ក្នុងប្រវត្តិសាស្ត្រកម្ពុជាតាំងពីបុរាណកាលដល់បច្ចុប្បន្ន មិនថានៅទីក្រុង ជនបទ ស្រុកស្រែចំការឬបណ្តាខេត្តខណ្ឌចង្កាត់មាត់ញកនោះទេ គឺតែងមានបង្កប់នូវបុគ្គលល្បី បុគ្គលឆ្នើមដែលមានស្នាដៃក្នុងការកសាងកេរ្តិ៍ឈ្មោះ កិត្តិយសខ្ពង់ខ្ពស់ទាំងខ្លួនឯងក៏ដូចជាសង្គមជាតិទាំងមូល។ ដោយឡែកថ្ងៃនេះ Business Cambodia នឹងដឹកដៃមិត្តអ្នកអានមកស្គាល់បុគ្គលមានមុខមាត់ សម្បូរស្នាដៃចំនួន០៥រូប ដែលប្រសូត្រចេញពីទឹកដីនៃខេត្តតាកែវ៖
១/. សម្តេចព្រះមហាឃោសានន្ធ វ៉ា យ៉ាវ
សម្តេចព្រះមហាឃោសានន្ធ វ៉ា យ៉ាវ គឺជាព្រះសង្សរាជដែលទទួលស្គាល់ដោយប្រជាជនកម្ពុជា និងបាននារទេសភាសព្រះកាយទៅគង់នៅក្រៅប្រទេសក្នុងអំឡុងសម័យរបបខ្មែរក្រហម។ ព្រះអង្គ គឺជាបុគ្គលមួយរូបដែលមានតួនាទីសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងការផ្សព្វផ្សាយព្រះធម៌ ស្វែងរកសន្តិភាព និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា។ ព្រះមហាឃោសានន្ធដែលមានព្រះនាមដើមថា វ៉ា យ៉ាវ ទ្រង់ប្រសូត្រនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩២៥ ក្នុងត្រកូលកសិករ ក្នុងឃុំបារាយ ស្រុកដូនកែវ ខេត្តតាកែវ។
២/. ព្រឹទ្ធាចារ្យវោហារ ប្រាជ្ញ ឈួន
ព្រឹទ្ធាចារ្យវោហារ ប្រាជ្ញ ឈួន គឺជាវីរករសិល្បៈខ្មែរផ្នែកចម្រៀងចាប៉ីដងវែងទទួលបានចំណាប់ថ្នាក់លេខមួយក្នុងការប្រឡងប្រជែងជ្រើសរើសសិល្បករផ្នែកចម្រៀងដងវែងចាប៉ីថ្នាក់ជាតិរបស់វិទ្យុជាតិកម្ពុជា។ កំពូលវីរសិល្បកររូបនេះ គឺជាសិល្បករមួយរូបដែលមានចំណេះដឹងជ្រៅជ្រះផ្នែកអក្សរសាស្ត្រខ្មែរ កំណាព្យកាព្យឃ្លោង ព្រមទាំងមានទេពកោសល្យវោហារសារស័ព្ទស្តាប់ទៅមិនចេះជិនណាយរហូតត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រទានគោរម្យងារព្រឹទ្ធាចារ្យវោហារ ប្រាជ្ញ ឈួន។ លោកប្រសូត្រនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៣៦ ក្នុងឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
៣/. ម្ចាស់គ្រូវជិប្បញ្ញោ សាន សុជា
ម្ចាស់គ្រូវជិប្បញ្ញោ សាន សុជា គឺជាព្រះសង្ឃមួយអង្គដែលមានចំណេះដឹង ចំណេះវិជ្ជា ជ្រៅជ្រះខ្ពង់ខ្ពស់ នៅក្នុងចំណោមព្រះសង្ឃទាំងអស់នៃវិស័យព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ព្រះអង្គ ប្រសូត្រនាឆ្នាំ១៩៧៦ នៅភូមិតាអុក ឃុំកំពង់ញុល ស្រុកទ្រាំង ខេត្តតាកែវ។
៤/. លោកតាបណ្ឌិតព្រឹទ្ធាចារ្យ កុល ផេង
លោកតាបណ្ឌិតព្រឹទ្ធាចារ្យ កុល ផេង គឺជាស្ថាបនិកនិងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លោកគឺជាបុគ្គលខ្មែរដែលមានចំណេះដឹងជ្រៅជ្រះ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ មិនតែប៉ុណ្ណោះលោកក៏ជាព្រឹទ្ធាចារ្យដែលមានសន្ដានចិត្តសប្បុរសមួយរូប ដោយបានផ្តល់ឱកាសឲ្យកូនខ្មែរមានជីវភាពក្រីក្រ និងសាមណសិស្សដែលជាព្រះសង្ឃខ្វះខាតជាច្រើនអង្គ មកពីតាមបណ្តាខេត្តចង្កាត់មាត់ញកស្រុកស្រែចំការនានា ដើម្បីបន្តការសិក្សាដោយឥតគិតថ្លៃនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លោកធ្លាប់ជាអតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកកើតនាឆ្នាំ១៩៣៥ ក្នុងភូមិគ្រោះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
៥/. លោក សាំង សំណាងង៉ោ
លោក សាំង សំណាងង៉ោ៖ គឺជាតារាភាពយន្តថ្នាក់អន្តរជាតិទទួលបានពានរង្វាន់អូស្កា ប្រសូតនាថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៤០ ក្នុងឃុំសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ ដែលនៅទីនោះគេឃើញសាលាបឋមសិក្សាមួយនៅតាមបណ្តោយផ្លូវជាតិលេខ២ ភ្ជាប់ឈ្មោះរបស់លោកគឺសាលាបឋមសិក្សាហាំង ង៉ោ ស្មៅខ្ញី ។ លោក ហាំង ង៉ោ មានឈាមជ័រជាខ្មែរកាត់ចិន ដ្បិតម្តាយរបស់លោកគឺជាជនជាតិខ្មែរ និងឪពុកមានឈាមជ័រចិន។ លោក ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងតំណាងរាស្ត្រមណ្ឌលតាកែវ ដែលបច្ចុប្បន្ន (ខែកុម្ភៈឆ្នាំ២០១៥) ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស គឺជាប្អូនប្រុសរបស់លោក ហាំង ង៉ោ។ ជាទូទៅគេស្គាល់ត្រឹមតែឈ្មោះ ហាំង ង៉ោ ប៉ុន្តែតាមពិតលោកមានឈ្មោះពេញថាហាំង សំណាងង៉ោ។
យ៉ាងណាមិញ លើទឹកដីសុវណ្ណភូមិកម្ពុជាគ្រប់ច្រក់ល្ហក់រាប់ចាប់តាំងពីភូមិស្រុកដល់ខេត្តក្រុង ពីមួយសម័យកាលទៅមួយសម័យកាល គឺតែងតែមានបង្កប់នូវបុគ្គលល្បី បុគ្គលឆ្នើម និងបុគ្គលដែលមានស្នាដៃ ចំពោះការកសាងកេរ្តិ៍ឈ្មោះ កិត្តិយស ប្រយោជន៍ ព្រមទាំងមានសមត្ថភាពនិងសក្តានុពលខ្ពស់នៅក្នុងការជួយជ្រោមជ្រែងឲ្យសង្គមជាតិឲ្យរីកចម្រើន ទៅតាមចំណេះ ជំនាញ និងទេពកោសល្យរៀងៗខ្លួនពីមួយជំនាន់ទៅមួយជំនាន់តាំងពីបុរាណកាលរហូតមកទល់សព្វថ្ងៃនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦


