មែនទែនទៅ រាល់ប្រតិបត្តិការទិញលក់ទាំងអស់ អ្នកទិញត្រូវតែផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពីម្ចាស់មុនឲ្យបានត្រឹមត្រូវ ដើម្បីធានាថាពួកគេមានសិទ្ធិពេញលេញជាម្ចាស់ស្របច្បាប់លើអចលនទ្រព្យនោះ។ ប៉ុន្តែការរត់ប្លង់មិនមែនចេះតែរត់មួយថ្ងៃបានទេ គឺត្រូវការប្រើរយៈពេលច្រើនថ្ងៃដូច្នេះហើយទើបម្ចាស់អចលនទ្រព្យធុញទ្រាន់នឹងរឿននេះដោយសារមិនដឹងថាតើត្រូវប្រើរយៈពេលប៉ុន្មានថ្ងៃទើបរត់ប្លង់ផ្ទេរកម្មសិទ្ធលក់ផ្ដាច់បាន? ហើយត្រូវអស់លុយប៉ុន្មាន?
យ៉ាងណាទាក់ទងនឹងចម្លងខាងលើនេះក្នុងនោះដែរអ្នកជំនាញអចលនទ្រព្យ លោក គង់ គីមសេង ដែលជា នាយកផ្នែកលក់ និងទីផ្សារ ប្រចាំក្រុមហ៊ុន Making Property Easy Co., Ltd បានប្រាប់ពីរយៈពេលក៏ដូចជាតម្លៃនៃការរត់ប្លង់រឹងផ្ទេរកម្មសិទ្ធលក់ផ្ដាច់នៅក្នុងឆ្នាំ២០២៣នេះផងដែរ។
ថ្លែងប្រាប់ Business Cambodia លោក គង់ គីមសេង បានលើកឡើងយ៉ាងដូច្នេះថា "ចំពោះពេលវេលាដែលរត់ប្លង់គឺប្រើរយៈពេល១៥ ថ្ងៃគិតតែថ្ងៃធ្វើការប៉ុណ្ណោះ ហើយចំពោះតម្លៃគឺ 600,000៛ មិនរាប់បញ្ជូល៖
» ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធ ៤%
» ពន្ធប្រចាំឆ្នាំ (ប្រសិនបើមាន)
» ពន្ធដីធ្លីមិនប្រើប្រាស់ (ប្រសិនបើមាន)។
ក្នុងនោះដែលលោកក៏បានបន្តថា “ការរត់ប្លង់ដោយខ្លួនឯងគឺមានភាពស្មុកស្មាយច្រើន ព្រោះមិនមែនរត់តែមួយកន្លែងនៅទេគឺត្រូវទៅច្រើនកន្លែងដោយមានរហូត៧ដំណាក់កាល ដែលធ្វើឱ្យម្ចាស់អចលនទ្រព្យអាចនឹងខាងពេលវេលា”។ លោកក៏បានបន្ថែមថា ដើម្បីកុំឱ្យខាតពេលវេលារបស់បងប្អូនៗ គួរតែពឹងភ្នាក់ងារអចលនទ្រព្យណាមួយដែលទុកចិត្តបានដើម្បីឱ្យគេជួយរត់ការឱ្យ។
លោក គង់ គីមសេង បានបញ្ជាក់ថា ចំពោះ៧ ដំណាក់កាលនោះរួមមាន៖
១. ច្រកចេញចូលតែមួយ
២. ភូមិបាល ក្រុង ឬ ស្រុក
៣. ភូមិ ឃុំ រួចមក ភូមិបាល
៤. មន្ទីសូរិយោដី
៥. ពន្ធដារ
៦. មន្ទីសូរិយោដី
៧. ច្រកចេញចូលតែមួយ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត