ស្ថានភាពសេដ្ឋកិច្ចមិននឹងនរ ធ្វើឱ្យមនុស្សភាគច្រើនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងចង់ស្វែងរកចំណូលបន្ថែមតាមរយៈការងារក្រៅម៉ោង។ ខាងក្រោមនេះ គឺជាជំនាញកំពុងត្រូវប៉ាន់ទាំង១០ អាចឆ្លៀតពេលធ្វើតែលើអនឡាញ រកចំណូលបានរហូតដល់ ២៥០$ ក្នុង១ម៉ោង (សម្រាប់ក្រុមហ៊ុនអន្តរជាតិ) ដែលណែនាំដោយគេហទំព័រ CNBC៖
១/. SEO (Search Engine Optimization)៖ ជាការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក ជួយឱ្យគេមើលឃើញគេហទំព័រនៅលើអ៊ីនធឺណេត ដោយការប្រើប្រាស់ពាក្យគន្លឹះ ដែលទាក់ទងទៅនឹងអ្នកមើលរបស់ខ្លួន ឬបង្កើតតំណភ្ជាប់គួរឱ្យទុកចិត្តជាដើម។ អ្នកឯកទេស SEO អាចជួយអង្គភាពឬក្រុមហ៊ុន ទាញបានអតិថិជនគោលដៅជាច្រើន។
២/. Social media marketing៖ វេទិការផ្សព្វផ្សាយនៅលើ Instagram, TikTok, YouTube, Twitter (X) និង Facebook មានភាពចម្រុះខ្លាំងណាស់។ ដូច្នេះអ្នកជំនាញខាងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ដឹងពីរបៀបប្រើប្រាស់វេទិការសង្គមទាំងនេះ ដើម្បីទាញយកអតិថិជនឱ្យក្រុមហ៊ុនដែលគេកំពុងធ្វើការ។
៣/. Lead generation៖ អ្នកជំនាញប្រភេទនេះ អាចជួយក្រុមហ៊ុនក្នុងការស្វែងរកអតិថិជនគោលដៅ ពួកគេអាចស្វែងរកវិធីចូលទៅដល់អតិថិជន និងកំណត់អត្តសញ្ញាណមនុស្សដែលអាចក្លាយជាអតិថិជនសក្តានុពល ដោយការប្រើប្រាស់ ការបង្ហោះប្លក់ ព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងប័ណ្ណផ្សព្វផ្សាយជាដើម។
៤/. Sales and Business development៖ អ្នកជំនាញផ្នែកលក់ និងអភិវឌ្ឍន៍អាជីវកម្ម អាចកំណត់អត្តសញ្ញាណតម្រូវការរបស់អតិថិជន និងអាចណែនាំផលិតផលដែលពាក់ព័ន្ធដល់អតិថិជន ស្វែងរកឱកាសអាជីវកម្មថ្មី ព្រមទាំងការប្រមូលព័ត៌មានពីដៃគូប្រកួតប្រជែងថែមទៀតផង។
៥/. Telemarketing៖ អ្នកទីផ្សារទូរគមនាគមន៍អាចនិយាយជាមួយអតិថិជនដោយផ្ទាល់នៅលើទូរស័ព្ទ ឬតាមអ៊ីនធឺណេត ដើម្បីណែនាំគេឱ្យដឹងពីផលិតផលរបស់ក្រុមហ៊ុន។
៦/. Email Marketing៖ អ្នកជំនាញប្រភេទនេះ អាចប្រើប្រាស់ អ៊ីមែល ដើម្បីធ្វើទីផ្សារដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ និងដឹងពីវិធីទាក់ទាញពួកគេឱ្យទិញផលិតផលរបស់ក្រុមហ៊ុនខ្លួន។ ពួកគេអាចផ្ញើអ៊ីមែលអំពីការលក់ ផលិតផលថ្មីៗ ព្រឹត្តិការណ៍ទីផ្សារដែលក្រុមហ៊ុនកំពុងរៀបចំជាដើម។
៧/. Marketing automation៖ អ្នកជំនាញប្រភេទនេះ អាចប្រើប្រាស់កម្មវិធីផ្សេងៗ ដើម្បីធ្វើស្វ័យប្រវត្តិកម្មមួយចំនួនដូចជា ការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ទីផ្សារអ៊ីមែល និងសូម្បីតែផ្ញើសារទៅកាន់អតិថិជន។ អ្នកជំនាញទាំងនេះ អាចជួយរៀបចំដំណើរការការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ហើយមានភាពបត់បែនជានិច្ច ដើម្បីទាញអតិថិជនឱ្យក្រុមហ៊ុនរបស់ពួកគេ។
៨/. Design៖ ត្រូវការជំនាញដូចជា UX Design, Website Design, Photoshop, Illustrator។ ប្រាក់ចំណូលចន្លោះ ៧៥,៧៨៩ដុល្លារ ដល់ ២៦៣,៥៧១ដុល្លារ ក្នុងមួយឆ្នាំ។
៩/. Game Development៖ ត្រូវការជំនាញដូចជា Game Design, Unity 3D, Animation។ ប្រាក់ចំណូលចន្លោះ ៥៦,៤៩៣ដុល្លារ ដល់ ២៥៨,៥០១ដុល្លារ ក្នុងមួយឆ្នាំ។
១០/. Coding៖ ត្រូវការជំនាញដូចជា Java, HTML, CSS, PHP, Backend Development។ ប្រាក់ចំណូលចន្លោះ ១០១,២៥០ដុល្លារ ដល់ ២១៩,១០៨ដុល្លារ ក្នុងមួយឆ្នាំ។
ក្នុងនោះមានមានវេបសាយមួយចំនួនដែលអ្នកអាចស្វែងរកការងារធ្វើពីចម្ងាយលើអនឡាញបានដូចជាវេបសាយ FlexJobs, VIP Kids, We Work Remotely, Scribie, Remote Ok និង Working Nomads ជាដើម។
លោក Sebastián Siseles អនុប្រធានគ្រប់គ្រងជាន់ខ្ពស់នៅ Freelancer.com បានប្រាប់ CNBC Make It យ៉ាងដូច្នេះថា៖ «ទីផ្សារការងារក្រៅម៉ោងលើអនឡាញសម្រាប់ជំនាញផ្នែកបច្ចេកវិទ្យាឯករាជ្យ បានផ្ទុះឡើងខ្លាំងក្នុងរយៈពេល១២ខែចុងក្រោយនេះ បើទោះបីក្រុមហ៊ុនធំៗក្នុងវិស័យបច្ចេកវិទ្យាហាក់ធ្លាក់ចុះនិងកំពុងកាត់បន្ថយបុគ្គលិករបស់ខ្លួនក៏ដោយ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook