ប្រយ័ត្នអត់ដឹង! កំពូលខ្សែភាពយន្តហូលីវូដ ៥រឿងនេះ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់
Kan DaraMAY 5 20248.2 K views

សិល្បៈ គឺជាទម្រង់នៃចង្កោមរូបភាពឆ្លុះបញ្ជាំងពីតថភាពជាក់ស្តែងនៅក្នុងសង្គមមួយទាំងវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ ច្បាប់ វិន័យ សាសនា សីលធម៌ សុជីវធម៌ និងរបៀបរបបក្នុងការនៅរបស់ប្រជាជនពីមួយសម័យកាលទៅមួយសម័យកាល។ ក្នុងនោះខ្សែភាពយន្តហូលីវូដខ្នាតអន្តរជាតិ ៥រឿង បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់៖

/. The Killing Fields (វាលពិឃាត)

ខ្សែភាពយន្ត The Killing Fields ត្រូវបានផលិតឡើងនៅឆ្នាំ១៩៨៤ ដឹកនាំដោយផលិតករជនជាតិអង់គ្លេសលោក Roland Joffe ដែលរៀបរាប់អំពីអ្នកកាសែតអាមេរិកមានឈ្មោះ Sydney Schanberg និងអ្នកកាសែតខ្មែរ Dith Pran នាសម័យខ្មែរក្រហមនៅកម្ពុជា។ លោក ហាំង ង៉ោ ដែលសម្តែងជាតួអង្គ Dith Pran បានក្លាយទៅជាពលរដ្ឋខ្មែរដំបូងគេបំផុតដែលឈ្នះពានរង្វាន់អូស្ការ «Best Supporting Actor»។

ក្នុងឆ្នាំ១៩៩៩ វិទ្យាស្ថានភាពយន្តអង់គ្លេសបានបោះឆ្នោតរឿង The Killing Fields ឬ វាលពិឃាត ជាខ្សែភាពយន្តអង់គ្លេសដ៏អស្ចារ្យបំផុតទី១០០ ក្នុងសតវត្សរ៍ទី២០។ នៅឆ្នាំ២០១៦ ទស្សនាវដ្តីភាពយន្តចក្រភពអង់គ្លេសក៏បានដាក់រឿងនេះជាប់ចំណាត់ថ្នាក់លេខ៨៦ នៅក្នុងបញ្ជីខ្សែភាពយន្តអង់គ្លេស១០០ ល្អបំផុតរបស់ពួកគេថែមទៀតផង។

២/. First, They killed my father (មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ)

First, They killed my father ឬ មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ជាខ្សែភាពយន្តខ្នាតអន្តរជាតិ ផលិតក្នុងឆ្នាំ២០១៧ ដឹកនាំសម្តែងដោយតារាហូលីវូដដ៏ល្បីល្បាញគឺលោកស្រី Angelina Jolie។ រឿងនេះត្រូវបានប្រែសម្រួលចេញពីសៀវភៅដ៏ល្បីល្បាញមួយរបស់លោកស្រី Loung Ung ដែលពិពណ៌នាអំពីជីវិតផ្ទាល់ខ្លួនរបស់លោកស្រីតាមរយៈការចង់ចាំដ៏ឈឺចាប់ក្នុងសម័យខ្មែរក្រហមនៅឆ្នាំ១៩៧៥ ខណៈដែលលោកស្រីមានអាយុ៥ឆ្នាំ ត្រូវបានបង្ខំឲ្យហ្វឹកហាត់ជាទាហានកុមារ ចំណែកឯបងប្អូនស្រីរបស់លោកស្រីត្រូវបានបញ្ជូនទៅជំរុំការងារក្នុងរបបខ្មែរក្រហម។

ខ្សែភាពយន្តនេះបានចាក់បញ្ចាំងនៅមហោស្រពភាពយន្ត Telluride និងមហោស្រពភាពយន្តអន្តរជាតិ Toronto ក្នុងឆ្នាំ២០១៧ ហើយត្រូវបានចាក់ផ្សាយទូទាំងពិភពលោកនៅលើ Netflix នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៧។

/. A River Changes Course (ក្បង់ទឹកទន្លេ)

A River Changes Course គឺជាភាពយន្តឯកសារផលិតក្នុងឆ្នាំ២០១៣ ដោយអ្នកស្រី Kalyanee Mam។ ខ្សែភាពយន្តនេះផ្តោតទៅលើផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសបញ្ហាកាប់បំផ្លាញព្រៃឈើ និងការចុះថមថយនៃជុលផល។

A River Changes Course បានចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្ត Sundance កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៣ និងបានឈ្នះពានរង្វាន់ Grand Jury Prize សម្រាប់ភាពយន្តឯកសារពិភពលោក។ ខ្សែភាពយន្តនេះក៏បានទទួលពានរង្វាន់ Golden Gate Award សម្រាប់ពានរង្វាន់ឯកសារល្អបំផុតនៅមហោស្រពភាពយន្តអន្តរជាតិសាន់ហ្វ្រាន់ស៊ីស្កូឆ្នាំ២០១៣ ផងដែរ។

៤/. Angkor Awakens: A Portrait of Cambodia 2017 (អង្គរភ្ញាក់ឡើង: ទិដ្ឋភាពនៃប្រទេសកម្ពុជា)

ភាពយន្តនេះត្រូវបានដឹកនាំនិងផលិតដោយលោក Robert H. Lieberman ជាខ្សែភាពយន្តឯកសារនិយាយអំពីដំណើរប្រវត្តិរបស់កម្ពុជាតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន។ ខ្សែភាពយន្តនេះនាំអ្នកទស្សនាទៅកាន់ដំណើរប្រវត្តិសាស្រ្ត រួមទាំងស្វែងយល់ពីទិដ្ឋភាពផ្លូវចិត្តដោយលាតសន្ធឹងពីអតីតកាលរហូតដល់បច្ចុប្បន្នដែលពោរពេញទៅដោយភាពតានតឹងដែលប្រជាជនកម្ពុជាវ័យក្មេងព្យាយាមផ្លាស់ប្តូររើបំរាស់ចេញពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតក្នុងប្រទេសរបស់ខ្លួន។

/. Lara Croft: Tomb Raider 2001

ជាខ្សែភាពយន្តបែបផ្សងព្រេងដែលផលិតឡើងក្នុងឆ្នាំ២០០១។ ខ្សែភាពយន្តនេះត្រូវបានថតឡើងនៅក្នុងតំបន់ឧទ្យានអង្គរ ជាពិសេសប្រសាទតាព្រហ្ម ដោយផ្អែកលើខ្សែវីដេអូហ្គេម Tomb Raider ដែលសម្តែងដោយលោកស្រី Angelina Jolie ជាតួអង្គ Lara Croft។ Tomb Raider ត្រូវបានចេញផ្សាយនៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ ២០០១ និងជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅថ្ងៃចេញផ្សាយដំបូងរបស់ខ្លួន។

ជាមួយគ្នានេះ ក៏មានខ្សែភាពយន្តហូលីវូដខ្នាតធំ៥រឿងទៀត ក្នុងចំណោមខ្សែភាពយន្តជាច្រើនដែលបានផលិតលើទឹកដីនៃនរគក្រុងកម្ពុជាដូចជារឿង Wish You Were Here (ឆ្នាំ២០១២), Two Brothers (ឆ្នាំ២០០៤), Same Same But Different (ឆ្នាំ២០០៩), Swimming to Cambodia (ឆ្នាំ១៩៨៧), និងរឿង The Missing Picture (២០១៣) ជាដើម៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia