«លោភលន់នាំទៅរកភាពលិចលង់» គិតមុនគូរ ព្រោះអំបិលនិងស្ករពណ៌វាដូចគ្នា។ មួយរយៈពេលចុងក្រោយនេះ ការឆបោក បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុកគេលើកមកនិយាយជាញឹកញាប់។ ប៉ុន្តែរាល់ការបោកប្រាស់ទាំងអស់វាពុំមែនជាកំហុសរបស់ជនរងគ្រោះទាំងស្រុងទេ វាក៏បណ្ដាលមកពីភាពឆ្លាតវៃរបស់ជនឱកាសនិយមផងដែរ។ ខាងក្រោមនេះគឺជាក្បួនបោកដ៏ល្បីល្បាញទាំង៥ កំពុងពេញនិយមខ្លាំងនៅកម្ពុជា និងពិភពលោក៖
១/. ធនាគារអនឡាញ
ក្បួនបោកមួយនេះគឺ មានជនខិលខូចមួយចំនួន បានបង្កើតផេក (Facebook Page) និង Telegram ដោយដាក់ឈ្មោះស្រដៀងនឹងធនាគារ ឬភ្នាក់ងារឥណទានជាដើម រួចហើយបានប្រើប្រាស់អាសយដ្ឋានធនាគារដើម្បីទាញទំនុកចិត្តអតិថិជន។ ជនខិលខូចទាំងនោះ បានបន្លំឈ្មោះធនាគារ ឬភ្នាក់ងារឥណទានណាមួយ ដើម្បីបោកបញ្ឆោតសាធារណជន និងឱ្យអតិថិជនបង់ប្រាក់ជាមុនដើម្បីស្នើសុំឥណទាននៅខាងធនាគារ។ ក្បួនបោកមួយនេះគេឃើញច្រើនប្រើបានផលទៅលើ វិនិយោគិនដែលកំពុងត្រូវការដើមទុន។
២/. សិក្ខាសាលាវិនិយោគ
ក្បួនបោកមួយប្រភេទនេះវាមិនជាទូទៅឡើយ គឺអាចមានជនខិលខូចមួយចំនួនតូចដែលឆ្លៀតឱកាសបង្កើតវាឡើងមក។ គេអាចនឹងនិយាយថា ចូលរួមជាមួយគេ អ្នកដាក់តែលុយទៅ គេច្បាស់ជាឱ្យលុយចំណេញគុណនឹង ២ ឬ៣ នៅក្នុងរយៈពេលកំណត់ណាមួយ។ អ្នកអាចនឹងជឿ ហើយគិតថាមិនងាយរកបានទេ មិនហត់អីផងបានលុយចំណេញដែរ ប៉ុន្តែអ្នកភ្លេចគិតទៅហើយថា "ម្ចាស់អណ្ដូងមាសឯណា សុខចិត្តឱ្យយើងទៅជីកមាសក្នុងអណ្ដូងគេ"។
ឬម្យ៉ាងទៀត ពួកគេដើរបបួលមហាជនមកចូលរួមវិនិយោគ ដោយគ្រាន់តែដាក់លុយក្នុងចំនួនណាមួយ ហើយគាត់នឹងទទួលបានផលចំណេញក្នុងកម្រិតណាមួយដូចជា ១០% ២០% ៣០% ឬច្រើនជាងនេះក៏មាន។ គេតែងបបួលវិនិយោគលើវិស័យនេះ វិស័យនោះ ហើយចុងក្រោយជាការបោកប្រាស់។ ត្រូវចាំថាការរកស៊ីដែលគេបបួលថា ចំណេញច្រើន ធានាមិនបាត់ទុន ឬក្លាយជាអ្នកមានឆាប់ គឺភាគច្រើនជាការបោកប្រាស់តែប៉ុណ្ណោះ។ អាស្រ័យហេតុនេះសូមបង្កើនការប្រុងប្រយ័ត្នឱ្យមែនទែន សូមសិក្សាពីកម្មវិធី ក៏ដូចជាបុគ្គលដែលបង្កើតសិក្ខាសាលាឱ្យច្បាស់សិន មុននឹងសម្រេចចិត្តបង់លុយរៀន ដើម្បីបង្ការការខាតបង់លុយកាក់។
៣/. ក្បួនឆបោក ពីរ៉ាមីដ (Pyramid Scheme)
គឺជាការឆបោកតគ្នា ដោយការបញ្ចុះបញ្ចូលមនុស្សម្នាក់ឲ្យទៅលក់បន្តទៅមនុស្សម្នាក់ផ្សេងទៀត ហើយដើម្បីចំណេញបានកាន់តែច្រើនម្នាក់ផ្សេងទៀតនោះ ខំប្រឹងស្វែងរកអ្នកចែកចាយទំនិញបន្តទៀតជាបន្តបន្ទាប់ ដែលប្រព័ន្ធនេះមានរូបរាងដូចជាពីរ៉ាមីដ ហើយអ្នកដែលចំណេញជាងគេ គឺអ្នកនៅខាងលើបំផុត។ ឧទាហរណ៍ដូចជា អ្នកទិញទំនិញពីមិត្តម្នាក់ ហើយគេក៏បបួលអ្នកធ្វើជាអ្នកចែកចាយលក់បន្ត ទៅឲ្យអ្នកផ្សេងទៀតដើម្បីបានចំណេញ ម្នាក់ផ្សេងទៀតនោះចង់ចំណេញ ក៏ទៅបបួលមនុស្សម្នាក់ទៀតចែកចាយបន្ត គេហៅថា Multi-Level Marketing (MLM)។ MLM គឺជាការធ្វើទីផ្សារស្របច្បាប់ប្រសិនបើប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅទិញ។
តែការឆរបោក ពីរ៉ាមីដ មិនដូច្នេះទេ ផលិតផលដែលពួកគេលក់ គឺជារបស់គ្មានប្រយោជន៍ ឬ មិនមានតម្លៃសមហ្នឹងថ្លៃលក់នោះឡើយ ហើយចំណូលសំខាន់ គឺបានមកពីការបន្តបញ្ចុះបញ្ចូលគ្នីគ្នាឲ្យធ្វើជាតំណាងចែកចាយលក់បន្ត ។ ក្បួនឆបោកនេះ នឹងដួលរលំ ពេលដែលគ្មានមនុស្សថ្មីចូលរួមលក់បន្ត។
៤/. ក្បួនបោក ពុនហ្សី (Ponzi)
របៀបបោកប្រាស់ដ៏ប៉ិនប្រសប់នេះ ត្រូវបានគេដាក់ឈ្មោះតាម Charles Ponzi ជនជាតិអ៊ីតាលី ដែលលេចឡើងក្នុងឆ្នាំ ១៩២០ ដោយលោកបានធ្វើការធានាសន្យារថា អាចធ្វើឲ្យលុយវិនិយោគរបស់អ្នកកើនឡើងទ្វេដង ក្នុងរយៈពេល ៩០ថ្ងៃប៉ុណ្ណោះ។ តែតាមពិតទៅជាក់ស្តែង គឺ Charles Ponzi គ្រាន់តែយកលុយពី អ្នកវិនិយោគថ្មី មកសងជូនអ្នកវិនិយោគចាស់ ហើយលោកបន្តបន្វិលលុយបែបនេះ ដែលធ្វើឲ្យអ្នកវិនិយោគមានជំនឿចិត្ត និងបន្តវិនិយោគបន្ថែម។ តែរបៀបបង្វិលលុយបែបនេះ នឹងដួលរលំពេលលែងមានមនុស្សថ្មីវិនិយោគ ហើយចំនួនអ្នកដែលចង់ដកលុយកើនឡើង។
៥/. ក្បួនបោកដីឡូតិ៍ដ៏សាហាវ
ក្បួនបោកព្រឺរោមមួយនេះ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានពោលថាជាអំពើបោកដ៏សាហាវគឺ ដីតម្លៃមួយលានដុល្លារ អ្នកពុះដីឡូតិ៍បានទៅទិញពីម្ចាស់ទីមួយ ក៏ប៉ុន្តែបង់តែ៣០ម៉ឺនដុល្លារទេ ហើយ៧០ម៉ឺនដុល្លារទៀតនៅពេលដែលគេផ្ទេរកម្មសិទ្ធដែលបានបង់។ លុះប្រជាជនដែលជាអ្នកទីបីពុំបានដឹង ឃើញគេពុះលក់ក៏ទៅទិញ ប៉ុន្តែកម្មសិទ្ធគឺនៅម្ចាស់ដើមដដែល ចំណែកលុយនៅសេសសល់៧០ម៉ឺនទៀត ម្ចាស់ដីទីពីរ(អ្នកពុះដីឡូតិ៍)អត់បង់ទៅឲ្យម្ចាស់ទីមួយ អីចឹងម្ចាស់ដើមអត់ផ្ទេរកម្មសិទ្ធឲ្យ ហើយអ្នករងគ្រោះគឺអ្នកទីបី ជាអ្នកទិញដីឡូតិ៍។ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមថា៖ «បើយើងបង់លុយហើយបានដីឡូតិ៍វាមិនជាបញ្ហាអី្វទេ តែកុនត្រង់ថាម្ចាស់ដីឡូតិ៍ហ្នឹងគឺអត់ឲ្យលុយទៅម្ចាស់ទីមួយគ្រប់ ម្លោះហើយជនរងគ្រោះជាអ្នកទីបីដែលត្រូវដោះស្រាយហើយខាតបង់លុយ»។ ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នឲ្យមែនទែនគម្រោងដីឡូតិ៍ដែលទិញពីគេ ហើយមិនទាន់បង់លុយដាច់ឲ្យម្ចាស់ដើម ព្រោះថាអាចនឹងមានបញ្ហា។
សូមជម្រាបផងដែរថា មូលហេតុសំខាន់ៗ ដែលនាំឱ្យមនុស្សត្រូវចាញ់បោកគេ មានតែ៣ប៉ុណ្ណោះគឺ លោភលន់ ខ្វះចំណេះដឹង ចង់មានងាយពេក។ ប្រសិនបើលោកអ្នកអាចលុបបំបាត់កំហុសទាំង៣នេះ លោកអ្នកនឹងអាចចៀសផុតពីការចាញ់បោកគេ៕
ប្រភព៖ Pyramid Scheme
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
កម្មវិធីសម្ពោធសៀវភៅ «ច្រវាក់ប្រាក់ខែ» ប្រធានបទ៖ “ផ្លូវបង្កើតចំណូលច្រើនច្រកពីលើប្រាក់ខែ”
🎯មាតិកាកម្មវិធី
✅ រូបមន្តបុគ្គលិកឆ្នើម [លោកស្រី យូ បូរី]
✅ ក្បួនធ្វើការសម្រេចក្ដីស្រមៃ [អ្នកនិពន្ធ កាន់ ដារ៉ា]
✅ បុគ្គលិកផ្នត់គំនិតថៅកែ [ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ]
✅ បំប្លែងជំនាញចេញជាលុយច្រើនច្រក [លោក សំ កុសល]
តម្លៃចូលរួម ១៥$/នាក់
ទំនាក់ទំនងចុះឈ្មោះ https://t.me/nunaHC24