មួយរយៈពេលចុងក្រោយនេះ គុនខ្មែរហាក់ទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ទាំងព្រឹត្តិការណ៍ និងកីឡាករឆ្នើម ល្បីដល់ក្រៅប្រទេស។ ខាងក្រោមនេះ គឺជាកីឡាករគុនខ្មែរ៤រូប មានប្រវត្តិធ្លាប់ប្រកួតមិនធម្មតា ដណ្តើមពានលេខមួយ បង្ហូតទង់ជាតិកម្ពុជាបក់រវិចៗឈរបង្អួតរាងលើសង្វៀនប្រដាល់អន្តរជាតិ៖
១/. កែវ រំចង់
បើនិយាយពីអ្នកលេងគុនខ្មែរ កែវ រំចង់ មិនត្រឹមតែល្បីក្នុងស្រុកនោះទេ សូម្បីនៅឯប្រទេសថៃ ក៏ល្បីដែរជាពិសេសលើសង្វៀនលំដាប់ Thai Fight តែម្ដង។ មិនតែប៉ុណ្ណោះ លោកថែមទាំងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺដល់ទៅ៤០ប្រទេស នៅលើពិភពលោក ដោយគេបានទទួលស្គាល់រូបលោកថា ជាកីឡាករជើងខ្លាំងពិបាករកគូប្រកួត។ ខ្លាកំណាចមកពីខេត្តបាត់ដំបងរូបនេះ មានកម្ពស់ ១,៦៨ម៉ែត្រ ទម្ងន់៧២គីឡូក្រាម ធ្លាប់ប្រកួតចំនួន១៧៤ដង ឈ្នះចំនួន១៥៧ដង ចាញ់ចំនួន១៣ដងគត់ និងស្មើចំនួន០៤ដង។
២/. សេន ប៊ុនថេន
អ្នកលេងជើងរន្ទះ សេន ប៊ុនថេន គឺជាអតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ អំឡុងឆ្នាំ២០១៥ ពីការប្រកួតកម្រិតជាតិ និងអន្តរជាតិជាច្រើនលើក និងធ្លាប់ឈ្នះខ្សែក្រវាត់លើសង្វៀន Thai Fight ផងដែរ ។ បច្ចុប្បន្ន លោកគឺជាគ្រូជំនួយក្រុមជម្រើសជាតិគុនខ្មែរ និងជាគ្រូបង្វឹកនៅក្លឹបប្រដាល់ប៉ែនកាក់គុនខ្មែរកំពុងបណ្ដុះធនធានកីឡាករជាច្រើនរូប។
៣/. ធឿន ធារ៉ា
អ្នកលេងផ្លែកែង ធឿន ធារ៉ា បានក្លាយជាកីឡាករគុនខ្មែរដំបូងគេដែលដណ្តើមបានខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ បន្ទាប់ពីរូបលោកបានវាយកែងបណ្តាលឱ្យជើងខ្លាំងចាស់វស្សារបស់ថៃ Saiyok Sakchainrong បែកធំ និងត្រូវបានគ្រូពេទ្របញ្ឈប់ត្រឹមទឹកទី១ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នេះក្នុងប្រភេទទម្ងន់៧២,៥គីឡូក្រាម។
ជាមួយការឈ្នះខ្សែក្រវាត់ Thai Fight នេះ ធឿន ធារ៉ា ទទួលបានប្រាក់រង្វាន់សរុបជិត៣ម៉ឺនដុល្លារ ហើយរូបលោកក៏ទទួលបានប្រាក់ឧបត្ថម្ភពីជនរួមជាតិជាច្រើនទៀតផងដែរ ព្រោះគ្រប់គ្នា ពិតជារំភើបខ្លាំងបំផុត ដែល ធារ៉ា បានផ្តួលខ្លាកំណាចប្រចាំនៅ Thai Fight សៃយុគ បានសម្រេច ខណៈកីឡាករកម្ពុជាច្រើននាក់ណាស់ បានសន្លប់ និងចាញ់ នៅលើសង្វៀនមួយនេះ ពោលគឺមានតែ សេន ប៊ុនថេន និង កែវ រំចង់ ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះនៅ Thai Fight កន្លងមក ប៉ុន្តែនោះគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិប៉ុណ្ណោះ មិនមែនជាការប្រកួតដណ្តើមខ្សែក្រវាត់ដូច ធឿន ធារ៉ា នោះឡើយ។
៤/. ព្រំ សំណាង
កាលពីម្សិលមិញ កីឡាករជើងខ្លាំងទម្ងន់ ព្រំ សំណាង បានយកឈ្នះខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍ Thai Fight ក្នុងប្រទេសថៃដោយផ្តួលគូប្រកួតសន្លប់ត្រឹមទឹកទីមួយ ល្បីពេញស្រុកថៃ។ កីឡាករគុនខ្មែរវ័យ៣០ឆ្នាំ ព្រំ សំណាង មានកម្ពស់ ១,៨៣ម៉ែត្រ ទម្ងន់៧៥គីឡូក្រាម ធ្លាប់ប្រកួតចំនួន ១១៨ដង ឈ្នះចំនួន១១៣ដង ចាញ់ចំនួន០២ដងគត់ និងស្ទើរចំនួន០៣ដង។ លើសពីនេះ លោកបានបង្កើតប្រវត្តិសាស្ត្រឱ្យខ្លួនឯង ដោយ៨ប្រកួតចុងក្រោយ រូបលោកមិនដែលស្គាល់ពាក្យថាចាញ់ ខណៈបានផ្តួលដៃគូឱ្យសន្លប់រហូតដល់ទៅ៧ដងឯណោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦