គេថាមនុស្សឆ្លាតគឺជាមនុស្សដែលស្គាល់ច្បាស់ពីកាលៈទេសៈ រីឯអ្នករកស៊ីពូកែក៏មិនមែនជាមនុស្សដែលងាប់ក្រឡា រកស៊ីរបរដែលកំពុងនាំខ្លួនទៅកាន់ភាពបរាជ័យនាពេលអនាគតនោះដែរ។ ជាក់ស្ដែងសម្រាប់អ្នករកស៊ីដែលទទួលបាននូវភាពជោគជ័យធំៗនាពេលបច្ចុប្បន្ន ក៏ធ្លាប់ជួបភាពបរាជ័យ ធ្លាប់បិទអាជីវកម្ម ធ្លាប់លក់អាជីវកម្មឱ្យគេផងដែរ។ តើពេលណាដែលអាជីវកម្មអ្នកគួរតែលក់ចេញ ដើម្បីជៀសវាងការដួលរលំ ខាតបង់កាន់តែធ្ងន់?
១. វិស័យដែលអ្នកកំពុងរកស៊ីកំពុងធ្លាក់ចុះ
ការរកស៊ីចាំបាច់ត្រូវចេះសម្លឹងមើលប្រភេទ និងវិស័យអាជីវកម្មនោះ តាំងពីថ្ងៃដំបូងមកម៉្លេះ ព្រោះបើអ្នកជ្រើសរើសរកស៊ីក្នុងវិស័យខុស ឬនិយាយឱ្យងាយយល់រកស៊ីរបរថ្ងៃលិច ដែលប្រុងនឹងធ្លាក់ចុះហើយ នោះមានន័យថាអាជីវកម្មអ្នកក៏នឹងធ្លាក់ចុះផងដែរ។ អាស្រ័យហេតុនេះ បើសិនជាអ្នកព្យាករណ៍ថា អាជីវកម្មដែលអ្នកកំពុងរកស៊ី វាប្រឈមនឹងការធ្លាក់ចុះហើយ វាមិនជាបញ្ហានោះទេ បើសិនជាអ្នកសម្រេចចិត្តថា លក់អាជីវកម្មនោះចេញ។
២. អ្នកដឹកនាំលែងមានក្ដីស្រលាញ់ចំពោះអាជីវកម្ម
ក្ដីស្រលាញ់ គឺពិតជាមានឥទ្ធិពលខ្លាំងណាស់ចំពោះការដឹកនាំអាជីវកម្ម ព្រោះការបង្កើតអាជីវកម្មមួយ មិនខុសអ្វីពីការបង្កើតកូននោះទេ ពោលគឺត្រូវមានក្ដីស្រលាញ់ ការយកចិត្តទុកដាក់ ការតស៊ូលះបង់ ដើម្បីចិញ្ចើមអាជីវកម្មនោះឱ្យរស់នៅធំធាត់បានយូរអង្វែង។ បើសិនជាអ្នកច្បាស់ថា អ្នកលែងមានចំណង់ លែងមានក្ដីស្រលាញ់ចំពោះអាជីវកម្មដែលអ្នកកំពុងធ្វើទេ អាជីវកម្មនោះនឹងដួលរលំជាមិនខាន ដូច្នេះវាមិនជាជម្រើសអាក្រក់នោះទេ បើសិនជាអ្នកផ្ទេរវាទៅឱ្យមនុស្សដែលអាច មើលថែអាជីវកម្មនេះបានល្អជាងអ្នកនោះ។
៣. ទីផ្សារប្រកួតប្រជែងខ្លាំងពេក
បើសិនជាទីផ្សារប្រកួតប្រជែងមួយ ដែលក្រុមហ៊ុនបរទេសចូលមកប្រៀបដូចជាឆ្លាមសមុទ្រ រីឯអាជីវកម្មយើងប្រៀបដូចជាកូនត្រីដ៏តូចមួយ វាពិតជាមានហានិភ័យណាស់ ក្នុងការប្រកួតប្រជែងឈ្នះគេ។ ត្រង់ចំណុចនេះ គឺមិនមែនលើកទឹកចិត្តឱ្យអ្នកងាយចុះចាញ់ ងាយបោះបង់នោះទេ ប៉ុន្តែគ្រាន់តែចង់ឱ្យអ្នកឆ្លាត ចេះស្គាល់កាលៈទេសៈពេលណាគួរសម្រុក ពេលណាគួរដកតែប៉ុណ្ណោះ។ ជាក់ស្ដែងក្នុងវិស័យដឹកជញ្ជូន ពេលដែលក្រុមហ៊ុនបរទេសស្ដង់ដាខ្ពស់ ធនធានមនុស្សខ្លាំង ទុនច្រើន ចូលមករកស៊ី ក៏បានធ្វើការទិញយកអាជីវកម្មតូចៗក្នុងស្រុកជាច្រើនផងដែរ ដើម្បីពង្រីកសក្ដានុពលរបស់ខ្លួន។ ដូច្នេះបើសិនជាអាជីវកម្មអ្នកគិតថាមានអ្វីដែលគេត្រូវការ ការលក់ឱ្យក្រុមហ៊ុនធំៗដែលគ្រោងនឹងមកស៊ីយើង ក៏មិនជារឿងគួរឱ្យស្ដាយនោះដែរ។
ជារួមមកវិញ ការករស៊ីដោយលក់ក្រុមហ៊ុនឱ្យគេ មុនពេលវាដួលរលំ មិនមែនជារឿងអន់នោះទេ ប៉ុន្តែវាជាជម្រើសមួយដ៏ឆ្លាតវៃទៅវិញទេ បើសិនជាអ្នកចេះរំដោះខ្លួនចេញពីការខាតបង់ដ៏ធំ។ ត្រូវចាំថាអ្នករកស៊ី ជាមនុស្សដែលពូកែព្យាករណ៍អនាគត ចេះស្គាល់កាលៈទេសៈ និងចេះដកថយមួយជំហាន ដើម្បីឈានទៅមុខកាន់តែឆ្ងាយផងដែរ៕ រៀនគំនិតរកស៊ីល្អៗ និង គន្លឹះដឹកនាំជីវិត សូមចូលក្នុងគ្រុបពិសេសខ្ញុំទីនេះ ( https://t.me/LongVathanak777 )


