អនាគតដើម្បីសមុទ្រកម្ពុជាគ្មានសំរាម ក្រោយក្រុមហ៊ុនមួយរបស់អ៊ីស្រាអែល ឈ្មោះ TONTOTON បានចូលមកបង្កើតរោងចក្រមួយកន្លែងនៅក្នុងខេត្តព្រះសីហនុដើម្បីប្រមូលសំរាមតាមឆ្នេរ យកមកច្នៃធ្វើជាគ្រឿងសង្ហារឹមដើម្បីប្រើប្រាស់ឡើងវិញ។
ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅតាមការឱ្យដឹងរបស់ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនថុនធូថុន(Tontoton) គឺជាគម្រោងឯកជនមួយផ្តោតទៅលើការប្រមូលសំណល់ប្លាស្ទិចក្នុងសមុទ្រ។ហើយបច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងជួយប្រមូលសំអាតប្លាស្ទិចទាំងមានតម្លៃ និងគ្មានតម្លៃពីសមុទ្រ ក៏ដូចជានៅក្នុងសហគមន៍កម្ពុជាដើម្បីយកមកកែច្នៃប្រើប្រាស់ឡើងវិញ។
លោកបានបន្តថា ជាមធ្យមក្នុងមួយខែក្រុមហ៊ុនខាងលើនេះអាចជួយប្រមូលសំណល់ប្លាស្ទិចគ្រប់ប្រភេទសរុបប្រមាណ២០០ តោនជារៀងរាល់ខែ ហើយសម្រាប់សំណល់ប្លាស្ទិចដែលគ្មានតំលៃក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាកិន រំលាយដើម្បីផលិតជាក្តារបន្ទះហើយអាចយកទៅធ្វើជាគ្រឿងសង្ហារឹមទៀតផង។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tontoton នេះត្រូវបានបង្កើតឡើងដោយជនជាតិអ៊ីស្រាអែលឈ្មោះ Barak Ekshtein គោលបំណងធំនៃការបង្កើតក្រុមហ៊ុននេះឡើងគឺដើម្បីចូលរួមចំណែកការកាត់បន្ថយសំរាមចូលទៅក្នុងផ្ទៃសមុទ្រតាមរយៈការប្រមូលសំរាមយកមកកែច្នៃទៅជាសម្ភារប្រើប្រាស់ឡើងវិញ។ក្រុមហ៊ុននេះចាប់ផ្តើមប្រតិបត្តិការដំបូងនៅប្រទេសវៀតណាម ហើយបានផ្លាស់មកប្រទេសកម្ពុជានៅឆ្នាំ ២០២១ នៅ ភូមិចំនួន 3 ក្នុងខេត្តព្រះសីហនុ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង


