មនុស្សតែងប្រឹងប្រែងធ្វើការដើម្បីលុយមានទ្រព្យសល់ជាប់ខ្លួន រំពឹងក្រែងចាស់ទៅរស់ស្រួលមានសេរីភាពលុយកាក់។ ផ្ទុយមកវិញក្នុងសង្គមសព្វថ្ងៃយើងសង្កេតឃើញថាមនុស្សចូលចិត្តចំអន់គ្នាលេងផង ចំអន់ខ្លួនឯងមែនផង អំពីរឿងមានលុយចាយមិនដែលសល់ លុយនិងមនុស្សដូចទឹកនិងប្រេង ហើយបើយ៉ាងៗហ្នឹងចង់សល់លុយ មានសេរីភាពលុយកាក់ រស់ស្រួលពេលចាស់ទៅបានយ៉ាងម៉េច?
ហេតុដូចនេះបានជាការតាមដានចំណូលចំណាយ ការសន្សំ ការវិនិយោគគឺជារឿងចាំបាច់សម្រាប់មនុស្សម្នាក់ៗ ហើយការត្រួតពិនិត្យទាំងនេះក៏អាចបង្ហាញយើងអំពីកម្រិតនៃសេរីកាពហិរញ្ញាវត្ថុរបស់យើងផងដែរ។ ក្នុងនោះដែរបើតាមអ្នកនិពន្ធល្បីឈ្មោះលោក Tonny Robbins បានឱ្យដឹងថាមនុស្ស មានសុវត្ថិភាពលុយកាក់ចំនួន៥កម្រិត ដែលអាចបង្ហាញសេរីភាពនៃការចាយវាយរបស់ពួកគេបាន៖
កម្រិតF1.តំបន់សុវត្ថិភាព៖
នេះគឺជាកម្រិតមូលដ្ឋាននៃសេរីភាពហិរញ្ញវត្ថុ ដែលអ្នកអាចមានលុយគ្រប់គ្រាន់ដើម្បីរ៉ាប់រងលើការចំណាយលើការរស់នៅជាប្រចាំថ្ងៃ ដូចជាលំនៅដ្ឋាន អាហារ និងមធ្យោបាយធ្វើដំណើរជាដើម និងត្បិតត្បៀតបន្តិចទៅលើចំណង់របស់ខ្លួន។
កម្រិតF2.តំបន់រឹងមាំ៖
កម្រិតទី២នេះគឺអ្នកអាចមានលុយលើសពីការចំណាយសម្រាប់ការរស់នៅកំប៉ិកកំប៉ុកប្រចាំថ្ងៃ ពោលគឺមានសមត្ថភាពមានលុយចំណាយលើការសងបំណុល ការសម្រាកដើរលេងកម្សាន្ត អាចទិញទំនិញដែលខ្លួនស្រឡាញ់ក្នុងកម្រិតតិចល្មម និងទទួលទាននៅហាងអាហារដែលមានតម្លៃសមរម្យ។
កម្រិតF3. តំបន់ឯករាជ្យ៖
សម្រាប់មួយនេះវិញគឺ អ្នកអាចរស់ដោយពឹងលើចំណូលអកម្មមួយចំនួន ហើយអ្នកនឹងមិនចាំបាច់ធ្វើការជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិតទៀតទេ។ ក្នុងកម្រិតនេះអ្នកមានលុយគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងជីវិតរបស់អ្នក ហើយមានសេរីភាពលើការចំណាយផ្សេងៗដែលកើតពីចំណង់ច្រើនជាងតម្រូវការចាំបាច់ ដោយមិនដេកភ័យព្រួយរឿងចាយលុយសល់ថ្ងៃ ឬពឹងពាក់នរណានោះម្នាក់ដែរ។
កម្រិត F4. តំបន់សេរីភាព៖
នៅក្នុងកម្រិតនេះអ្នកនឹងមានលុយគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលអ្នកចង់ធ្វើភ្លាមៗ នៅពេលណាដែលអ្នកចង់ធ្វើអ្វីមួយ ហើយនៅក្នុងកម្រិតនេះដែរអ្នកមានសមត្ថភាពក្នុងការកំណត់នូវសមិទ្ធិផលធំៗ ដូចជាមានលុយសន្សំច្រើន វិនិយោគអចលនទ្រព្យ វិនិយោគខ្នាតមធ្យម ឬការប្រកបអាជីវកម្មណាមួយ។
កម្រិតF5. តំបន់សេរីភាពពេញទំហឹង
កម្រិតនៃសេរីភាពហិរញ្ញវត្ថុពេញទំហឹងនេះគឺហួសពីលទ្ធភាពរបស់មនុស្សភាគច្រើន។ អ្នកដែលនៅក្នុងកម្រិតនេះមិនត្រឹមតែរស់នៅសុខស្រួល វិនិយោគក្នុងកម្រិតខ្ពស់ឬជោគជ័យក្នុងជំនួញប៉ុណ្ណោះទេ ថែមទាំងអាចបរិច្ចាគ ដល់អង្គការសប្បុរសធម៌ ឬបណ្តាក់ទុនផ្សេងៗនិងសេរីភាពក្នុងការរស់នៅហើយទោះជាយ៉ាងណាក៏នៅតែមានភាពនឹងនរផ្នែកលុយកាក់ដែរ ពោលអាចជាមនុស្សដែលនៅក្នុងកម្រិតវិនិយោគិន អ្នកមានឋានៈឬមហាសេដ្ឋី។
យ៉ាងណាមិញខាងលើនេះគ្រាន់តែជាកម្រិតហិរញ្ញវត្ថុទាំង៥ ដែលលោក Tony Robbins ជឿជាក់ថាមនុស្សគ្រប់រូបសុទ្ធតែមានសក្តានុពលក្នុងការសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុទាំងនេះ។ ដោយគាត់បានលើកទឹកចិត្តមនុស្សឱ្យកំណត់គោលដៅហិរញ្ញវត្ថុ បង្កើតផែនការ សកម្មភាព ដើម្បីសម្រេចបានក្នុងកម្រិតនីមួយៗ ដោយពឹងផ្អែកលើផ្នត់គំនិតជឿជាក់ ប្រឹងប្រែង និងរៀនអំពីលុយ ធ្វើការដើម្បីរកលុយបម្រើឱ្យជីវិត មិនមែនយកជីវិតទៅបម្រើឱ្យលុយនោះឡើយ។ ចុះបងប្អូនទាំងអស់គ្នានៅកម្រិតមួយណា? និងមានគោលដៅដើរឱ្យដល់កម្រិតមួយណាដែរ?
គួរជម្រាបផងដែរថាលោក Tony Robbins គឺជាសហគ្រិន ជាអ្នកនិពន្ធ និងជាជំនាញប្រឹក្សារឿងលុយកាក់ឱ្យអ្នកមានស្តុកស្តម្ភ តារាភាពយន្យបុគ្គលល្បីៗជាច្រើនក្នុងពិភពលោក ហើយអ្នកនិពន្ធរូបនេះគឺជាម្ចាស់សៀវភៅដល់មានល្បីបំផុតរបស់សហរដ្ឋអាមេរិកគឺ MONEY Master the Game លក់ដាច់រាប់លានក្បាល ជួយមនុស្សឱ្យប្រើលុយបានត្រឹមត្រូវនិងមានសេរីភាពលុយកាក់ច្រើនហូរហែ៕
អត្ថបទដោយ៖ ពីង ជូអេង