមិនទាន់គ្រប់អាយុ កុមារីរូបនេះបានប្រើសមត្ថភាពច្រៀងរបស់ខ្លួន បញ្ចុះបញ្ចូលគ្រូឲ្យទទួលចូលរៀនទាល់តែបាន។ សីម៉ា បានបង្ហោះលើគណនីហ្វេសបុកនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «កាលពីអាយុ៥ឆ្នាំ ខ្ញុំទៅសាលាជាមួយបងស្រី ខ្ញុំយំចង់ចូលរៀន កាលនោះសាលាមិនទាន់ទទួលទេព្រោះមិនទាន់គ្រប់អាយុ តែនៅពេលខ្ញុំយំពេកអ្នកគ្រូសួរថា ចង់រៀននឹងចេះអីខ្លះ? ហើយខ្ញុំក៏ឆ្លើយថាចេះច្រៀង អ្នកគ្រូក៏ឲ្យច្រៀង។ អ្នកគ្រូឃើញច្រៀងបានល្អរួមនិងភាពក្លាហានក៏សម្រេចចិត្តទទួល»

ាាា

ប៉ុន្មានឆ្នាំកន្លងផុតទៅហាក់ត្រឹមពេលមួយរាត្រី សីម៉ា ចម្រើនវ័យធំដឹងក្តីឱបក្រសោបទេពកោសល្យពីកំណើត និងតែងបញ្ចេញវាឲ្យមនុស្សជុំវិញខ្លួនឃើញបើទោះបីពុំទាន់មានឱកាសកាន់ក្បាលមេក្រូលើឆាកធំក៏ដោយ។ លុះចូលដល់ឆ្នាំ២០១៦ នាងបានចូលប្រឡងក្នុងកម្មវិធី The Vioce Cambodia រដូវកាលទីពីរ ក្រោយមកក៏បានបោះជំហានកសាងខ្លួនក្លាយជាតារាចម្រៀងស្រីជួរមុខម្នាក់នៅក្នុងផលិតកម្ម Galaxy Navatra។ ក្មេងស្រីតូចច្រម៉ក់រូបនេះ បានលើកឡើងលើគណនីហ្វេសបុកនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា៖ «២០១៥&២០២៣! ពីយុវជនស្ម័គ្រចិត្ត​ស.ស.យ.ក-ខេត្តតាកែវច្រៀងបទនគររាជ​ និងពង្សាវតាបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ឆ្នាំ២០១៥ ធ្លាប់មានក្តីស្រមៃថាថ្ងៃណាមួយខ្ញុំនិងច្រៀងលើឆាកធំ អង្គរសង្ក្រាន្តឱ្យបាន ពេលនេះខ្ញុំធ្វើបានហើយ អរគុណជាពិសេសដល់ពុកម៉ែបងប្អូនដែលគាំទ្រ»

Zz

ក្នុងដំណើរជីវិតដ៏វែងឆ្ងាយឆ្ពោះទៅរកក្តីស្រមៃ តារាចម្រៀងស្រី តន់ ចន្ទសីម៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «ពេលខ្ញុំឃើញរូបខ្លួនឯង មានអារម្មណ៍ថាខ្ញុំដើរបានឆ្ងាយដែរហើយខ្ញុំអាចញញឹមមុខកាមេរ៉ាបាន គឺដើម្បីបំពេញក្ដីសុបិន ស្វែងរកអនាគតសមរម្យមួយ មិនចង់ចាញ់ឈ្នះអ្នកណាម្នាក់ទេ គឺចង់យកឈ្នះខ្លួនឯង។ ទោះខ្ញុំធ្លាប់បរាជ័យ តែខ្ញុំមិនចុះចាញ់នឹងជីវិតខ្លួនឯងទេ នៅពេលដែលរាងកាយខ្ញុំផ្ដល់អារម្មណ៍មកខ្ញុំថាហត់ណាស់ហើយ តែខ្ញុំតែងតែឆ្លើយប្រាប់ខ្លួនឯងថា មិនទាន់ដល់គោលដៅមិនអាចសំរាកបានទេ។ តើបងប្អូនណាខ្លះដែរហត់ហើយ មិនហ៊ានសម្រាកបាន?»។

Aaa

គួរជម្រាបផងដែរថា តារាចម្រៀងបែបយុវវ័យកញ្ញា តន់ ចន្ទសីម៉ា ហាក់មានសន្ទុះប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ក្នុងវិស័យចម្រៀង ក្រោយចូលជ្រកក្រោមទ្រនំផលិតកម្ម Galaxy Navatra ព្រោះសឹងតែគ្រប់បទចម្រៀងរបស់នាង បញ្ចេញមកសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង និងល្បីល្បាញពេញបណ្តាញសង្គម។ ភាពលេចធ្លោនេះ បានធ្វើឲ្យក្រុមហ៊ុនមួយនៅប្រទេសថៃ មិនរុញរាលគិតគូរវែងឆ្ងាយឡើយ ក្នុងការវិនិយោគលើវិស័យចម្រៀងជាមួយក្រុមហ៊ុន Galaxy Navatra ដោយក្នុងនោះក៏មានវត្តមាន តន់ ចន្ទសីម៉ា ផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ បទចម្រៀងរបស់កញ្ញាចំណងជើង «ស្រលាញ់អ្វីដែលខ្មែរមាន» នឹងលើកយកមកបកស្រាយលើឆាកធំរបស់ព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

យ៉ាងណាមិញ មេរៀនដែលយើងអាចរៀនសូត្របានពីក្មេងស្រីមាឌល្អិតខាងលើ គឺការប្រឹងរត់តាមក្តីស្រមៃមិនសំចៃកម្លាំង។ មិនថាក្តីស្រមៃអ្នកជាអ្វី មានរូបរាងដូចម្តេច ធំប៉ុនណា អ្នកនៅតែអាចកសាងវាបានចេញពីបាតដៃទាំងពីររបស់អ្នក ដូចអត្តពលិកឈ្នះមេដាយមាស៤ ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩៣៦ លោក Jesse Owens បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នាមានសុបិន ប៉ុន្តែ​ដើម្បី​សម្រេច​ក្តី​សុបិន​ឲ្យ​ក្លាយ​ជា​ការ​ពិត វា​ត្រូវ​ការ​ការ​តាំង​ចិត្ត ការ​លត់ដំ​ខ្លួន និង​ការ​ខិត​ខំ​យ៉ាង​ខ្លាំង»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia